បារខែមអាស៊ាននៅកម្ពុជា បំបែកកំណត់ត្រាពិភពលោក មានអ្នកចូលរួមច្រើនជាង ៨ពាន់នាក់
កម្មវិធីបារខែមអាស៊ាន ២០១៨ បានធ្វើឡើងនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា នឹងទើបតែបានបញ្ចប់កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយបានបំបែកកំណត់ត្រាក្លាយជាកម្មវិធីធំជាងគេបំផុតនៅក្នុងពិភពលោកដែលមានអ្នកចូលរួមច្រើនជាង ៨០០០នាក់ នឹងបានយកឈ្នះកំណត់ត្រាចាស់គឺបារខែមយ៉ាំងហ្គូននៃប្រទេសភូមា ដែលមានអ្នកចូលរួមប្រមាណ ៦៤០០នាក់កាលពីខែមករា ឆ្នាំ២០១៣។
បារខែមកម្ពុជា ដោយមានការគាំទ្រពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំយុវជននិងកីឡា បានរៀបចំនៅកម្មវិធីបារខែមអាស៊ាន២០១៨ ស្តីអំពី "សន្និបាតបច្ចេកវិទ្យា និងការចាប់ផ្ដើមអាជីវកម្ម" លើកទី១១ លើប្រធានបទ " Powering Your Future " ក្រោមអធិបតីភាព ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ដោយក្នុងនោះផងដែរក៏មានការពីសំណាក់វាគ្មិនជំនាញចំនួន៩៥រូប ជាមួយនឹងប្រធានបទចំនួន៨៥ប្រធានបទ។
គួរបញ្ជាក់ផងដែរថា កម្មវិធីបារខែមអាស៊ាន ២០១៨នេះ ប្រារព្ធឡើងក្នុងគោលបំណងធ្វើការជួបជុំរវាងសិស្សនិស្សិត, Tech Startups, បុគ្គលិកក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងអ្នកជំនាញដើម្បីពិភាក្សា ចែករំលែកបទពិសោធន៍និងចំណេះដឹង ដល់សិស្សនិស្សិត អាជីវកម្មធុនតូចនិងមធ្យម បុគ្គលិកក្រុមហ៊ុន បុគ្គលិកសហគ្រាសនានានិងមហាជនទូទៅអំពី បច្ចុប្បន្នភាពនៃបច្ចេកវិទ្យា សេដ្ឋកិច្ច ធនធានមនុស្ស ហិរញ្ញវត្ថុ ទីផ្សារ ការឆ្នៃប្រឌិត និងជំនាញឌីជីថល ក្នុងប្រទេសកម្ពុជាក៏ដូចជាក្នុងតំបន់៕
អត្ថបទ ៖ ជួប ស្រីរ័ត្ន