គន្លឹះ ២យ៉ាងរបស់លោកវីល ស្មីត (Will Smith) ដើម្បីសម្រេចភាពជោគជ័យក្នុងជីវិត
លោកវីល ស្មីត ( Will Smith ឈ្មោះពេញ Willard Carroll Smith Jr. ) គឺជាសិល្បៈករ ផលិតករ អ្នកពោលពាក្យក្នុងចម្រៀង (Rapper) និងជាអ្នកនិពន្ធចម្រៀងម្នាក់ដ៏ល្បីល្បាញក្នុងសហរដ្ឋអាមេរិក។ លោកវីល ស្មីត ត្រូវបានគេស្គាល់តាមរយៈខ្សែរភាពយន្តហូលីវូដ និងជាអ្នកនិយាយបំផុសគំនិត លោកទឹកចិត្តដ៏ល្បីល្បាញផងដែរ។ ខាងក្រោមនេះគឺជាគន្លឹះ ២យ៉ាងដើម្បីសម្រេចភាពជោគជ័យក្នុងជីវិតដែលលោកវីល ស្មីត បានចែករំលែក៖
គន្លឹះទី១៖ គឺការរត់។ លោកបាននិយាយថានៅពេលដែលអ្នករត់ទៅមុខ តែងតែមានសម្លេងក្នុងខួរក្បាលរបស់អ្នកប្រាប់អ្នកថា អ្នកអស់កម្លាំងហើយ អ្នកមិនអាចរត់បន្តទៅមុខបានទៀតទេ។ សម្លេងនោះព្យាយាមបញ្ចុះបញ្ចូលអ្នកមិនឲ្យបន្តដំណើរទៅមុខទៀត។ ប្រសិនបើអ្នករៀនយកឈ្នះសម្លេងដែលនៅក្នុងខួរក្បាលរបស់អ្នកនៅពេលអ្នករត់ អ្នកនឹងដឹងពីវិធីសាស្រ្តមិនបោះបង់នៅពេលដែលអ្នកមានភាពពិបាកក្នុងជីវិតរបស់អ្នក។ មនុស្សដែលខិតខំប្រឹងប្រែងគឺតែងតែឈ្នះ ទទួលជោគជ័យក្នុងជីវិត។
គន្លឹះទី២៖ គឺការអាន។ លោកស្មីត បានមានប្រសាសន៍ថាមនុស្សជាច្រើននាក់រស់នៅមុនអ្នក និងមានបទពិសោធន៍ជីវិតមុនអ្នក ហើយអ្នកទាំងនោះបានសរសេរ កត់ត្រាទុកជាសៀវភៅដល់អ្នកសម្រាប់អាន។ ដូចនេះ អ្នកត្រូវចាប់ផ្ដើមអាននៅពេលនេះ ដើម្បីពង្រីកគំនិត និងរៀនសូត្រពីមេរៀនល្អៗ គំនិតល្អៗ របស់អ្នកដែលមានបទពិសោធន៍ជីវិតមុនអ្នក៕
ដោយ៖ លង់ វណ្ណៈ