មេរៀនជីវិតទាំង ៦ របស់សត្វមេអំបៅ អ្នកគួររៀនសូត្រតាម​



មេអំបៅគឺជាសត្វដែលមានរូបលោមឆោមពណ៍ស្រស់ស្អាតលើសសត្វដទៃ។ សត្វមេអំបៅចូលចិត្តក្រេមលំអងផ្កា និងមិនមែនជាសត្វចង្រៃនោះឡើយ។ មនុស្សគ្រប់រូបសុទ្ធតែស្រលាញ់ចូលចិត្តសត្វមេអំបៅដោយសារតែសម្រស់ល្អឯករបស់វា។ មិនត្រឹមតែជាសត្វដែលមានរូបសម្រស់ស្រស់ស្អាតដែលគួរជាទីគយគន់ប៉ុណ្ណោះនោះទេ អ្នកក៏អាចរៀនសូត្រពីសត្វមេអំបៅនូវមេរៀនជីវិតល្អៗបានផងដែរ។

ខាងក្រោមនេះគឺជាមេរៀនជីវិតទាំង ៦ ដែលអ្នកគួររៀនសូត្រពីសត្វមេអំបៅ៖

១) មិនផ្លាស់ប្ដូរ មិនរីកចម្រើន៖ ដើម្បីក្លាយជាមេអំបៅដែលមានរូបរាងដ៏ស្រស់ស្អាតបាន មេអំបៅត្រូវតែវិវឌ្ឍខ្លួនតាមដំណាក់កាលផ្លាស់ប្ដូររូបរាង៤ដំណាក់កាលសំខាន់ៗសិន។ បើទោះបីជាការផ្លាស់ប្ដូរក្នុងដំណាក់កាលនីមួយៗមានការឈឺចាប់ មេអំបៅត្រូវតែធ្វើតាមច្បាបធម្មជាតិ។ ប្រសិនអ្នកមិនអនុញ្ញាតិឲ្យខ្លួនអ្នកមានការផ្លាស់ប្ដូរនោះទេ អ្នកនឹងមិនអាចផ្លាស់ប្ដូរខ្លួន អភិវឌ្ឍន៍ឲ្យរីកចម្រើនបានឡើយ។ ដូចនេះ អ្នកត្រូវតែរៀនផ្លាស់ប្ដូរខ្លួនអ្នកឲ្យដូចមេអំបៅ ប្រសិនបើអ្នកចង់ក្លាយជាមនុស្សថ្មី ចង់រីកចម្រើន ចង់មានចំណេះដឹង ចង់ក្លាយជាអ្នកមាន ចង់មានអ្នកដទៃគោរពស្រលាញ់។

២) បទពិសោធន៍៖ ក្នុងដំណាក់កាលដំបូង កូនដង្កូវមេអំបៅត្រូវការស៊ីចំណីអាហារ។ វាត្រូវការស៊ីអាហារដើម្បីចញ្ចឹមថែទាំរាងកាយរបស់វាឲ្យរីកធំធាត់។ អ្នកត្រូវជឿជាក់ថាអាហារចញ្ចឹមជីវិតរបស់អ្នកគឺជាបទពិសោធន៍ជីវិត។ បទពិសោធន៍ដែលអ្នកខិតខំសន្សំអាចជួយអ្នកក្នុងពេលអនាគត។ ពេលអ្នកនៅក្មេង អ្នកត្រូវហ៊ានហែលឆ្លងឱបសគ្គ និងខិតខំរៀនសូត្រសន្សំចំណេះ និងបទពិសោធន៍ ពីព្រោះថាបទពិសោធន៍គឺពិតជាសំខាន់ខ្លាំងណាស់។ បទពិសោធន៍មិនអាចយកលុយទៅទិញបាននោះទេ ដូចនេះអ្នកត្រូវសន្សំវាបន្ដិចម្ដងៗដើម្បីអាចយកទៅសម្រេចក្ដីសុបិនរបស់អ្នកនៅថ្ងៃណាមួយ។

៣) ជម្រុះភាពអវិជ្ជមាន៖ ខណៈពេលដែលកូនដង្កូវមេអំបៅលូតលាស់ធំធាត់ឡើង វានឹងសកខ្លួនរបស់វា៤ ទៅ ៥ដង។ ប្រសិនបើកូនដង្កូវមិនសកខ្លួនរបស់វាទេ នោះវានឹងមិនអាចក្លាយជាមេអំបៅបានឡើយ។ ប្រៀបដូចជាខ្លួនរបស់អ្នក បើមិនខំតខំប្រឹងប្រែងជម្រុះភាពខ្ជិល ភាពកំសាក ការពន្យាពេល គំនិតចាស់គម្រិល របស់អ្នកនោះទេ អ្នកប្រាកដមិនអាចក្លាយជាមនុស្សរីកចម្រើន ជោគជ័យបាននោះទេ។

៤) រកកន្លែងស្ងប់៖ នៅពេលដែលកូនមេអំបៅធំលូតលាស់ពេញវ័យ វានឹងឈប់ស៊ីអាហារ។ កូនដង្កូនពេញវ័យនឹងកំបាំងខ្លួនរបស់វាក្រោមស្លឹកឈើ ឬកប់ខ្លួនរបស់វាក្រោមដី។ ក្នុងកំឡុងពេលបម្លែងខ្លួន អ្នកត្រូវផ្ដល់ឲ្យខ្លួនអ្នក និងខួរក្បាលរបស់អ្នកនូវភាពស្ងប់ស្ងាត់។ ពេលខ្វះជីវិតរបស់អ្នកស្មុគស្មាញ តប់ប្រមល់ ប៉ុន្តែអ្នកត្រូវរៀនធ្វើខ្លួនឲ្យដូចទៅនឹងកូនដង្កូវ ដោយអ្នកអាចរកកន្លែងស្ងប់ស្ងាត់ដើម្បីឲ្យចិត្តរបស់អ្នកស្ងប់ ស្រស់បស់ឡើងវិញ។ ពេលចិត្តរបស់អ្នកស្ងប់នោះអ្នកនឹងអាចគិតរកយុទ្ធសាស្រ្ត ឬអាចស្វែងរកគំនិតថ្មីៗល្អៗជាមិនខាន។

៥) អត់ធ្មត់៖ ដើម្បីក្លាយខ្លួនជាមេអំបៅដ៏ស្រស់ស្អាត មេអំបៅត្រូវចំណាយពេលដ៏យូរទៅតាមដំណាក់កាលរបស់វា។ មនុស្សយើងក៏ដូចនឹងសត្វមេអំបៅ ត្រូវចេះអត់ធ្មត់ ខិតខំប្រឹងប្រែងធ្វើការដើម្បីបំពេញក្ដីស្រមៃរបស់អ្នក។ មិនយូរមិនឆាប់អ្នកប្រាកដជាអាចសម្រេចក្ដីសុបិន្តរបស់អ្នកជាមិនខានឲ្យតែមានការតស៊ូ អត់ធ្មត់។ ពាក្យចាស់បុរាណខ្មែរពោលថា៖ តក់ៗពេញបំពង់។

៦) រស់នៅក្នុងបច្ចុប្បន្ន៖ មេអំបៅមានជីវិតរស់ប្រហែលជា១ខែ។ ប្រសិនបើអ្នកមានជីវិតមួយខែ តើអ្នកនឹងធ្វើអ្វី? ការរស់នៅក្នុងពេលបច្ចុប្បន្នគឺពិតជាសំខាន់ខ្លាំងណាស់។ អ្នកត្រូវចេះរស់នៅដោយការពេញចិត្តនឹងខ្លួនរបស់អ្នក។ ជីវិតរបស់អ្នកមិនមាន ១០ឆ្នាំច្រើនដងនោះទេ ដូចនេះប្រសិនបើមានជីវិតហើយត្រូវចេះរស់នៅប្រកបដោយការពេញចិត្ត និងចំណាយពេលវេលាខ្លះនៅជាមួយគ្រួសារ មនុស្សជាទីស្រលាញ់របស់អ្នក នឹងមិត្តភក្ដិរបស់អ្នក។ នេះហើយគឺជាជីវិតមានន័យ៕ ដោយ៖ លង់ វណ្ណៈ

X
5s