ដំបូន្មានដ៏មានតម្លៃ ១៣ យ៉ាងដែល «អ្នកមាន» ចង់ផ្ញើជូនទៅ «អ្នកក្រ»!
មានដំបូន្មានរាប់មិនអស់រាប់ទាំង សេដ្ឋី អ្នកជំនួញ និងវាគ្មិនជោគជ័យជាច្រើននិយាយអំពីការកសាងភាពមានបាននេះដែល Bizkhmer ធ្លាប់បានចេញផ្សាយនៅពេលកន្លងមក។ អត្ថបទនេះប្រៀបដូចជាការក្រើនរំលឹកមួយដើម្បីស្វែងយល់ពីផ្នត់គំនិតមួយចំនួនរបស់អ្នកមានសម្រាប់ចែករំលែកទៅអ្នកក្រថា តើគំនិតអ្នកមានខុសពីគំនិតអ្នកក្រយ៉ាងណាខ្លះ?
១.ជោគជ័យ មិនមែនជារបស់ហ្រ្វី(Free)ទេ ចង់មានទ្រព្យ និងជោគជ័យ អ្នកត្រូវតែធ្វើអ្វីម្យ៉ាង។ វាមិនមែនជារបស់ Free ឬ អំណោយដែលពួកគេមិនចាំបាច់ធ្វើ ហើយបានវាមកដោយឯងៗនោះទេ។ ចង់ជោគជ័យហិរញ្ញវត្ថុ អ្នកត្រូវហ៊ានជំនះឧបសគ្គ និងប្រឈមមុខបញ្ហារាប់មិនអស់។ នៅពេលមិត្តភក្ដិអ្នកកំពុងដើរលេងសើចសប្បាយ អ្នកគួរព្យាយាមធ្វើការរកប្រាកចំណូលឲ្យបានច្រើន។
២.ចង់មាន ត្រូវចេះដោះស្រាយបញ្ហា អ្នកមានជាច្រើនយល់ថា លុយហូរចេញពីគំនិត និងសមត្ថភាពដោះស្រាយបញ្ហារបស់ពួកគេ។ អ្នកមានលុយជាទូទៅគេសង្កេតឃើញថា ចូលចិត្តបង្កើតជំនួញផ្តល់សេវាកម្មដោះស្រាយបញ្ហាដល់អតិថិជន ដូចជា បើកភោជនីយដ្ឋាន សណ្ឋាគារ សេវាកម្មដឹកជញ្ជូន សាងសង់ជាដើម។ ជាលទ្ធផលពួកគេបានប្រាក់មកវិញជាថ្នូរនឹងការផ្តល់សេវាកម្មទាំងនោះ។
៣.ចេះរំពឹងឲ្យបានទុកខ្ពស់បំផុត អ្នកមានកំពូលៗ គ្មានអ្នកណាម្នាក់ៗ គ្មានក្តីសង្ឃឹម ឬ រំពឹងទុកថា ពួកគេមិនអាចងើបផុតពីភាពក្រីក្រនោះឡើយ។ នេះហើយជាអ្វីៗដែលអ្នកមានបង្រៀនអ្នកក្រថា ចង់មានត្រូវចេះរំពឹងទុកដាក់ក្តីស្រមើស្រមៃឲ្យធំថា នឹងធ្វើឲ្យមានទាល់តែបានទោះបីជាមានឧបសគ្គរារាំងយ៉ាងណាក៏ដោយ។ ការរំពឹងទុកធ្វើជាអ្នកមានមិនចាំបាច់រហូតដល់ពេញមួយជីវិតនោះឡើយ អ្នកត្រូវសម្រេចវាឲ្យបាននៅអាយុ ខ្ទង់ ៣០ ៤០ ឬ ៥០ទើបជារឿងល្អបំផុត។
៤.ចង់មាន កុំភ្លេចរាប់អានអ្នកជោគជ័យ មនុស្សនៅជុំវិញអ្នក ក៏មានឥទ្ធិពលដល់ភាពជោគជ័យរបស់អ្នកដែរ។ ចំពោះអ្នកមាន ពួកគេមិនភ្លេចឡើយក្នុងការចងសម្ព័ន្ធភាពជាមួយអ្នកជោគជ័យជាច្រើន ហើយសារនេះបានចែករំលែកទៅអ្នកខ្សត់ខ្សោយថា ត្រូវចេះរើសមនុស្សជោគជ័យមករាប់អានដោយមធ្យោបាយផ្សេងៗដើម្បីភាពជោគជ័យហិរញ្ញវត្ថុ។
៥.ធ្វើការតាមជំនាញដែលអ្នកស្រលាញ់ លុយមិនអាចផុសចេញមកបាននោះឡើយ ដរាបណាអ្នកមិនចូលចិត្តអ្វីមួយដែលអ្នកស្រលាញ់ដើម្បីរកប្រាក់ចំណូល។ អ្នកមានយល់ថា ការងារនាំមកនូវប្រាក់ចំណូល។ ដូច្នេះចង់មាន អ្នកត្រូវហ្វឹកហាត់ សិក្សារៀនសូត្រជំនាញ ឬបញ្ចេញទេពកោសល្យធ្វើការងារដែលពួកគេស្រលាញ់បំផុត។
៦.លុយអាចជួយដោះស្រាយបញ្ហាភាគច្រើនបាន អ្នកមានជាទូទៅពួកគេមិនខ្លាចនឹងអះអាងថា លុយមានសារសំខាន់ដែលអាចជួយឲ្យពួកគេដោះស្រាយបញ្ហាបានភាគច្រើននោះឡើយ។ ការពិតមានលុយមិនមែនសុទ្ធតែធ្វើឲ្យអ្នកសប្បាយនោះឡើយ ប៉ុន្តែបញ្ហា ៩០% អាចដោះស្រាយចេញនៅពេលមានលុយ។
៧.មានភាពវៃឆ្លាតក្នុងការវិនិយោគ ក្បូនមួយដែលអ្នកមានកំពុងធ្វើគឺ “ចង់មានត្រូវតាំងខ្លួនជាអ្នកវិនិយោគ មិនមែនអ្នកពូកែចាយនោះទេ”។ ដូច្នេះពួកគេចេះវិនិយោគលុយដោយវៃឆ្លាត ពេលគឺចាប់វិនិយោគពីថ្ងៃនេះ មិនមែនរង់ចាំដល់ថ្ងៃស្អែកនោះឡើយ។ ការវិនិយោគនេះ ត្រូវវិនិយោគលើអ្វីដែលអ្នកស្គាល់ច្បាស់ និងស្រលាញ់បំផុត។
៨.ត្រូវឆ្លាតក្នុងការចាយលុយ ការពិតអ្នកមានមិនមែនបង្រៀនកូនៗរបស់ខ្លួនមិនឲ្យចាយលុយនោះទេ។ ប៉ុន្តែពួកគេចង់ផ្តល់ដំបូន្មានថា ត្រូវមានភាពវ័យឆ្លាតក្នុងការចាយលុយ។ វិធីសាស្ត្រមួយដែលអាចចាត់ទុកថា ជាចំណាយប្រកបដោយប្រសិទ្ធភាព គឺត្រូវចាយឲ្យតិចជាងចំណូល ចាយលើអ្វីដែលមានប្រយោជន៍ និងចាំបាច់ មិនមែនខ្ជះខ្ជាយតាមតែអំពើចិត្តនោះឡើយ។
៩.មានជំនឿដើម្បីធ្វើជាអ្នកមានឲ្យបាន អ្នកមានប្រាប់កូនៗរបស់ពួកគេថា ពួកគេត្រូវតែក្លាយជាអ្នកមាន ពីព្រោះមានតែអ្នកក្រទេដែលថា មានឬក្រស្ថិតនៅលើសំណាង និងព្រេងវាសនា។ ដូចនេះពួកគេតែងផ្តល់ដំបូន្មានឲ្យកូនៗរបស់ខ្លួនចេះកែច្នៃជីវិតខ្លួនឯងឲ្យមានតម្លៃ មិនទោរទន់តាមព្រេងវាសនា ពោលគឺត្រូវបង្កើតសមត្ថភាពអ្វីមួយដើម្បីទាញលុយចេញពីហោប៉ៅអ្នកដទៃ។
១០.កុំចំណាយពេលឥតប្រយោជន៍ អ្នកមាន មានភាពឆ្លាតវៃក្នុងការគ្រប់គ្រងពេលវេលា។ ខណៈដែលអ្នកក្រចូលចិត្តចំណាយពេលឥតប្រយោជន៍ អ្នកមានមិនបណ្តែតបណ្តោយឲ្យពេលវេលារបស់ពួកគេកន្លងផុតទៅដោយគ្មានបានអ្វីមកវិញនោះឡើយ។ អ្នកមានបង្រៀនថា ចំណាយពេលលើការកម្សាន្តហួសហេតុ នឹងធ្វើឲ្យជីវិតរបស់ពួកគេមានឧបសគ្គ។ ប៉ុន្តែបើវិនិយោគលើពេលវេលាធ្វើអ្វីដែលមានប្រយោជន៍ វានឹងធ្វើឲ្យពួកគេមានសេរីភាពហិរញ្ញវត្ថុ។
១១.ផ្ដោតលើការរកប្រាក់ចំណូល អ្នកមានបង្រៀនអ្នកក្រឲ្យផ្ដោតខ្លាំងលើការរកប្រាក់ចំណូល។ ហេតុដូច្នេះហើយ ខុសពីផ្នត់គំនិតអ្នកក្រ ឬអ្នកធ្វើការឲ្យគេដែលពឹងតែលើប្រាក់ខែតែមួយមុខ អ្នកមានចូលចិត្តរកគន្លឹះទាញប្រាក់ចំណូលឲ្យបានច្រើនប្រភព។ ចំណុចនេះមិនមែនបង្រៀនអ្នកឲ្យហ៊ានធ្វើអ្វីៗសព្វបែបយ៉ាងដើម្បីតែលុយនោះឡើយ ពោលគឺរកលុយចេញ ពីសមត្ថភាព ទេពកោសល្យ ឬ ចំណាប់អារម្មណ៍របស់ខ្លួនមានដើម្បីទាញប្រាក់ចំណូល។
១២.អ្នកមានមិនមែនសុទ្ធតែមនុស្សឆ្លាតនោះឡើយ អ្នកមានទាំងអស់ មិនមែនជាមនុស្សឆ្លាត ឬមនុស្សអាទិទេពអ្វីនោះឡើយ។ មានលុយច្រើនវាមិនសំខាន់ថា អ្នកត្រូវឆ្លាត បំផុត ឬ ពូកែបំផុតនោះទេ។ អ្វីដែលសំខាន់គឺស្ថិតនៅត្រង់ថា តើអ្នកបានរកឃើញទេពកោសល្យរបស់អ្នក ឬ សមត្ថភាពណាមួយផ្តល់ឲ្យអ្នកដទៃពឹងពាក់មកលើអ្នកដើម្បីជាថ្នូរមកវិញជាប្រាក់បានហើយឬនៅ?
១៣.ទ្រព្យបង្កើតសេរីភាព កុំបដិសេធន៍ទស្សនៈនេះ។ អ្នកមានជាទូទៅ មានសេរីភាព។ ពួកគេចង់ទិញអ្វីៗដែលពួកគេចង់ទិញ អាចដើរទៅកន្លែងណាដែលពួកគេចង់ទៅ ចង់នៅកន្លែងណាដែលពួកគេចង់នៅ។ សេរីភាពហិរញ្ញវត្ថុនេះធ្វើឲ្យមនុស្សកាត់បន្ថយក្តីកង្វល់ និងរួមចំណែកធ្វើឲ្យពួកគេបង្កើតសុភមង្គលបាន៕
ប្រភព៖ cnbc