ហេតុអ្វី​អ្នក​គួរទទួលទាន​តែបៃតងក្ដៅអ៊ុនៗ ១កែវមុនចូលគេង?​



ទទួលទាន​តែ​បៃតង​ក្ដៅៗ​អ៊ុនៗ​ ១ កែវ​មុន​ពេល​ចូល​គេង​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ មាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​សុខភាព​របស់​យើង។ វា​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម និង​ជីវជាតិ​បំប៉ន​ជា​ច្រើន​ប្រភេទ​ដែល​សុទ្ធតែ​មាន​ឥទ្ធិពល​ខ្លាំងក្លា​ចំពោះ​សុខភាព​របស់​យើង។ ខាងក្រោម​នេះ​គឺជា​ហេតុផល​ទាំង​៥យ៉ាង​ដែល​អ្នក​គួរ​ទទួលទាន​តែ​បៃតង​១កែវ​មុន​ពេល​ចូល​គេង៖

១) ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល៖ ការ​គេង​មិន​គ្រប់គ្រាន់​អាច​នាំ​ទៅ​រក​ហានិភ័យ​ពី​ជំងឺ​ផ្សេងៗ​បាន​ជាច្រើន​មុខ។ ហេតុនេះ​ហើយ​ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​គឺជា​រឿង​សំខាន់​មួយ​ដែល​អ្នក​ត្រូវ​ធ្វើ​ឲ្យ​បាន​ជា​ប្រចាំ។ បើ​អ្នកមាន​ផល​លំបាក​ជាមួយ​នឹង​ការ​គេង អ្នក​អាច​ចាប់ផ្ដើម​ទទួលទាន​តែ​បៃតង​ក្ដៅ​អ៊ុនៗ​១កែវ​មុន​ពេល​ចូល​គេង ដើម្បី​សម្រួល​ដល់​ការ​គេង​របស់​អ្នក​ឲ្យ​លង់លក់​ស្កប់ស្កល់។

២) កាត់បន្ថយ​ហានិភ័យ​ពី​ជំងឺ​មហារីក៖ មាន​ការ​សិក្សា​ជាច្រើន​សុទ្ធតែ​បាន​អះអាង​ថា ការ​ទទួលទាន​តែ​បៃតង​អាច​កាត់បន្ថយ​ហានិភ័យ​ពី​ជំងឺ​មហារីក​ជាច្រើន​ប្រភេទ​ដូចជា ថ្លើម ពោះវៀន សុដន់ ក្រពះ លំពែង ក្រពេញ​ប្រូស្តាត និង​ប្លោក​នោម។

៣) ការពារ​សុខភាព​បេះដូង៖ មាន​ការ​ស្រាវជ្រាវ​មួយ​ដែល​បាន​ធ្វើការ​សិក្សា​ទៅលើ​មនុស្ស​ជំទង់​ជាង​៤មឺុន​នាក់​ក្នុង​ប្រទេស​ជប៉ុន​បាន​រក​ឃើញ​ថា អ្នក​ដែល​បាន​ទទួលទាន​តែ​បៃតង​ច្រើន​ជាង​៥​កែវ​ក្នុង​១ថ្ងៃ​មាន​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​បេះដូង​និង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ទាប​ជាង​អ្នក​ដែល​មិន​បាន​ទទួលទាន។

៤) កាត់បន្ថយ​ស្ត្រេស​និង​ជំងឺ​ធ្លាក់​ទឹកចិត្ត៖ ជាតិ​កាហ្វេអ៊ីន​នៅ​ក្នុង​តែ​បៃតង​អាច​ជួយ​ធ្វើឲ្យ​អារម្មណ៍​របស់​អ្នក​ប្រសើរ​ឡើង​បាន។ ជាមួយ​គ្នា​នេះ​ដែរ សារធាតុ​L-theanine​ដែល​មាន​ក្នុង​តែ​បៃតង​ក៏​មាន​សមត្ថភាព​អាច​ប្រយុទ្ធ​ជាមួយ​នឹង​រោគសញ្ញា​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​បាន​ទៀត​ផង។

៥) គ្រប់គ្រង​កម្រិត​កូឡេស្តេរ៉ុល៖ តែបៃតង​ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​កាត់បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​ក្នុង​ឈាម។ ទោះជាយ៉ាងណា ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​របស់​វា​ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុង​ពេល​ជាមួយ​គ្នា អ្នក​ក៏​ត្រូវ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​កូឡេស្តេរ៉ុល​ទាប ព្រម​ទាំង​ធ្វើ​លំហាត់​ប្រាណ​ផង​ដែរ៕

ដោយ៖ ស្រីពៅ

X
5s