តើអ្វីទៅគឺជា Internet of Things (IoT)?​



Internet of Things (IoT)បានក្លាយជាប្រធានបទមួយដែលកំពុងតែមានការជជែកពិភាក្សាគ្នាទាំងក្នុងកន្លែងធ្វើការនិងក្រៅកន្លែងធ្វើការ។ វាគឺជាគំនិតមួយដែលមិនត្រឹមតែមានឥទ្ធិពលទៅលើរបៀបរស់នៅរបស់អ្នកនោះទេ តែថែមទាំងមានឥទ្ធិពលទៅលើរបៀបនៃ​ការធ្វើការរបស់អ្នកថែមទៀតផង។ តើអ្វីទៅគឺជា Internet of Things? តើវាមានឥទ្ធិពលអ្វីខ្លះទៅលើអ្នក?

តើ Internet of Things គឺជាអ្វី? ដើម្បីឲ្យងាយយល់ គំនិតមួយនេះគឺនិយាយអំពីការភ្ជាប់ទំនាក់ទំនងឧបករណ៍ផ្សេងៗទៅកាន់អិនធឺណេត។ វារួមបញ្ចូលទាំងអ្វីៗទាំងអស់រាប់ចាប់តាំងពីទូរស័ព្ទដៃ ម៉ាស៊ីនឆុងកាហ្វេ ម៉ាស៊ីនបោកសម្លៀកបំពាក់ កាសស្ដាប់ត្រចៀក អំពូលភ្លើង និងឧបករណ៍ផ្សេងៗជាច្រើនទៀតដែល​ប្រើ​ប្រាស់​ក្នុង​ផ្ទះ ឬ​ការិយាល័យ។ ជាសរុបទៅ Internet of Things គឺជាបណ្ដាញទំនាក់ទំនងដ៏ធំមួយនូវអ្វីៗគ្រប់យ៉ាង។ ទំនាក់ទំនងរវាងមនុស្សនឹងមនុស្ស មនុស្សនឹងវត្ថុផ្សេងៗ និងវត្ថុនឹងវត្ថុ។

តើ Internet of Things មានឥទ្ធិពលលើអ្នកដោយរបៀបណា? ច្បាប់ថ្មីនាថ្ងៃអនាគតគឺ «អ្វីៗគ្រប់យ៉ាងសុទ្ធដែលអាចភ្ជាប់ទំនាក់ទំនងគ្នាបាន» នឹងត្រូវភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក។ ហេតុអ្វីអ្នកចង់ឲ្យឧបករណ៍ទាំងឡាយភ្ជាប់ទំនាក់ទំនងគ្នាបាន? ឧទាហរណ៍ អ្នកកំពុងជិះរថយន្តទៅចូលរួមការប្រជុំ ហើយឡានរបស់អ្នកមានភ្ជាប់ទៅនឹងប្រតិទិននិងផែនទីបង្ហាញផ្លូវ។ ប្រសិនបើចរាចរណ៍មានការកកស្ទះ ឡានរបស់អ្នកនឹងបញ្ចូនសារទៅកាន់អង្គប្រជុំរបស់អ្នកឲ្យដឹងថា អ្នកនឹងមានការយឺតយ៉ាវក្នុងការចូលរួមប្រជុំ។

ចុះប្រសិនបើនាឡិការោទ៍ដាស់អ្នកឲ្យងើបនូវម៉ោង៦ព្រឹក និងប្រាប់ទៅដល់ម៉ាស៊ីនឆុងកាហ្វេឲ្យចាប់ផ្ដើមឆុងកាហ្វេសម្រាប់អ្នក។ ចុះប្រសិនបើសម្ភារៈការិយាល័យរបស់អ្នកដឹងថាពេលណានឹងអស់ហើយធ្វើការកម្មង់បន្ថែម? ចុះបើសិនឧបករណ៍ដែលអ្នកប្រើប្រាស់លើខ្លួនដែលអ្នកប្រើប្រាស់ក្នុងកន្លែងធ្វើការអាចប្រាប់អ្នកនៅពេលណាឬកន្លែងណាអ្នកធ្វើការមានភាពសកម្ម និងប្រសិទ្ធភាពការងារ ហើយចែករំលែកនូវព័ត៌មានជាមួយឧបករណ៍ផ្សេងៗដែលអ្នកប្រើប្រាស់ពេលកំពុងធ្វើការ?

Internet of Things (IoT) អាចយកទៅអនុវត្តទៅលើអ្វីផ្សេងៗដូចជា ប្រព័ន្ធដឹកជញ្ចូន ក្នុងទីក្រុងតូច ដែលអាចជួយអ្នកកាត់បន្ថយនិងបង្កើនប្រសិទ្ធភាពទៅលើការប្រើប្រាស់ថាមពល។ វាជួយបង្កើននូវរបៀបដែលអ្នកធ្វើការនិងរស់នៅ។ ប្រភព៖ forbes.com សុវត្តិភាពគឺជាបញ្ហាដ៏ធំចម្បង។ ជាមួយនឹងឧបករណ៍ភ្ជាប់ទំនាក់ទំនងជាច្រើនលានគ្រឿង បញ្ហានោះគឺ មនុស្សត្រូវធ្វើយ៉ាងម៉េចដើម្បីធានាថាព័ត៌មានរបស់ពួកគេមានសុវត្តិភាព។ IOT ជាផងដែរអាចធ្វើឲ្យក្រុមហ៊ុនជាច្រើនជុំវិញពិភពលោកមានសុវត្តិភាពពីការកំរាមកំហែងពីការលួចយកទិន្នន័យ។

ការពិភាក្សាគ្នាអំពី Internet of Things អស់រយៈពេលជាច្រើនឆ្នាំមកនេះ ខណៈពេលដែលមនុស្សជាច្រើនចង់ស្វែងយល់អំពីឥទ្ធិពលលើការរស់នៅរបស់អ្នក។ យើងកំពុងតែព្យាយាមស្វែងយល់អំពីឱកាសនិងបញ្ហាប្រឈមនៅពេលដែលឧបករណ៍ជាច្រើនត្រូវភ្ជាប់ទៅ Internet of Things។ ឥឡូវនេះ រឿងដែលយើងត្រូវធ្វើគឺស្វែងយល់បន្ថែមអំពីអ្វីទៅ Internet of Things និងឥទ្ធិពលទៅលើការធ្វើការងារនិងការរស់នៅរបស់អ្នក៕

ដោយ៖ លង់ វណ្ណៈ

X
5s