ប្រទេស ២ នៅអាស៊ាន ប្រើប្រាស់រូបិយប័ណ្ណជាតិឈ្មោះ «ដុល្លារ»!
នៅអាស៊ីអាគ្នេយ៍ មានប្រទេស២ ដែលប្រើប្រាស់រូបិយប័ណ្ណជាតិឈ្មោះ «ដុល្លារ» ក្នុងនោះមានដូចជា សិង្ហបុរី (Singapore Dollar) និងប្រ៊ុយណេ (Brunei Dollar)។
ក្រដាសប្រាក់ដុល្លារប្រ៊ុយណេ ប្រ៊ុយណេ បានប្រើប្រាស់លុយដុល្លារនេះ តាំងពីឆ្នាំ ១៩៦៧ មកម្ល៉េះ។ វាត្រូវបានបែងចែកជា ១ សេន ដល់ ១០០ សេន។ ជាទូទៅវាត្រូវបានគេសរសេរជាសញ្ញា $ ឬ B$ ដើម្បីបែងចែកចេញពីរូបិយប័ណ្ណ ដែលមានតម្លៃជាប្រាក់ដុល្លារ។ បើសេនវិញ អាចសរសេរបានពីរបៀប គឺ Sen (ម៉ាឡេស៊ី) និង Cent (អាមេរិក)។ ប្រាក់ដុល្លារប្រ៊ុយណេ ត្រូវបានចេញដោយ អាជ្ញាធររូបិយវត្ថុប្រ៊ុយណេដារ៉ូសាឡឹម (Autoriti Monetari Brunei Darussalam)។ ក្រោមកិច្ចព្រមព្រៀងប្ដូររូបិយប័ណ្ណនៅឆ្នាំ ១៩៦៧ ប្រាក់ដុល្លារប្រ៊ុយណេ អាចផ្លាស់ប្ដូរបានជាមួយប្រាក់ដុល្លារសិង្ហបុរី ដូច្នេះប្រាក់ដុល្លារប្រ៊ុយណេ ត្រូវបានទទួលយកនៅក្នុងប្រទេសសិង្ហបុរី។ ចំណែកដុល្លារសិង្ហបុរី ក៏ត្រូវបានទទួលយក សម្រាប់ការទូទាត់នៅប្រ៊ុយណេដូចគ្នា។ ក្រដាសប្រាក់គេប្រើញឹកញាប់មាន $1, $5, $10, $50, $100។ កម្រប្រើ $20, $25, $500, $1000, $10,000។ កាក់ប្រាក់ដុល្លារ ដែលគេនិយមប្រើ 5, 10, 20, 50 cents។ កម្រប្រើ 1 cent។
ក្រដាសប្រាក់ដុល្លារសិង្ហបុរី ប្រាក់ដុល្លារសិង្ហបុរី ជារូបិយប័ណ្ណផ្លូវការរបស់ប្រទេសសិង្ហបុរី។ វាត្រូវបានបែងចែកជា ១០០ សេន។ ជាទូទៅវាត្រូវ បាន គេសរសេរជាសញ្ញា $ ឬ S$ ដើម្បីបែងចែកចេញពីរូបិយប័ណ្ណ ដែលមានតម្លៃជាប្រាក់ដុល្លារ។ អាជ្ញាធររូបិយវត្ថុសិង្ហបុរី ចេញក្រដាសប្រាក់ និងកាក់ប្រាក់ដុល្លារសិង្ហបុរី។ គិតត្រឹមឆ្នាំ ២០១៦ ប្រាក់ដុល្លារសិង្ហបុរី ជារូបិយប័ណ្ណដែលបានជួញដូរច្រើនបំផុតទី ១២ នៅលើពិភពលោកដោយតម្លៃ។ ក្រដាសប្រាក់គេប្រើញឹកញាប់មាន S$2, S$5, S$10, S$50, S$100, S$1,000 ។ កម្រប្រើ S$20, S$10,000។ កាក់ប្រាក់ដុល្លារ ដែលគេប្រើញឹកញាប់ 5, 10, 20, 50 cents, S$1 កម្រប្រើ 1 cent។
តម្លៃលុយដុល្លារប្រ៊ុយណេ សិង្ហបុរី ធៀបដុល្លារអាមេរិក ១ ដុល្លារប្រ៊ុយណេ ស្មើនឹង ១ ដុល្លារសិង្ហបុរី ស្មើនឹង 0.72 ដុល្លារអាមេរិក៕
ដោយ៖ សុវណ្ណមុនីលីតា