ផ្សារទំនើបទុនជិត ១០លានដុល្លារ​នៅ​បឹងកេងកក និង​គម្រោង​ ៥​ផ្សេងៗ​ទៀត​ត្រូវ​បានចុះ​បញ្ជីជា​ស្ថាពរដោយ CDC​



តាម​រយៈ​សំណើរ​សំវិនិយោគ​របស់​ក្រុមហ៊ុន​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​សម្រេច​ចេញ​វិញ្ញាប័នបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៦​ ក្នុង​គម្រោង​សាង​សង់​រោងចក្រ សណ្ឋាគារ ផ្សារ​ទំនើប និង​ស្ថានីយ៍​ផលិត​ថាមពល ដែល​មាន​ទី​តាំង​ស្ថិត​នៅ​រាជាធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះ​សីហនុ ដោយ​ក្នុង​គម្រោង​វិនិយោគ​ទាំង​៦​នោះ​ចំណាយ​ទុន​វិនិយោគ​រហូត​ដល់​ ១៧២,៩៨ លាន​ដុល្លារ​អាមេរិក។ ក្រុមហ៊ុន​ទាំង​នោះ​រួម​មាន៖ ១.ក្រុមហ៊ុន​ " NORO MALL CO.,LTD.” គម្រោង​វិនិយោគ​បង្កើត​ផ្សារ​ទំនើប ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ ភូមិ​៨ សង្កាត់​បឹង​កេងកង​ទី១ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ ដោយ​មាន​ទុន​វិនិយោគ​ចំនួន​៩,២​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការ​ងារ​បាន​៤៩៤​កន្លែង។ ២.ក្រុមហ៊ុន​ " SCHNEITEC RENEWABLE CO.,LTD.” គម្រោង​សាងសង់​ស្ថានីយ៍​ផលិត​ថាមពល​អង្គីសនី​ដើរ​ដោយ​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ​កម្លាំង​៦០​មេហ្គាវ៉ាត់ មាន​ទី​តាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ទំនប់​បាក់ ឃុំ​ដំណាក់រាំង ស្រុក​ឧដុង្គ ខេត្ត​កំពង់​ស្ពឺ ដោយ​មាន​ទុន​វិនិយោគ​ប្រមាណ ៥៨,២៣​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការ​ងារ​បាន​៣៥​កន្លែង។ ៣.ក្រុមហ៊ុន​ "LING XIU INT'L CO.,LTD.” គម្រោង​សាងសង់​និង​អាជីវកម្ម​ និង អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥​ចំនួន​៤១០​បន្ទប់​ មាន​ទី​តាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​៦ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ ខេត្ត​ព្រះ​សីហនុ ចំណាយ​ទុន​វិនិយោគ​ប្រមាណ​ ៦៨,៩៨​លាន​ដុល្លារ​អាមេរិក និង អាច​បង្កើត​ការងារ​បាន​១៣៣​កន្លែង។ ៤.ក្រុមហ៊ុន​ "CATH PHARMA CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ថ្នាំ​ពេទ្យ ដែល​មាន​ទី​តាំង​វិនិយោគ​ស្ថិត​នៅ ដីឡូតិ៍​លេខ​៦៩ ភូមិ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ រាជ​ធានីភ្នំពេញ មាន​ទុន​វិនិយោគ​ចំនួន ៦,៣​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការ​ងារ​បាន​ចំនួន​ ១៣​កន្លែង។ ៥.ក្រុមហ៊ុន "SAIER (CAMBODIA) GARMENT CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិ​នៅ​ភូមិ​ព្រៃ​សណ្ដែក សង្កាត់​ចោម​ចៅ​ទី២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៤,០៦​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​១.០២៥​កន្លែង។ ៦.ក្រុមហ៊ុន​ "HERSHEY PLASTIC INDUSTRIAL (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ទុយោ និង​ផលិតផល​ប្លាស្ទិក​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​កែវឧត្តម ឃុំ​ត្រពាំង​គង ស្រុក​សំរោងទង ខេត្ត​កំពង់​ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ​ ២៦,២១​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន ៣៩១កន្លែង៕ អត្ថបទដោយ៖ ជួប ស្រីរ័ត្ន
X
5s