មេរៀនជីវិតទាំង ១០ របស់ឡៅជឺ ទស្សនវិទូចិនបុរាណ មានតម្លៃមហាសាល​



ឡៅ ជឺ (Lao Tzu) គឺទស្សនៈវិទូបុរាណដ៏ល្បីល្បាញមួយរូបក្នុងប្រវត្តិសាស្ត្រចិន។ ឡៅ ជឺ ត្រូវបានគេស្គាល់ថាជាបុគ្គលដែលមានចំណេះដឹងខ្ពង់ខ្ពស់ ហើយរាល់ទស្សនៈរបស់លោកត្រូវបានគេទទួលស្គាល់ និងយកទៅប្រតិបត្តិទូទាំងពិភពលោក។ ថ្ងៃនេះ BizKhmer សូមលើកយកមេរៀនជីវិតទាំង ១០ របស់ឡៅជឺ ទស្សនវិទូចិនបុរាណ  មកចែកជូនមិត្តអ្នកអានដើម្បីជាការស្វែងយល់៖

១) កំណប់ទ្រព្យ៣យ៉ាងក្នុងជីវិត៖ «ភាពសាមញ្ញ ការអត់ធ្មត់ និងចិត្តមេត្តាអាណិតអាសូរ។ របស់ទាំង៣នេះគឺជាកំណប់ទ្រព្យដ៏មានតម្លៃអស្ចារ្យក្នុងជីវិតរបស់អ្នក។ ភាពសាមញ្ញក្នុងសកម្មភាព និងចិត្តគំនិត មានការអត់ធ្មត់ចំពោះមិត្តភក្តិនិងសត្រូវរបស់អ្នក មានចិត្តមេត្តាចំពោះខ្លួនអ្នក។»

២) ភាពឆ្លាតវៃ៖ «ការស្គាល់អ្នកដទៃគឺជាភាពឆ្លាតវៃ ការស្គាល់ខ្លួនឯងគឺជាគតិបណ្ឌិត។ ការគ្រប់គ្រងអ្នកដទៃគឺជាភាពខ្លាំង ការគ្រប់គ្រងខ្លួនឯងគឺជាអំណាចដ៏ពិតប្រាកដ។»

៣) បោះបង់៖ «ជីវិតគឺជាដំណើរនៃធម្មជាតិនិងការផ្លាស់ប្ដូរ។ កុំប្រឆាំងនឹងការផ្លាស់ប្ដូរ បើទោះបីជាវាបង្កភាពឈឺចាប់ទុក្ខសោកបន្តិចមែន។ ភាពពិតប្រាកដនៅតែជាភាពពិតប្រាកដ។ បណ្ដោយឲ្យអ្វីគ្រប់យ៉ាងប្រព្រឹត្តិទៅតាមដំណើរធម្មជាតិរបស់វា។»

៤) អ្នកគឺជាអ្នក៖ «ពេលដែលអ្នកស្រលាញ់ពេញចិត្តនឹងខ្លួនអ្នក ហើយមិនប្រៀបធៀបឬយកឈ្នះយកចាញ់អ្នកដទៃ មនុស្សគ្រប់គ្នានឹងគោរពអ្នក។» «ដោយសារតែអ្នកមានជំនឿជាក់លើខ្លួនអ្នក អ្នកនឹងមិនព្យាយាមបញ្ចុះបញ្ចូលអ្នកដទៃ។ ដោយសារតែអ្នកពេញចិត្តនឹងខ្លួនអ្នក អ្នកមិនត្រូវការការយល់ព្រមពីអ្នកដទៃ។ ដោយសារតែអ្នកហ៊ានទទួលស្គាល់ខ្លួនអ្នក ពិភពលោកទាំងមូលនឹងទទួលយកអ្នក។» «មនុស្សដែលមានសេចក្ដីក្លាហានក្រៅខ្លួន ហ៊ានសម្លាប់ខ្លួន ប៉ុន្តែមនុស្សដែលមានសេចក្ដីក្លាហានក្នុងខ្លួនហ៊ានរស់នៅដើម្បីបន្តជីវិត។»

៥) រស់នៅក្នុងបច្ចុប្បន្ន៖ «ប្រសិនបើអ្នកមានទុក្ខកង្វល់ មានន័យថាអ្នកកំពុងរស់នៅក្នុងអតីកាល។ ប្រសិនបើអ្នកភ័យព្រួយ ខ្វាយខ្វល់ មានន័យថាអ្នកកំពុងតែរស់នៅក្នុងអនាគត។ ប្រសិនបើអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ មានន័យថាអ្នកកំពុងរស់នៅក្នុងបច្ចុប្បន្ន។»

៦) សិល្បៈនៃភាពសាមញ្ញ៖ «ពេញចិត្តជាមួយនឹងអ្វីដែលអ្នកមាន ត្រេកអរទៅនឹងវត្ថុគ្រប់យ៉ាងប្រព្រឹត្តិទៅតាមដំណើររបស់វា។ នៅពេលដែលអ្នកដឹងថាគ្មានអ្វីដែលខ្វះខាត ពិភពលោកអ្នកមូលនឹងក្លាយជារបស់អ្នក។»

៧) ភាពអមតៈ៖ «ប្រសិនបើអ្នកយល់អំពីអ្នកដទៃនោះអ្នកគឺជាមនុស្សឆ្លាត។ ប្រសិនបើអ្នកយល់អំពីខ្លួនអ្នក នោះអ្នកមានពន្លឺត្រចះត្រចង់។ ប្រសិនបើអ្នកអាចយកឈ្នះអ្នកដទៃ អ្នកមានអំណាច។ ប្រសិនបើអ្នកយកឈ្នះខ្លួនអ្នក អ្នកមានភាពខ្លាំង។ ប្រសិនបើអ្នកដឹងអំពីរបៀបនៃការពេញចតិ្ត នោះអ្នកមានភាពមានបាន។ ប្រសិនបើអ្នកអាចធ្វើសកម្មភាពដោយភាពអង់អាច អ្នកមានចំណង់ពិតប្រាកដ។ ប្រសិនបើអ្នកមិនបាត់បង់គោលដៅរបស់អ្នក នោះអ្នកនឹងអាចនៅគង់រង្សយូរអង្វែង។ ប្រសិនបើអ្នកស្លាប់ដោយបន្សល់ទុកនូវកេរ្ត៍ឈ្មោះ នោះអ្នកនឹងនៅជាអមតៈ។

៨) សារះសំខាន់នៃមេត្តាធម៌៖ «ភាពសុចរិកក្នុងពាក្យសម្ដីបង្កើតនូវភាពក្លាហាន។ ភាពសុចរិកក្នុងការគិតបង្កើតនូវភាពអស្ចារ្យ។ ភាពសុចរិកក្នុងការផ្ដល់ឲ្យបង្កើតនូវសេចក្ដីស្រលាញ់។»

៩) វត្ថុមានតម្លៃ៣យ៉ាងក្នុងជីវិត៖ «របស់មានតម្លៃ៣យ៉ាងក្នុងជីវិត៖ ទី១ ភាពល្អប្រពៃ ទី២ ភាពសន្សំសំចៃ ទី៣ ភាពចេះដាក់ខ្លួន។

១០) កុំបោះបង់សុបិនរបស់អ្នក៖ «ប្រយ័ត្នទៅនឹងអ្វីដែលអ្នកនឹងស្រោចទៅលើក្ដីសុបិនរបស់អ្នក។ ប្រសិនបើអ្នកស្រោចទុក្ខកង្វល់ និងសេចក្ដីភ័យខ្លាច នោះអ្នកនឹងបណ្ដុះនូវស្មៅចង្រៃដែលនឹងរុំព័ទ្ធជីវិតរបស់អ្នកមិនឲ្យសម្រេចក្ដីស្រមៃរបស់អ្នកឡើយ។ ប្រសិនបើអ្នកស្រោចនូវសុទិដ្ឋិនិយម និងដំណោះស្រាយ នោះអ្នកនឹងទទួលបានផ្លែផ្កាពីភាពជោគជ័យ។ រកមើលពីវិធីក្នុងការថែទាំក្ដីសុបិនរបស់អ្នកឲ្យបានល្អ។

ដោយ៖ លង់ វណ្ណៈ

X
5s