សេដ្ឋកិច្ចសិង្ហបុរីជាកូននាគ១នៅទ្វីបអាស៊ី តើផ្សារមូលបត្រនៅប្រទេសនេះមានការវិវត្តដូចម្ដេចវិញ?
សិង្ហបុរីត្រូវបានគេទទួលស្គាល់ថាជាប្រទេសមួយដែលមានប្រាក់ចំណូលសេដ្ឋកិច្ចខ្ពស់ជាងគេ បើធៀបទៅនឹងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបើនិយាយពីក្របខណ្ឌអាស៊ី សិង្ហបុរី ស្ថិតនៅក្នុងកូននាគទាំង ៤របស់អាស៊ី។ ប្រទេសដែនកោះមួយនេះបានកំណត់បទបញ្ញត្ដិជំនួញមួយដែលល្អ និងងាយស្រួលសម្រាប់សហគ្រិនក្នុងស្រុក និងមកពីខាងក្រៅស្រុកដែលប្រកបអាជីវិកម្មនៅប្រទេសសិង្ហបុរី។ គេចាត់ទុកថា ប្រទេសសិង្ហបុរីជាប្រទេសមួយដែលមានការប្រកួតប្រជែងខាងផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាបំផុតក្នុងលោក។
បើនិយាយពីផ្សារមូលបត្រវិញសិង្ហបុរី ជាផ្សារមូលបត្រមួយដែលមានហេដ្ឋារចនាសម្ព័ន្ធឈានមុខគេ និងផ្ដល់ទំនុកចិត្តខ្ពស់ដល់វិនិយោគិន។ វិស័យហិរញ្ញវត្ថុវិញ ធនាគារធំៗក្នុងលោកសុទ្ធតែមានវត្តមាននៅក្នុងប្រទេសដែនកោះមួយនេះ។ បើនិយាយអំពីវត្តមានក្រុមហ៊ុនធំៗ ក៏គេសង្កេតឃើញមានមិនលុះឡើយ។
ផ្សារមូលបត្រសិង្ហបុរី Stock Exchange of Singapore ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៣ នៅក្នុងប្រទេសសិង្ហបុរី។ ការបង្កើតផ្សារមូលបត្រនេះឡើង គឺបន្ទាប់ប្រទេសដែនកោះមួយនេះបានកាត់ផ្ដាច់ការប្រើប្រាស់រូបិយប័ណ្ណរួម ហើយផ្សារហ៊ុនក៏បានបំបែកចេញជាពីរដូចគ្នា។
ផ្សារហ៊ុនសិង្ហបុរីត្រូវបានផ្លាស់ប្ដូរមកជា Singapore Exchange (SGX) នៅឆ្នាំ១៩៩៩ ដែលជាការច្របាច់បញ្ចូលគ្នារវាង Stock Exchange of Singapore និង Singapore International Monetary Exchange។
បើតាមទិន្នន័យដែលបានចេញផ្សាយកាលពី ខែ មករា ទី ៣១ ឆ្នាំ២០១០ មានក្រុមហ៊ុនចំនួន ៧៧៤ ក្រុមហ៊ុនដែលបានចុះបញ្ជី។ ចំពោះទីផ្សារមូលធនវិញ មានចំនួន ៧១២,៩៩ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ ២០១៨នេះ ហើយបើតាមរបាយការណ៍ចុងក្រោយនេះ មានក្រុមហ៊ុនប្រមាណ ៧៧៦ក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងនោះក៏មានក្រុមហ៊ុនក្រៅប្រទេសជាច្រើនផងដែរ។
ផ្សារមូលបត្រសិង្ហបុរីផ្ដល់នូវសេវាកម្មក្នុងវិស័យមូលបត្រច្រើនបែបដែលទាក់ទងទៅនឹងមូលបត្រ ឧបករណ៍និទស្សន៍ និង ប្រភេទមូលបត្រផ្សេងៗទៀតនៅក្នុងផ្សារហ៊ុន។ ផ្សារមូលបត្រសិង្ហបុរី គឺជាសមាជិកនៃសហព័ន្ធផ្សារភាគហ៊ុនពិភពលោក ហើយក៏ជាសមាជិកសហព័ន្ធផ្សារហ៊ុនអាស៊ី និង អូសេអានីផងដែរ៕
ដោយ៖ គឹម ច័ន្ទលាភ
ប្រភព៖ ផ្សារមូលបត្រសិង្ហបុរី