ទម្លាប់ ​៤​យ៉ាង​ដែល​ធ្វើឲ្យ​អ្នក​ក្លាយ​ជា​អ្នកដឹកនាំ​ម្នាក់​ដែល​កូនចៅ​មិន​អាច​បំភ្លេច​បាន​



ភាព​ជា​អ្នកដឹកនាំ​ល្អ​មិនមែន​រៀន​សូត្រ​មក​ពី​សាលា​នោះ​ឡើយ។ វា​ទទួលបាន​មក​ពី​បទពិសោធន៍​ដែល​អ្នក​ធ្លាប់​ឆ្លងកាត់។ ខាងក្រោម​នេះ​គឺជា​ទម្លាប់​៤​យ៉ាង​ដែល​ធ្វើឲ្យ​អ្នក​ក្លាយ​ជា​អ្នកដឹកនាំ​ម្នាក់​ដែល​កូនចៅ​មិន​អាច​បំភ្លេច​បាន៖

១) អ្នកដឹកនាំ​ដែល​មិន​ភ័យខ្លាច​ការ​បង្កើត​កំហុស៖ កំហុស​គឺជា​ផ្នែក​មួយ​នៃ​ជីវិត។ វា​បំពេញ​ជីវិត​របស់​អ្នក​ឲ្យ​ពេញលេញ។ បើ​អ្នក​ធ្វើ​ត្រូវ​រហូត​នោះ​ជីវិត​របស់​អ្នក​នឹង​ពោរពេញ​ដោយ​ភាព​សោះ​កក្រោះ​និង​ឥត​មាន​ខ្លឹមសារ​អ្វី​នោះ​ឡើយ។ កំហុស​ជួយ​ឲ្យ​អ្នក​រៀន​ពី​បទពិសោធន៍​ជីវិត និង​ជា​អ្វី​ដែល​អ្នក​ត្រូវការ​ដើម្បី​ភាព​រុងរឿង​រីកចម្រើន។ អ្នកដឹកនាំ​ល្អ​យល់​ពី​ចំណុច​នេះ​ច្បាស់ ហើយ​ពួកគេ​មិន​ខំ​ជជែក​យក​តែ​ត្រូវ​ខ្លួនឯង​នោះ​ឡើយ។

២) អ្នកដឹកនាំ​ដែល​ស្ដាប់​ច្រើន​ជាង​និយាយ៖ មិន​ថា​អ្នក​ដឹង​ច្រើន​ប៉ុណ្ណា​ឬ​មាន​ទេពកោសល្យ​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ អ្នក​តែ​ម្នាក់​ឯង​មិន​អាច​សម្លឹង​ឃើញ​បញ្ហា​បាន​គ្រប់​ជ្រុងជ្រោយ​នោះ​ឡើយ។ ភាព​ចចេស​រឹងរូស​មិន​ស្ដាប់​អ្នកដទៃ​មាន​តែ​នាំ​មក​នូវ​លទ្ធផល​អវិជ្ជមាន​សម្រាប់​អ្នក​នៅ​ចុង​បញ្ចប់​ប៉ុណ្ណោះ។ ហេតុនេះ​អ្នកដឹកនាំ​ល្អ​យក​រូបភាព​ធំ​ជា​សំខាន់ ដោយ​ចេះ​ឲ្យ​តម្លៃ​ទៅលើ​អ្នកដទៃ ចេះ​ស្ដាប់​គំនិត​យោបល់​របស់​អ្នកដទៃ ហើយ​ចេះ​ថ្លឹងថ្លែង​យក​គំនិត​ទាំងនោះ​មក​គិត​ពិចារណា​ឲ្យ​បាន​ល្អ។

៣) អ្នកដឹកនាំ​ដែល​មិន​កេងប្រវ័ញ្ច​យក​មុខមាត់​ពី​កូនចៅ៖ សមិទ្ធផល​កិច្ចការ​ដែល​ល្អ​ត្រូវ​ផលិត​ចេញ​មក​ពី​ភាព​សាមគ្គី​រួម​ចិត្ត​គំនិត​គ្នា​តែ​មួយ​របស់​កូនចៅ សមត្ថភាព​របស់​ពួកគេ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ។ ថ្វី​បើ​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​អ្នក តែ​បើ​អ្នក​គ្មាន​ពួកគេ នោះ​អ្នក​ក៏​មិន​អាច​សម្រេច​សមិទ្ធផល​អស្ចារ្យ​បាន​តែ​ម្នាក់​ឯង​នោះ​ដែរ។ អ្នកដឹកនាំ​ល្អ​មិន​កេងប្រវ័ញ្ច​យក​មុខមាត់​ពី​ការ​ខិតខំ​របស់​កូនចៅ ហើយ​ផ្ទុយទៅវិញ​ពួកគេ​មើល​ឃើញ​ពី​ការ​រួមចំណែក​របស់​បុគ្គលិក ចេះ​លើកសរសើរ​បុគ្គលិក​និង​ជំរុញ​ពួកគេ​ឲ្យ​ខិតខំ​ធ្វើការ​ជាង​មុន។

៤) អ្នកដឹកនាំ​ដែល​ផ្ដល់​ឯករាជ្យ​ភាព​ដល់​បុគ្គលិក៖ ការ​ផ្ដល់​ឯករាជ្យភាព​ដល់​បុគ្គលិក​នឹង​ធ្វើការ​ឲ្យ​ពួកគេ​មាន​សេរីភាព​គ្រប់គ្រាន់​សម្រាប់​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​ឲ្យ​អស់​ពី​លទ្ធភាព និង​រិះរក​ការ​ដោះស្រាយ​បញ្ហា​ប្រកប​ដោយ​ការ​ច្នៃប្រឌិត៕

ដោយ៖ ស្រីពៅ

X
5s