តើបៀវត្សមន្រ្តីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធមានការប្រែប្រួលយ៉ាងណាខ្លះនៅឆ្នាំ២០១៩ខាងមុខនេះ?
យោងតាមសេចក្ដីព្រៀងច្បាប់ថវិការជាតិឆ្នាំ២០១៩ ចំណាយលើបុគ្គលិកត្រូវបានគ្រោងចំនួន ៧៨៦២ ៥៣៧លានរៀល សម្រាប់តម្លើងបៀវត្សមូលដ្ឋានក្នុងអត្រា ១០,០% ការដំឡើងប្រាក់បំណាច់មុខងារដោយផ្ដល់បន្ថែម ៣០ ០០០រៀល ជូនមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធដែលមានប្រាក់បំណាច់ឆ្នាំ ៧៥០ ០០០រៀលចុះក្រោម និងការដំឡើងប្រាក់ឧបត្ថមប្រចាំខែសម្រាប់មន្ត្រីជាប់កិច្ចសន្យាពី ៦០០ ០០០រៀល ដល់៦៥០ ០០០រៀល ដោយត្រូវអនុវត្តចាប់ពីខែមករា ដល់ខែ ធ្នូ ឆ្នាំ២០១៩។
ខាងក្រោមនេះគឺជាការប្រែប្រួលអប្បបរមាររបស់មន្ត្រីរាជការស៊ីវិល និង កងកម្លាំងប្រដាប់អាវុធ ក្នុងឆ្នាំ២០១៩៖
បៀវត្សមន្ត្រីរាជការស៊ីវិល នឹងត្រូវតម្លើងចំនួន ១ ០១៤ ៤៥០រៀល នៅឆ្នាំ២០១៨ ដល់ប្រមាណ ១ ០៧០ ១០០រៀល នៅខែមករាឆ្នាំ២០១៩ នឹងត្រូវដំឡើងដល់ប្រមាណ ១ ១០០ ១០០រៀល ចាប់ពីខែមេសាឆ្នាំ២០១៩
បៀវត្សគ្រូបង្រៀន និង គ្រូពេទ្យ នឹងត្រូវបានដំឡើងពីចំនួន ១ ១១៤ ៤៥០រៀល នៅឆ្នាំ២០១៨ ដល់ប្រមាណ ១ ១៧០ ១០០រៀល នៅខែមករា ឆ្នាំ២០១៩ ហើយនឹងត្រូវបានដំឡើងដល់ប្រមាណ ១ ២០០ ១០០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៩
បៀរវត្សនគរបាល(ពលបាលត្រី) នឹងត្រូវបានតម្លើងពីចំនួន ១ ០៩៨ ៩២៧រៀល (គិតបញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ២០១៨ ដល់ប្រមាណ ១ ១៥៤ ៥៧៧រៀល (គិតបញ្ចូលទាំងរបបអង្ករ) នៅខែមករា ឆ្នាំ២០១៩ ហើយនឹងត្រូវដំឡើងដល់ប្រមាណ ១ ១៨៤ ៥៧៧រៀល (គិតបញ្ចូលទាំងរបបអង្ករ) ចាប់ពីខែមេសាឆ្នាំ២០១៩
បៀវត្សយោធិន (ពលទោ) នឹងត្រូវបានដំឡើងពីចំនួន ៩៧៦ ៥៥០រៀល (មិនគិតបញ្ចូលរបបអង្ករ) នៅឆ្នាំ២០១៨ ដល់ប្រមាណ ១ ០២៥ ៩០០រៀល (មិនគិតបញ្ចូលអង្ករ) បីខែមករា ឆ្នាំ២០១៩ ហើយនឹងត្រូវដំឡើងដល់ ១ ០៥៥ ៩០០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៩ បើគិតបញ្ចូលរបបអង្ករ ត្រូវជាប្រមាណ ១ ១១៤ ៣៧៧រៀល៕
អត្ថបទ៖ ជួប ស្រីរ័ត្ន