សម្រង់សម្ដីល្អៗទាំង ១០ឃ្លារបស់លោក រ៉ូបឺត គីយូសាគី
លោក រ៉ូបឺត គីយូសាគី គឺជាជនជាតិអាមេរិកកាត់ជប៉ុន ហើយគាត់គឺជាមហាសេដ្ឋីផ្នែកហិរញ្ញវត្ថុដ៏ល្បីល្បាញម្នាក់លើពិភពលោក។ លោកគឺជាអ្នកអ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញគឺ ឪពុកអ្នកមាន ឪពុកអ្នកក្រ ដែលលក់ដាច់បំផុត។ ខាងក្រោមនេះគឺជាសម្រង់សម្ដីល្អៗទាំង ១០ឃ្លា របស់លោករ៉ូបឺត គីយូសាគី៖
១) «ក្នុងពិភពលោកពិត អ្នកដែលឆ្លាតបំផុតគឺមនុស្សដែលបង្កើតកំហុសហើយចេះរៀនសូត្រពីកំហុស។ ក្នុងសាលា មនុស្សដែលឆ្លាតបំផុតគឺមនុស្សដែលមិនហ៊ានបង្កើតកំហុសនោះឡើយ។»
២) «មិនមែនអ្វីដែលអ្នកនិយាយចេញពីក្រអូមមាត់របស់អ្នកដែលកំណត់ជីវិតរបស់អ្នក ប៉ុន្តែវាជាអ្វីដែលអ្នកខ្សឹបដាក់ខ្លួនអ្នកនោះទេដែលមានអំណាចបំផុត។»
៣) «មនុស្សដែលជោគជ័យបំផុតគឺមនុស្សដែលពូកែសួរសំណួរ។ ពួកគេទាំងនោះតែងតែរៀនសូត្រ តែងតែរីកចម្រើន និងតែងតែខ្លាំងក្លាទៅមុខ។»
៤) «កុំញៀននឹងលុយ។ ធ្វើការដើម្បីរៀនសូត្រ កុំធ្វើការដើម្បីលុយ ចូរធ្វើការដើម្បីចំណេះដឹង។»
៥) «ការភ័យខ្លាចនៃភាពមិនចង់ខុសពីគេឃុំឃាំងអ្នកមិនឲ្យរកឃើញវិធីសាស្ត្រថ្មីៗដើម្បីដោះស្រាយបញ្ហា។»
៦) «អ្នកឈ្នះមិនដែលខ្លាចចាញ់នោះទេ មានតែអ្នកចាញ់ប៉ុណ្ណោះដែលខ្លាចចាញ់។ ការបរាជ័យគឺជាផ្នែកមួយនៃដំណើររាប់ពាន់យោជទៅឆ្ពោះទៅកាន់ភាពជោគជ័យ។ មនុស្សដែលមិនចង់បរាជ័យ មិនសមនឹងទទួលជោគជ័យនោះឡើយ។»
៧) «ប្រសិនបើអ្នកកំពុងតែធ្វើតាមអ្វីដែលឪពុកម្ដាយរបស់អ្នកចង់ឲ្យធ្វើដូចទៅ ទៅសាលា ធ្វើការ និងសន្សំលុយ នោះអ្នកកំពុងតែបរាជ័យហើយ។»
៨) «ពាក្យមួយម៉ាត់ដែលបំផ្លាញជីវិតរបស់អ្នកគឺពាក្យ ចាំស្អែក។»
៩) «គម្រោងគឺប្រៀបដូចជាស្ពានឆ្ពោះទៅកាន់ក្ដីសុបិនរបស់អ្នក ហើយអ្វីដែលអ្នកត្រូវធ្វើនោះគឺធ្វើឲ្យផែនការឬស្ពានរបស់អ្នកក្លាយជាការពិត នោះក្ដីសុបិនរបស់អ្នកនឹងក្លាយជាការពិតមិនខាន។ ប្រសិនបើអ្នករវល់តែឈរម្ខាងច្រាំងទន្លេហើយសុបិនចង់ឆ្លងទៅត្រើយម្ខាងទៀត នោះសុបិនរបស់អ្នកនឹងក្លាយត្រឹមតែជាក្ដីសុបិនជារហូត។»
១០) «ភាពខុសគ្នាតែមួយគត់រវាងមនុស្សជោគជ័យនឹងមនុស្សបរាជ័យនោះគឺ របៀបប្រើប្រាស់ពេលវេលារបស់ពួកគេ។»
ដោយ៖ លង់ វណ្ណៈ