គម្រោងសណ្ឋាគារលំដាប់ផ្កាយ ៥ ចំនួន ៣នៅខេត្តព្រះសីហនុចំណាយទុនជាង ៣០០លានដុល្លារអាមេរិក
ខេត្តព្រះសីហនុ មានគម្រោងសណ្ឋាគារលំដាប់ផ្កាយ ៥ចំនួន ៣ បន្ទាប់ពីគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជី ជា ស្ថាពរជូនដល់ក្រុមហ៊ុនចំនួន៣គឺ ក្រុមហ៊ុន “QIN YUE GARDEN HOTEL CO.,LTD.” ក្រុមហ៊ុន “PRINCE HUAN YU REAL ESTATE” និងក្រុមហ៊ុន “XIN HAO HUI ENTERTAINMENT CO.,LTD.” ដែលសរុប ទុនវិនិយោគរហូតដល់ជាង ៣០០លានដុល្លារអាមេរិក។ ក្រុមហ៊ុនទាំងនោះរួមមាន៖
១) ក្រុមហ៊ុន “QIN YUE GARDEN HOTEL CO.,LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន ៣៥០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអុង សង្កាត់រាម ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២៧.៦២ លានដុល្លារអាមេរិក ដែលនឹងអាចបង្កើតការងារបាន ២៨៩កន្លែង។
២) “PRINCE HUAN YU REAL ESTATE” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន ២ ១០៣ បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៣០០លានដុល្លារអាមេរិក ដែលនឹងអាចបង្កើតការងារបាន ២ ៦៨១កន្លែង។
៣) “XIN HAO HUI ENTERTAINMENT CO.,LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារ ថ្នាក់ផ្កាយ ៥ និងរីសត ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១១លានដុល្លារអាមេរិក ដែលនឹងអាចបង្កើតការងារបាន ២៦១កន្លែង៕