ចំណុច៤យ៉ាងសំខាន់ៗ បញ្ជាក់ថា អ្នកកំពុងមានការងារដ៏អស្ចារ្យកម្ររកបាន!
បុគ្គលិកជាច្រើនតែងតែផ្លាស់ប្ដូរកន្លែងការងារមួយ ទៅមួយទៀត ដោយផ្អែកលើហេតុផលផ្សេងៗគ្នា ហើយការផ្លាស់ប្ដូរញឹកញាប់ពេក វាមិនមែនជារឿងមិនល្អនោះឡើយ។ ដូច្នេះហើយប្រសិនបើ អ្នកមើលឃើញថា ខ្លួនកំពុងតែដើរផ្លូវត្រូវលើវិថីការងារហើយ សូមកុំផ្លាស់ប្តូរងាយៗឲ្យសោះ ពោលគឺចាំរហូតខ្លួនមានបទពិសោធន៍ និង សមត្ថភាពក្រាស់ក្រែលហើយសឹមចាក់ចេញ។ខាងក្រោមនេះ ជាចំណុច៤យ៉ាងសំខាន់ៗ បញ្ជាក់ថា អ្នកកំពុងស្ថិតក្នុងផ្លូវត្រូវនៃវិថីការងារ៖
១) ការងារនោះធ្វើឲ្យអ្នកពេញចិត្ត ទោះលំបាកបន្តិចក្តី៖ ជាធម្មតាទេ ការងារតែងតែមានចំណុចលំបាកផ្សេងៗគ្នា ប៉ុន្តែអ្វីដែលសំខាន់នោះ ថាតើវាជាការងារដែលអ្នកពេញចិត្តឬទេ។ បើវាមិនមានចំណុចណាមួយដែល ទាក់ចិត្តអ្នក នោះមិនយូរមិនឆាប់វានឹងផ្ដល់អារម្មណ៍ធុញទ្រាន់ខ្លាំង ប៉ុន្តែប្រសិនបើវាជាអ្វីដែលអ្នកពេញចិត្តនោះ ទោបីជាលំបាកក្ដី វានៅតែអាចធ្វើឲ្យអ្នកញញឹម និង តស៊ូទៅមុខបាន។
២) ការងារដែលអាចបញ្ចេញសក្ដានុពលអស់ពីខ្លួន៖ មនុស្សមួយចំនួន កំពុងធ្វើការងារដែល មិនអាចរុញច្រានឲ្យខ្លួនគេបញ្ចេញអស់សក្ដានុពលពីក្នុងខ្លួននោះទេ ឬ អាចនិយាយបានថា វាជាការងារដែលផ្ទុយពីជំនាញ ឬ សមត្ថភាពរបស់ខ្លួន។ ប៉ុន្តែបើ អ្នកកំពុងធ្វើការនៅកន្លែងមួយដែល អាចបណ្ដុះនូវសមត្ថភាព និង ជំនាញសំខាន់ៗសម្រាប់អនាគត ទោះបីជាវាជាការងារនៅក្នុងក្រុមហ៊ុនតូច ឬ ប្រាក់ខែតិចក៏ដោយ តែវានៅតែវាសញ្ញាវិជ្ជមានមួយសម្រាប់ពេលខាងមុខ។
៣) ធ្វើការជាមួយថ្នាក់ដឹកនាំឆ្នើម៖ នៅក្នុងក្រុមហ៊ុននីមួយៗ ថ្នាក់ដឹកនាំគឺពិតជាសំខាន់ខ្លាំងណាស់ ព្រោះពួកគេជាអ្នករៀបចំកិច្ចការ និង ប្រព័ន្ធការងារទាំងមូលនៅក្នុងក្រុមហ៊ុន ដូច្នេះហើយប្រសិនថ្នាក់ដឹកនាំទាំងនោះជាមនុស្ស ដែលមានសមត្ថភាព និង មានភាពជាគំរូល្អផងនោះ អ្វីៗនៅក្នុងក្រុមហ៊ុនក៏ដំណើរការល្អដែរ។ ដូច្នេះហើយ បើអ្នកកំពុងធ្វើការនៅកន្លែងណាមួយ ដែលមានអ្នកដឹកនាំឆ្នើមបែបនោះ ត្រូវតែខិតខំរៀនសូត្រពីពួកគាត់ឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន។
៤) ក្រុមហ៊ុនផ្ដល់ឱកាសពេញលេញសម្រាប់អ្នកមានសមត្ថភាព៖ ក្នុងស្ថានភាពជាក់ស្ដែង ថ្វីត្បិតតែក្រុមហ៊ុនត្រូវការបុគ្គលិកដែលមានសមត្ថភាពខ្លាំង ដើម្បីបម្រើការងារមែន ប៉ុន្តែនៅតែមានការនិយមបក្សពួក ជាហេតុនាំឲ្យអ្នកដែលមានសមត្ថភាពពិតប្រាកដមិនអាចស៊ូទ្រាំបាន។ ប៉ុន្តែប្រសិនបើអ្នកធ្វើការនៅស្ថាប័ន ឬ ក្រុមហ៊ុនមួយដែលមិននិយមបក្សពួក ហើយផ្ដល់ឱកាសពេញលេញដល់មនុស្សមានសមត្ថភាពនោះ យើងអាចនិយាយបានថា អ្នកកំពុងតែជួបកន្លែងធ្វើដ៏ល្អកម្ររកបាន ហើយវានឹងជួយអ្នកឲ្យក្លាយជាបុគ្គលឆ្នើមនៅពេលខាងមុខ៕
ដោយ៖ អ៊ុន ភក្តី