ទម្លាប់ទី២ របស់សៀវភៅ ទម្លាប់ទាំងប្រាំពីរយ៉ាង សម្រាប់យុវវ័យ «គិតមុនគូរ»-Begin with the End in Mind​



មនុស្សមួយចំនួនតែងតែឆ្ងល់ថា តើបុគ្គលជោគជ័យគេធ្វើដោយរបៀបណា? តើជោគជ័យនោះកើតឡើងដោយឯកឯងមែនទេ? ជាការពិតមនុស្សគ្រប់គ្នាសុទ្ធតែចង់មាន ចង់បាន ប៉ុន្តែពេលខ្លះពួកគេមិនដឹងថាត្រូវធ្វើយ៉ាងដូចម្ដេច។ ថ្ងៃនេះ BizKhmer បាននាំយកអត្ថបទសង្ខេបមួយក្នុងចំណោមទម្លាប់ទាំង ៧ យ៉ាងមកបកស្រាយ ដែលអត្ថបទដកស្រង់ចេញពីសៀវភៅ ប្រសិទ្ធភាពនៃទម្លាប់ទាំងប្រាំពីរយ៉ាងសម្រាប់យុវវ័យ (THE 7 HABITS OF HIGHLY EFFECTIVE TEENS) ដែលនិពន្ធដោយ លោក SEAN COVEY៖

ទម្លាប់ទី២នោះគឺ៖ ចាប់ផ្តើមគិតមុនគូរ បុគ្គលជោគជ័យជាច្រើនបាននិយាយថា “ក្រមិនមែនព្រហ្មលិខិតទេ តែជីវិតពិតត្រូវតែតស៊ូ”។ តើអ្នកមានដឹងទេថា ខ្លួនឯងកំពុងតែកាន់ចង្កូតឡានខ្លូនឯងទេ? ដូច្នេះគួរធ្វើយ៉ាងណាទើបអាចកំណត់ជោគវាសនាខ្លួនឯងបាននៅថ្ងៃអនាគត? បន្ទាប់ពីទម្លាប់ទី១ ដែលនិយាយអំពី មនុស្ស Proactive និង មនុស្ស Reactive រួចមក យើងនឹងចូលទម្លាប់សំខាន់មួយទៀត គឺ ចាប់ផ្តើមគិតមុនគូរ (Begin with the End in Mind)។

ចង់ជោគជ័យធំត្រូវធ្វើយ៉ាងណា ឲ្យមានទម្លាប់នេះនៅក្នុងខ្លួន មិនថាពេលណានោះទេ ដំបូងបង្អស់ត្រូវរៀបផែនការជានិច្ចមុនធ្វើសកម្មភាព ព្រោះការគិត គឺមានប្រសិទ្ធភាពខ្ពស់មុននឹងបញ្ចេញសកម្មភាពតែម្តង ផ្ទុយទៅវិញកំហុសដែលកើតមានឡើងនឹងត្រូវបានកាត់បន្ថយ។ មួយវិញទៀត ដើម្បីធានាថាការគិតរបស់យើង ត្រូវ ហើយធ្វើការសម្រេចចិត្តត្រូវ គឺមានតែមធ្យោយបាយមួយគត់ គឺប្រើប្រាស់ប្រឌិតញ្ញាណ(Imagination) ស្រមៃគិតឲ្យអស់ពីលទ្ធភាពថាអ្នកចង់មានអារម្មណ៍បែបណានៅពេលខាងមុខ។ ឧទាហរណ៍ អ្នកចង់សាងសង់ផ្ទះមួយ។ ដំបូងអ្នកត្រូវគូសវាសរូបរាង ម៉ូតផ្ទះជាមុនសិន។ ប្រសិនបើអ្នកចង់ដុតធ្វើនំ អ្នកត្រូវមានរូបមន្តជាមុនសិន។ ប្រសិនបើអ្នកចង់រចនាជីវិតរបស់អ្នក ដំបូងអ្នកត្រូវមានគោលដៅជាមុនសិន ថាអ្នកចង់ក្លាយជាអ្វីក្នុងរយៈពេល២ ឬ៣ឆ្នាំទៅមុខទៀត។ តើអ្នកមានអារម្មណ៍បែបណា? តើអ្នកចង់ឃើញជីវិតរបស់អ្នកបែបណា?

លោក SEAN COVEY បានលើកឡើងក្នុងសៀវភៅនេះថា «យើងមានសេរីភាពពេញលេញដើម្បីជ្រើសរើសផ្លូវដែលត្រូវដើរ ប៉ុន្តែយើងមិនអាចជ្រើសរើសផលដែលនឹងកើតចេញពីជម្រើសនោះបានឡើយ» ។ សូមចងចាំថាបើយើងមិនព្រមកំណត់វាសនារបស់យើងនោះទេ អ្នកដទៃនឹងកំណត់ឲ្យអ្នកជាមិនខាន។ ដូច្នេះមធ្យោយបាយធំបំផុតដែលត្រូវធ្វើឥឡូវនេះ គឺចាប់ផ្តើមគិត បន្ទាប់មក សរសេរផែនការជីវិតរបស់ខ្លួនឯងឡើងវិញ រៀបចំឲ្យបានល្អ រួចដើរទៅរកវាតែម្តង កុំព្យាយាមសង្ស័យលើសមត្ថភាពខ្លួនឯងអី ហើយក៏កុំព្យាយាមបន្ទោសលើខ្លួនឯងអី និងមិនត្រូវមើលស្រាលខ្លួនឯងថាជាមនុស្សអវិជ្ជមានជាដាច់ខាត។

ជាពិសេសកុំខ្វល់ថាបញ្ហាដែលកើតឡើងឡើយ ព្រោះគ្រប់បញ្ហាទាំងអស់សុទ្ធតែមានដំណោះស្រាយ។ រឿងគ្រប់យ៉ាងបានជោគជ័យគឺកើតចេញពី ការឲ្យតម្លៃលើខ្លួនឯងមុនគេ ដូចនេះត្រូវដឹងថាគ្រប់ជំហានដែលត្រូវធ្វើគឺត្រូវមានការប្រុងប្រយ័ត្ន ហើយត្រូវគិតឲ្យច្បាស់លាស់ និងដាក់ផែនការជាមុន តែសូមកុំភ្លេចថា ធ្វើអ្វីក៏ដោយកុំឲ្យឆ្ងាយពីគោលដៅរបស់អ្នក។ សរុបសេចក្តីមកភាពជោគជ៍័យថ្ងៃនេះ កើតឡើងពីការគិត អាស្រ័យហេតុដូចនេះ មនុស្សទាំងអស់គ្នាគួរតែ រៀនផ្លាស់ប្តូរការគិត ហើយកុំយល់ច្រឡំ ថាខ្លួនឯងធ្វើអីមិនកើតឲ្យសោះ ព្រោះរឿងទាំងអស់សុទ្ធតែអាចទៅរួច។ នៅពេលដែលអ្នកគិតបានល្អិតល្អន់ហើយ នោះអ្នកនឹងអាចគូសវាសផ្លូវដែលអ្នកចង់ដើរទៅ គោលដៅដែលអ្នកចង់សម្រេច និងអ្វីដែលអ្នកចង់បានជាក់ជាមិនខាន៕

X
5s