តើអ្នកឆ្លើយបែបណា បើអ្នកសម្ភាសន៍សួរថា "ចូររៀបរាប់ពីខ្លួនអ្នក”
សំនួរមួយដែលគេសង្កេតឃើញថា ត្រូវបានសួរញឹកញាប់ និងជាសំនួរដំបូងសម្រាប់អ្នកដែលត្រូវបានគេហៅទៅសម្ភាសន៍ការងារគឺ "ចូររៀបរាប់ពីខ្លួនអ្នក ឬ Tell me about yourself”។ ក៏ប៉ុន្តែសំនួរនេះបានធ្វើឲ្យបេក្ខជនសម្ភាសន៍ការងារខ្លះបានយល់ច្រឡំទៅវិញដោយគិតថា ជាសំនួរមួយដែលគេសួរចង់ដឹងជីវប្រវត្តិរបស់ខ្លួន។ ខាងក្រោមនេះនឹងជួយឆ្លើយប្រិយមិត្តពីរបៀបគួរឆ្លើយយ៉ាងដូចម្តេចនៅពេលត្រូវបានអ្នកសម្ភាសន៍ការងារ៖
១.ត្រូវចាំថា អ្នកត្រូវឆ្លើយប្រាប់ប្រវត្តិរបស់អ្នកទាក់ទងនឹងការងារ នៅពេលអ្នកសម្ភាសន៍សួរអ្នកថា "ចូលរៀបរាប់ពីខ្លួនអ្នក ឬ Tell Me About Yourself” សូមកុំយល់ច្រឡំឆ្លើយរៀបរាប់បែកអូរហូរជាស្ទឹងទាក់ទងទៅនឹងជីវិតឯកជនរបស់អ្នកទាំងស្រុងទាំងពីតូចរហូតមកដល់ពេលនេះនោះឡើយ។ អ្នកសម្ភាសន៍មិនចង់ស្តាប់ចម្លើយនេះទេ។ ផ្ទុយទៅវិញ អ្វីដែលពួកគេចង់ដឹងគឺ ផ្នែកមួយទាក់ទងទៅនឹងប្រវត្តិការងាររបស់អ្នកនៅពេលកន្លងមកថា តើអ្នកបានធ្វើវាល្អកម្រិតណា? ទទួលបានជោគជ័យអ្វី ខ្លះទាក់ទងនឹងការងារអ្នកកំពុងដាក់? អ្នកបានធ្វើអ្វីពិសេសទាក់ទងនឹងការងារនេះ?
ឧទាហរណ៍ថា អ្នកដាក់ការងារខាងផ្នែកលក់។ អ្នកគួរឆ្លើយប្រាប់អ្នកសម្ភាសន៍ពីប្រវត្តិនៃការលក់ពីដំណាក់កាលក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀត ឬរៀបរាប់ពីភាពជោគជ័យនៃការលក់ជាដើម។
២.កុំខ្លាចក្នុងការបង្ហាញទៅអ្នកសម្ភាសន៍ថា អ្នកជានរណា ទាក់ទងទៅនឹងសំនួរនេះ អ្នកត្រូវដឹងថា អ្នកសម្ភាសន៍ក៏ចង់ដឹងខ្លាំងណាស់ដែរថា តើអ្នកពិតជាមានសមត្ថភាពខ្លាំងស័ក្តិសមទៅនឹងមុខតំណែងនេះឬអត់?
ឧទាហរណ៍ថា អ្នកដាក់សម្ភាសន៍ការងារផ្នែកអ្នករត់តុ អ្នកអាចនិយាយរៀបរាប់ពីចំណង់ចំណូលចិត្តរបស់អ្នកក្នុងការងារនេះ ឬហេតុផលដែលធ្វើឲ្យអ្នកចូលប្រឡូកក្នុងការងារនេះតាំងពីតូចមក ដើម្បីបញ្ជាក់ទៅកាន់អ្នកសម្ភាសន៍ថា អ្នកពិតជាមានបទពិសោធន៍ដូចអ្វីដែលអ្នកបានរៀបរាប់នៅក្នុង CV របស់អ្នក៕
សូមអាន៖ តើកាលៈទេសៈបែបណា ដែលអ្នកគួរតែបដិសេធទទួលយកការងារ ទោះសម្ភាសន៍ជាប់ក៏ដោយ?
ប្រភព៖ cnbc