នេះ​ហើយ​ជា​ផ្នត់​គំនិត​ដ៏​ពេញ​និយម​បំផុត​ចំនួន ៩​ របស់ «​អ្នក​ក្រ»!​​



បើ​យោង​តាម​អ្នក​ជំនាញ​ដែល​​បាន​សិក្សា​​ស្រាវជ្រាវ​លើ​អ្នក​មាន​​ជា​ច្រើនរូបបាន​រក​ឃើញ​ថា ​​ភាព​មាន​បាន​​គឺ​​ចាប់ផ្តើម​ឡើង​ចេញ​ពី​គំនិត​។ មុន​ពេល​អ្នក​​កសាង​ទ្រព្យសម្បត្តិ​ដ៏​ស្តុកស្តម្ភ​មួយ​បាន អ្នក​ត្រូវ​ជឿ​ថា​ អ្នក​អាច​ធ្វើ​វា​បាន​។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក Steve Siebold អ្នកនិពន្ធ​សៀវភៅ​ដ៏​ល្បីល្បាញ "How Rich People Think”។ នៅ​ក្នុង​សៀវភៅ​របស់​​លោក លោក​ Steve បាន​បង្ហាញ​នូវ​ផ្នត់​គំនិត​មួយ​ចំនួន​ខាងក្រោម​នេះ​ដែល​ជា​ផ្នត់​គំនិត​ដ៏​អន់​ថយ​មួយ​​របស់​អ្នក​ក្រ​។ ផ្នត់​គំនិត​ទាំង​នេះ​​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ក្រ​ពិបាក​ងើប​ផុត​ពី​ភាព​ក្រីក្រ​មិន​អាច​កសាង​ទ្រព្យសម្បត្តិ​ឲ្យ​ដូច​អ្នក​មាន​បាន។

១.គិត​ថា មាន​​ស្ថិត​នៅ​លើ​សំណាង អ្នកក្រ​ភាគច្រើន​យល់​ថា មាន​ស្ថិត​នៅ​លើ​សំណាង​​ដែល​​នេះ​ជា​ការ​យល់​ខុស​មួយ​​ដ៏​ធ្ងន់។ សម្រាប់​អ្នក​មាន​យល់​ថា ពួកគេ​មាន​សេរីភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន ហេតុដូច្នេះ​ហើយ​ភាព​មាន​បាន​អាច​កសាង​ឡើង​បាន​ដោយ​បង្កើត​តម្លៃ​មួយ​បម្រើ​ឲ្យ​អ្នកដទៃ​។ អ្នក​មាន​ជា​មនុស្ស​​​ពូកែ​ដោះស្រាយ​បញ្ហា។ បើ​ពួកគេ​អាច​ដោះស្រាយ​បញ្ហា​ឲ្យ​អ្នកដទៃ ធ្វើ​ឲ្យ​អ្នកដទៃ​កាន់តែ​ងាយ​ស្រួល​ជាង​មុន ពួកគេ​នឹង​​អាច​រក​លុយ​បាន​ពី​អ្នក​ទាំង​នោះ។

២.គិត​ថា រក​លុយ​ជា​រឿង​ដ៏​គួរឲ្យ​ស្មុកស្មាញ​បំផុត អ្នកក្រ​ទូទៅ​ចូលចិត្ត​និយាយ​ថា រក​លុយ​លំបាក និង​ស្មុគស្មាញ​ខ្លាំង​ណាស់។ អ្នក​ក្រ​តែង​និយាយ​ទៀត​ថា អ្នក​មាន​ឆ្លាត​ជាង​ខ្លួន សំណាង​ជាង​ខ្លួន ឬ​បាន​អប់រំ​ខ្ពស់​ជាង​ខ្លួន។ គ្មាន​ទស្សនៈ​ណា​មួយ​ក្នុង​ចំណោម​ទស្សនៈ​ទាំង​នេះ​ត្រឹមត្រូវ​នោះ​ឡើយ។ ការ​ពិត​អ្នក​មាន​យល់​យ៉ាង​ច្បាស់​ថា លុយ​គឺ​ហូរ​ចេញ​ពី​គំនិត និង​ការ​ដោះស្រាយ​បញ្ហា​ឲ្យ​អ្នកដទៃ។ បើ​ពួកគេ​មាន​​គំនិត​សមត្ថភាព​ដោះស្រាយ​បញ្ហា​បាន​កាន់តែ​ធំ ពួកគេ​នឹង​រក​លុយ​បាន​​កាន់តែ​ធំ។ រក​លុយ​មិនមែន​ជា​រឿង​ងាយស្រួល តែ​វា​សាមញ្ញ។ គ្មាន​ឡើយ​អាថ៌កំបាំង​ក្លាយ​ជា​អ្នក​មាន ប៉ុន្តែ​ផ្នត់គំនិត​អវិជ្ជមាន​របស់​មនុស្ស​ម្នាក់ មិន​អាច​ធ្វើ​ឲ្យ​ពួកគេ​​មាន​បាន។

៣.គិត​ថា ចង់​​មាន​ត្រូវ​​តែ​ឆ្លាត​បំផុត ដោយសារតែ​មនុស្ស​ធម្មតា​​យល់​ថា អ្នក​មាន​ជា​មនុស្ស​ឆ្លាត ទើប​ពួកគេ​តែង​​ប្រាប់​ខ្លួន​ឯង​រហូត​ថា ខ្លួន​ល្ងង់​ដើរ​មិន​ឆ្ងាយ ទៅ​មិន​ដល់​បាន​ត្រឹមតែ​ប៉ុណ្ណឹង។ មនុស្ស​ភាគ​ច្រើន​នៅ​តែ​យល់​ដែរ​ថា ចង់​មាន​លុះត្រា​តែ​រៀន​នៅ សាលា​ថ្លៃៗ ឬ​រៀន​​ឲ្យ​បាន​ពូកែ​បំផុត។ ការ​ពិត​មិនមែន​ដូច្នេះ​នោះ​ឡើយ ព្រោះ​ថា​ការ​កសាង​​ភាព​មាន​បាន​វា​មិន​ទាមទារ​ឲ្យ​អ្នក​ជា​មនុស្ស​ឆ្លាត​បំផុត ហើយ​ត្រូវ​មាន​ពិន្ទុ​ល្អ​នៅ​សាលា​នោះ​ដែរ។ បើ​អ្នក​សំបូរ​គំនិត​ផ្តល់​ដំណោះស្រាយ​ ឬ​ផ្តល់​សេវាកម្ម​ដល់​អ្នក​ដទៃ​ឲ្យ​បាន​កាន់តែ​ច្រើន អ្នក​នឹង​ឃើញ​ទ្រព្យ​កើន​ឡើង​បន្តិច​ម្តងៗ។

៤.គិត​ថា ខំ​​ប្រឹង​ធ្វើ​ការ​នឹង​ក្លាយ​ជា​អ្នក​មាន សម្រាប់​អ្នក​មាន នេះ​ជា​រឿង​​មួយ​ដ៏​គួរ​ឲ្យ​អស់​សំណើច​។ អ្នក​ត្រូវ​យល់​ថា បើ​អ្នក​មាន​ជា​មនុស្ស​គិត​តែ​ខំ​ធ្វើ​ការ នោះ​ប្រហែល​ជា​កម្មករ​សំណង់​ អ្នក​ថែ​សួន​ ​អ្នក​ជូត​តុ​ទាំងអស់​​ដែល​ខំ​ធ្វើ​ការ​ធ្ងន់ៗ​ច្រើន​ម៉ោង​សឹង​គ្មាន​ពេល​សម្រាក​នឹង​ក្លាយ​ជា​​អ្នក​មាន​អស់​ទៅ​ហើយ។ រឿង​ពិត​មិនមែន​អ្នក​មាន​មិន​ខំ​ប្រឹងប្រែង​ធ្វើ​ការ​នោះ​ទេ។ ប៉ុន្តែ​ការ​ខិតខំ​ប្រឹងប្រែង​​ធ្វើ​ការ​របស់​អ្នក​មាន​គឺ​ ការ​រក​មធ្យោបាយ​យក​ឈ្នះ​គូប្រជែង និង​​ស្វែង​រក​គំនិត​បែប​ណា​ដើម្បី​​មាន​សមត្ថភាព​អាច​ទាញ​លុយ​​ចេញ​​​ពី​​ហោប៉ៅ​​អ្នកដទៃ​បាន​។

៥.គិត​ថា មាន​​​​មិន​​មែន​ជា​រឿង​សំខាន់ ផ្នត់​គំនិត​អវិជ្ជមាន​មួយ​របស់​អ្នក​ក្រ​គឺ​តែង​បណ្តែតបណ្តោយ​ឲ្យ​ភាព​មាន​បាន​រសាត់​អណ្ដែត​ចេញ​ពី​ខ្លួន​ដោយសារតែ​យល់​ថា ខ្លួន​គ្មាន​វាសនា​អាច​ក្លាយ​ជា​អ្នក​មាន​នឹង​គេ។ នេះ​បាន​ធ្វើ​ឲ្យ​ពួកគេ​​គិត​ថា ភាព​មាន​បាន​ហាក់​មិនមែន​ជា​រឿង​​មួយ​សំខាន់​​នោះ​ឡើយ​។ ដោយឡែក​សម្រាប់​អ្នក​មាន​វិញ​អ្នក​​ត្រូវ​យល់​ថា ពួកគេ​មិន​ចុះចេញ​រឿង​នេះ​ឡើយ។ អ្នក​មាន​ចូលចិត្ត​បង្កើត​អ្វី​មួយ​ដើម្បី​រក​លុយ​ពី​គំនិត​ និង​សមត្ថភាព​របស់​ខ្លួន។ ភាព​មាន​បាន​គឺ​ជា​ក្តី​សុបិន្ដ​របស់​អ្នក​មាន តែ​ពួកគេ​ប្ដេជ្ញាចិត្ត​ថា ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន។

៦.គិត​ថា ទាល់តែ​មាន​លុយ​ទើប​រក​​លុយ​បាន អ្នក​នឹង​សង្កេត​ឃើញ​ថា អ្នក​ក្រ​តែង​និយាយ​​ថា ចង់​ធ្វើ​អ្វី​មួយ​ត្រូវ​តែ​មាន​លុយ។ បើ​ចង់​រក​ស៊ី​ត្រូវ​មាន​ដើម​ទុន​ឲ្យ​ច្រើន​សិន​ចាំ​រក​ស៊ី។ ប៉ុន្តែ​ការពិត​​នោះ​គឺ​​គំនិត​នោះ​ទេ​ជា​អ្នក​បង្កើត​លុយ។ មាន​គំនិត​ហើយ​ទើប​មាន​លុយ​ លុយ​មិន​អាច​បង្កើត​គំនិត​បាន​ទេ។ គំនិត​នេះ​គឺ​សំដៅ​លើ​សមត្ថភាព​អាច​ជួយ​ដោះស្រាយ​បង្ហា​របស់​អ្នកដទៃ​បាន​​ឲ្យ​​កាន់តែ​ងាយស្រួល។ អ្នក​មាន​មាន​វិធីសាស្ត្រ​​ចេះ​ប្រើ​លុយ​អ្នកដទៃ​ដើម្បី​កសាង​ទ្រព្យសម្បត្តិ​របស់​ខ្លួន។ អ្នក​មាន​យល់​ថា មិន​ខ្វះ​ទេ​​អ្នក​មាន​លុយ​ចង់​​ចូលរួម​​ជា​មួយ​ខ្លួន​ ​​បើ​ខ្លួន​មាន​គំនិត​ល្អៗ​ដើម្បី​កសាង​ជំនួញ​រក​លុយ​។

៧.គិត​ថា ​រក​លុយ​បាន​​កាន់តែ​ច្រើន ​មាន​បញ្ហា​កាន់តែ​ច្រើន ​ការ​យក​លេស​ដ៏​ធំ​​មួយ​​ទៀត​របស់​​មនុស្ស​ធម្មតា​​គឺ​​​​គិត​​ថា អ្នក​មាន​ជា​មនុស្ស​វក់វី​នឹង​ការងារ មិន​សូវ​មាន​ពេល​សម្រាក គិត​តែ​ពី​រក​លុយ ​ជួប​​បញ្ហា​ជា​ច្រើន​ជំពូក​​ មិន​ដឹង​​ខំ​យក​ទៅ​ណា ស្លាប់​​ទៅ​យក​លុយ​ដាក់​តាម​ខ្លួន​​មិន​កើត​ដដែល។ តាម​ការ​ពិត​អ្នក​មាន​បាន​ដឹង​ទៅ​ហើយ​ថា ភាព​ក្រីក្រ​ជា​ឧបសគ្គ។ ដូចនេះ​បើ​គេ​មាន​លុយ​ច្រើន លុយ​នឹង​អាច​ជួយ​ដោះស្រាយ​បាន​ភាគច្រើន​ដែល​អ្នក​ក្រ​មិន​អាច​ធ្វើ​បាន។ ពួកគេ​មាន​សេរីភាព​ហិរញ្ញវត្ថុ ចង់​ទៅ​កន្លែង​ដែល​ចង់​ទៅ ចង់​នៅ​កន្លែង​ដែល​ខ្លួន​ចង់​នៅ ចង់​ទិញ​របស់​ដែល​ខ្លួន​ចង់​​បាន​។

៨.គិត​ថា អ្នក​មាន​​​កើប​យក​លុយ​អស់​ហើយ​ នៅ​ក្នុង​ផ្នត់គំនិត​អ្នក​ក្រ​​​​យល់​ថា អ្នក​មាន​កាន់តែ​មានៗ​ឡើង​​ដោយសារតែ​​​អ្នក​មាន​បាន​អោបក្រសោប​ការងារ​នៅ​ជុំវិញ​ខ្លួន​អស់​ទៅ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​ក្រ​ពិបាក​ប្រកួតប្រជែង​ជា​មួយ​អ្នក​មាន​ណាស់​។ នេះ​ជា​គំនិត​មួយ​ខុស​ទាំង​ស្រុក ​ត្បិតអី​អ្នក​មាន​នៅ​តែ​ប្រកាន់​ទស្សនៈ​​មួយ​ថា ​រក​លុយ​គ្មាន​ដែន​កំណត់​ទេ​។ មាន​គំនិត​កាន់តែ​ច្រើន លុយ​​ហូរ​ចូល​​កាន់តែ​ច្រើន។ ​

៩.គិត​ថា ពេញ​ចិត្ត​ត្រឹមតែ​អ្វី​ដែល​​ខ្លួន​មាន វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​ដែល​អ្នក​គ្មាន​លុយ​តែង​និយាយ​ថា មិន​បាច់​មាន​លុយ​ច្រើន​នោះ​ទេ​ក៏​អាច​រស់​បាន​។ រក​បាន​ប៉ុណ្ណា​ចាយ​ប៉ុណ្ណឹង។ ទៅ​​ចង់​មាន​បាន​ពេក​ធ្វើ​អី​ ពេញ​ចិត្ត​អ្វី​ដែល​​ខ្លួន​​មាន ធ្វើ​តាម​សមត្ថភាព​​របស់​​​ខ្លួន​គឺ​គ្រប់គ្រាន់​​ណាស់​ទៅ​ហើយ។ បើ​គេ​សួរ​ថា តើ​សុភមង្គល និង​​លុយ​ រើស​យក​មួយ​ណា? អ្នក​ក្រ​នឹង​ឆ្លើយ​ថា រើស​យក​សុភមង្គល ឬ យក​លុយ​។ ប៉ុន្តែ​អ្នក​មាន​វិញ​នឹង​ជ្រើសរើស​យក​ទាំងពីរ។ នេះ​មានន័យ​ថា អ្នក​មាន​ចូលចិត្ត​ធ្វើ​ឲ្យ​បាន​សម្រេច​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន មិន​​​បិទ​ផ្លូវ​​​​ខ្លួន​ឯង​​មិន​ឲ្យ​ដើរ​នោះ​ឡើយ​៕

ប្រភព៖ cnbc

X
5s