ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ត ៤ចំណុចដើម្បីជំរុញការជួញដូរ
ការជួញដូរនៅក្នុងវិស័យមូលបត្រកម្ពុជា បច្ចុប្បន្ននៅមានកម្រិតនៅឡើយ ដោយយើងសង្កេតឃើញថា ការជូញដូរក្នុងមួយថ្ងៃជាមធ្យម មានប្រហែល ១ម៉ឹនដុល្លាប៉ុណ្ណោះ ដោយឡែកបើយើងមើលទៅលើទីផ្សារបរទេសវិញ មានរហូតដល់រាប់រយលានដុល្លារឯណោះក្នុងមួយថ្ងៃ ដោយសារតែវិស័យនេះមានសារៈសំខាន់និងផ្ដល់ប្រយោជន៍ជាច្រើនដល់ប្រជាជនក៏ដូចជាបណ្ដាក្រុមហ៊ុននានា ទើបក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា(ផ.ម.ក.)ជម្រុញឲ្យសាធារណៈជនទូទៅចូលរួមឲ្យបានច្រើនកុះករ។
លោកស្រី គីម សុផានីតា ប្រធានស្ដីទីនាយកដ្ឋានប្រតិបត្តិការទីផ្សារ នៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានធ្វើបទបង្ហាញអំពី ការវិវត្តន៍នៃការចូលរួមវិនិយោគក្នុងវិស័យមូលបត្រនៅកម្ពុជា ក្នុងសិក្ខាសាលាសម្រាប់អ្នកសាព័ត៌មានលើកទី០៨ ស្ដីពី "បច្ចុប្បន្នភា់ពទីផ្សារមូលបត្រនៅកម្ពុជា" នៅទីស្ដីការគណកម្មការមូលបត្រកម្ពុជា ដោយក្នុងនោះលោកស្រីបានលើកឡើងអំពីយុទ្ធសាស្រ្តចំនួន៤របស់ ផ.ម.ក. ដើម្បីជំរុញដល់ការជួញដូរ៖
ទី១ ការបង្កើត និងជម្រុញផលិតផលថ្មីៗ៖ ផ្សារណាក៏ដូចជាផ្សារណាដែរទាល់តែមានទំនេញច្រើនទើបគេចង់ទិញនឹងចង់លក់ ដូច្នេះត្រូវរកផលិតផល និងក្រុមហ៊ុនល្អៗឲ្យបានច្រើនដើម្បីឲ្យក្រុមហ៊ុនអាចបំពេញតម្រូវការបាន នេះជាការលើកឡើងរបស់លោកស្រី សុផានីតា លោកស្រីបន្តថា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាដោយមានការគាំទ្រពីគណៈកម្មការមូលបត្រកម្ពុជាយល់ឃើញថាក្រុមហ៊ុនដែលសាកសមបំផុតសម្រាប់បោះផ្សាយលក់មូលបត្រគឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារមីក្រូហិរញ្ញវត្ថុព្រោះ ភាគច្រើនប្រជាជនទុកចិត្តហើយខាងក្រុមហ៊ុនទាំងនោះក៏រកស៊ីចំណេញច្រើនដែរ។
ទី២ ការផ្សព្វផ្សាយទីផ្សារក្នុងស្រុកនឹងក្រៅស្រុក៖ ដោយសារតែប្រជាជនខ្មែរភាគច្រើនមិនសូវបានស្គាល់ពាក់ព័ន្ធនឹងវិស័យនេះដូច្នេះហើយវាធ្វើឲ្យមានការពិបាកក្នុងការជំរុញឲ្យពួកគាត់ចូលរួម ដូច្នេះហើយ ផ.ម.ក. និងព្យាយាមបង្កើតសិក្ខាសាលាពាក់ព័ន្ធនឹងវិស័យនេះបន្ថែមទៀតដើម្បីពន្យល់ដល់ពួកគាត់។ ដោយសារតែនៅក្នុងស្រុកត្រូវការចំណាយពេលច្រើនក្នុងការពង្រឹង ដូច្នេះផ.ម.ក. ក៏បានរៀបចំសិក្ខាសាលាទៅក្រៅប្រទេសជាច្រើនផងដែរដើម្បីទាក់ទាញវិនិយោគក្រៅស្រុក។
ទី៣ វគ្គបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយជាសាធារណៈ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានរៀបចំជាសិក្ខាសាលាជាច្រើនដើម្បីបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋអំពីសារៈប្រយោជន៍នៃវិស័យនេះ ជាក់ស្ដែងនៅឯផ្សារមូលបត្រផ្ទាល់គឺមានបើកវគ្គបណ្ដុះបណ្ដាលជាប្រចាំខែដោយឥតគិតថ្លៃសម្រាប់លោកអ្នក ដូច្នេះលោកអ្នកអាចតាមដានហ្វេសប៊ុកផេករបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាដើម្បីទទួលបានព័ត៌មានជាច្រើនដែលពាក់ព័ន្ធនឹងវិស័យនេះ។
ទី៤ គម្រោងអភិវឌ្ឍផ្នែកប្រតិបត្តិការនាពេលខាងមុខដើម្បីជម្រុញការជួញដូរ៖ គម្រោងពង្រីកម៉ោងជួញដូរ ព្រោះបច្ចុប្បន្នផ្សារមូលបត្រគឺធ្វើការជួញដូរតែមួយព្រឹកប៉ុណ្ណោះ ដូច្នេះផ.ម.ក. មានគម្រោងនឹងបន្ថែមម៉ោងជួញដូររហូតដល់ម៉ោង៣រសៀល ក្នុងនោះផងដែរផ.ម.ក. ក៏កំពុងតែសិក្សាពីលិទ្ធភាពឲ្យវិនិយោគិនគាត់អាចបើកគណនេយ្យតាមរយៈប្រព័ន្ធអនឡាញបានដោយមិនចាំបាច់ទៅដល់ក្រុមហ៊ុនមូលបត្រក្នុងការបំពេញសំណុំឯកសារផ្សេងៗ បន្ថែមពីនោះផ.ម.ក. ក៏កំពុងតែសហការជាមួយគណកម្មការមូលបត្រកម្ពុជាផងដែរដើម្បីជួយគាំទ្រផ្នែកប្រតិបត្តិការរបស់ពួកគាត់ និងមួយទៀតផ.ម.ក. និងមានគម្រោងក្នុងការបង្កើតប្រព័ន្ធជួយសម្រួលដល់ការជួញដូរប័នបំណុលផងដែរ៕
អត្ថបទ៖ ជួប ស្រីរ័ត្ន