វិធីសាស្រ្តទាំង ៤យ៉ាងរបស់ព្រះពុទ្ធ ដែលមនុស្សជោគជ័យប្រើប្រាស់ដើម្បីដោះស្រាយកំហឹង
តាមធម្មតាអ្នកណាក៏មានកំហឹងដែរ ប៉ុន្តែការគ្រប់គ្រងចិត្តមិនឲ្យខឹងនោះចេញមកក្រៅពិតជាពិបាកសម្រាប់ពួកគេ។ ដូចនេះផងដែរ នៅពេលពេលដែលចិត្តរបស់អ្នកមានកំហឹងលើរឿងអ្វីមួយ វាតែងតែផ្តល់នូវផលមិនល្អមកលើអ្នកវិញ។
ទឹកដែលល្អក់យើងមើលមិនឃើញដល់បាតឡើយ យ៉ាងណាមិញ ចិត្តដែលកំពុងខឹងតែងនាំបញ្ហាមកលើយើងជានិច្ច។ ខាងក្រោមនេះជាវិធីសាស្ត្រទាំង ៤យ៉ាងរបស់ព្រះពុទ្ធដែលបុគ្គលជោគជ័យតែងយកមកទប់ស្កាត់នូវកំហឹងរបស់ពួកគេ៖
១) ពិចារណាថាតើកំហឹងជះឥទ្ធិពលអ្វីខ្លះ៖ ដូចដែលព្រះពុទ្ធបរមគ្រូរបស់យើងបានបង្រៀនថា អ្នកដែលមានកំហឹងតែងតែប្រាថ្នាចង់ឲ្យមនុស្សដែលខ្លួនឯងស្អប់រស់នៅក្នុងភាពវិនាស គ្មានការរីកចម្រើន។ ទាំងនេះជាទម្លាប់ធម្មតារបស់មនុស្សដែលមានកំហឹង មនុស្សដែលមានកំហឹងគ្របសង្កត់ទទួលទានដំណេកមិនបានល្អ ការងារមិនសមប្រកប ហើយពួកគេហាក់ដូចមិនរីករាយនឹងអ្វីដែលខ្លួនមាននោះឡើយ។
២) ពេលដែលចិត្តក្រោធខឹងមិនត្រូវធ្វើការសម្រេចចិត្តធ្វើអ្វីលឿនពេកនោះឡើយ៖ ជាការពិតណាស់ ពេលដែលចិត្តរបស់យើងកំពុងខឹង គឺយើងកំពុងប្រឈមនិងបញ្ហារួចទៅហើយ។ បើយើងនៅតែគឃ្លើនហ៊ានសម្រេចអារកាត់ ឬធ្វើអ្វីមួយភ្លាមៗ អ្នកអាចនឹងមានវិប្បដិសារីជាក់ជាពុំខាន។ «ទឹកដែលថ្លារមែងមើលដល់បាតដី ចិត្តដែលមិនខឹងក្រោធរមែងធ្វើការបានល្អ»។
៣) មុននឹងខឹងនរណាម្នាក់ត្រូវមើលលើទង្វើល្អដែលគេបានធ្វើមកលើអ្នក៖ វាជារឿងធម្មតាទៅហើយ ចៅហ្វាយនាយ និងមេដឹកនាំមួយចំនួនដែលតែងតែប្រើកំហឹងស្តីបន្ទោសទៅលើបុគ្គលិក និងកូនចៅរបស់ខ្លួនទោះបីវាជាកំហុសបន្តិចបន្តិចក៏ដោយ ខណៈដែលពីមុនមកពួកគេបានធ្វើរឿងល្អៗជាច្រើនចំពោះក្រុមហ៊ុន និងខ្លួនពួកគេ(ចៅហ្វាយ)ផ្ទាល់ក៏ដោយ។ គ្មាននរណាម្នាក់ចង់រស់នៅក្បែរមនុស្សដែលខឹងក្រោធនោះឡើយ។ ដូចនេះបើមិនចង់បាត់មនុស្សល្អ អ្នកគួរពិចារណាលើរឿងនេះ។
៤) ធ្វើសមាធិ៖ បើអ្នកមិនធ្លាប់បានរៀនទាក់ទងនឹងទ្រឹស្តីរបស់ព្រះពុទ្ធសាសនា អ្នកប្រាកដជាគិតថាវាលំបាកណាស់ក្នុងការធ្វើសមាធិ កាន់តែលំបាកជាងនេះទៅទៀតនោះគឺពេលដែលគេកំពុងខឹងនរណាម្នាក់។ តែការពិតវាមិនដូច្នោះឡើយ សមាធិជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការទប់ស្កាត់រាល់កំហឹងនិងបញ្ហាស្មុគស្មាញនានាក្នុងជីវិត៕
ដោយ៖ មាន រ៉ាម៉ាញ