តោះថ្ងៃ​នេះ​នាំ​គ្នា​មក​ស្វែង​យល់​ ផ្សារមូលបត្រ​ប្រទេស​ឡាវ​ម្ដង! មាន​អ្វីពិសេស?​



​មនុស្សមួយចំនួនតែងគិតថា ប្រទេសឡាវជាប្រទេសមួយដែលក្រីក្របំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុន្ដែបច្ចុប្បន្នវាមិនមែនជាអ្វីដែលអ្នកគិតនោះទេ។ ប្រទេសឡាវ មានសេដ្ឋកិច្ចលូតលាស់លឿនបំផុតមួយនៅលើពិភពលោកដែលមានកំណើនជាមធ្យម ៨% ក្នុងមួយឆ្នាំ​បើ​គិត​ទៅ​លើ​កំណើនផលិតផលក្នុងស្រុកសរុប។ ភាពរីកចម្រើនគួរឲ្យកត់សម្គាល់ដែលជាហេតុផលទាក់ទាញវិនិយោគិនបរទេសមកវិិនិយោគប្រទេសមួយបន្ថែមមួយកម្រិតទៀត។ ដោយ​ឡែក បើ​និយាយ​ពី​​ប្រាក់​ចំណូល​ក្នុង​មនុស្ស​ម្នាក់ ប្រជាជន​ឡាវ​បច្ចុប្បន្ន​ខ្ពស់​ជាង​ប្រជាជន​វៀតណាម ភូមា និង​កម្ពុជា​ទៀត​ផង។ ចំពោះវិស័យមូលបត្រវិញឡាវបង្កើតឡើងមុនកម្ពុជាតែពីរឆ្នាំប៉ុណ្ណោះ​ ហើយក៌មានភាគហ៊ុន​វិនិយោគ​ពី​ក្រុមហ៊ុនកូរ៉េ ៤៩% ​ប្រហាក់​ប្រហែល​នឹង​ការ​បង្កើត​ឡើង​នៃ​ផ្សារមូលបត្រ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១២ ដែរ។  ផ្សារមូលបត្រឡាវបង្កើតឡើងក្នុង២០១០ នៅទីក្រុងវៀងចន្ទ​ ប្រទេសឡាវ​។​ ​ផ្សារមូលបត្រឡាវ​ មានភាគហ៊ុនរបស់ក្រុមហ៊ុនកូរ៉េចំនួន ៤៩% និងក្រុមហ៊ុនឡាវចំនួន ៥១%។ ផ្សារមូលបត្រឡាវ​ ជាទីផ្សារមូលធនដំបូងគេនៅក្នុងប្រទេសឡាវដែលជាកន្លែង​គៀងគរ​​ដើមទុនដ៏ធំ​សម្រាប់អភិវឌ្ឍប្រទេសនិងបង្កើនទុន ដល់ក្រុមហ៊ុនចុះបញ្ជី​នៅ​លើ​ផ្សារមូលបត្រឡាវ។ ​មិន​ខុស​ពីមុខងារ​នៃ​ផ្សារមូលបត្រ​ប្រទេស​ដទៃ​ទេ ទីផ្សារ​មូលបត្រ​ឡាវ ជាកន្លែងចាំបាច់ក្នុងការបង្កើតទីផ្សារមូលធនដើម្បី​​ស្វែង​រក​ដើមទុនផ្តល់ឱ្យក្រុមហ៊ុនចុះបញ្ជីដែលត្រូវការសម្រាប់ការអភិវឌ្ឍ​ ពង្រីកការផលិត និង សេវាកម្មរបស់ពួកគេប្រកបដោយចីរភាព។ បច្ចុប្បន្នក្រុមហ៊ុនដែលចុះបញ្ជីជាមួយផ្សារមូលបត្រឡាវមានចំនួន ៧ ​បើតាមការចេញផ្សាយរបស់ក្រុមហ៊ុនផ្សារមូលបត្រឡាវកាលពីថ្ងៃ ២​ មីនា ឆ្នាំ ២០១៨។ ចំពោះទីផ្សារមូលធន (Market Cap) មានទឹកប្រាក់ចំនួនប្រមាណ ១,៣៣​ពាន់​លាន​ដុល្លារ​ តាមការចេញផ្សារមូលបត្រឡាវកាលពីចុងឆ្នាំ​ ២០១៧។ ចំពោះ​របៀប​នៃ​ការ​ វិនិយោគទៅលើវិស័យមូលបត្រវិញ ក៏មិនខុសពីផ្សារមូលបត្រកម្ពុជាយើងប៉ុន្មានដែរប៉ុន្តែ​មាន​លក្ខណៈ​ ខុសគ្នា​បន្តិច​បន្តួច​ត្រង់ម៉ោងជួញដូរ​ប៉ុណ្ណោះ។ ម៉ោងជួញដូរនៅផ្សារមូលបត្រឡាវ​ ចាប់ពីម៉ោង 8:30​ព្រឹក​-11:30​ព្រឹក។ ដោយ៖ ច័ន្ទលាភ ប្រពភ៖ ផ្សារមូលបត្រឡាវ  
X
5s