ចង់មានសេរីភាពហិរញ្ញវត្ថុ គួរចងចាំដំបូន្មាន ៧ ឃ្លានេះទុកជាមុនសិន
អ្នកណាៗក៏ចង់មានសេរីភាពហិរញ្ញវត្ថុ។ ក៏ប៉ុន្តែចម្ងល់នៅត្រង់ថា តើធ្វើម៉េចទើបមានសេរីភាពហិរញ្ញវត្ថុ? ពេលអ្នកបានអានអត្ថបទនេះ អ្នកប្រហែលជាអាចគិតអណ្ដែតអណ្ដូងដូចខ្លួនឯងកំពុងមានសេរីភាពហិរញ្ញវត្ថុខ្លាំងណាស់។ បើដូច្នេះមែន សូមកុំប្រញាប់ប្រញាល់គិតលឿនដល់ថ្នាក់នេះអី! អ្នកគួរស្វែងយល់ពីដំបូន្មានខ្លះៗរបស់បុគ្គលល្បីៗ ដែលលើកឡើងអត្ថន័យនៃសេរីភាពហិរញ្ញវត្ថុខាងក្រោមនេះជាមុនសិន។
១.អ្នកមានជឿថា ពួកគេជាអ្នកច្នៃជីវិតខ្លួនឯងឲ្យលេចរូបរាងឡើង។ អ្នកក្រនិយាយថា ជីវិតបានផ្តល់ឲ្យពួកគេតែប៉ុណ្ណឹង―T. Harv Eker សេរីភាពផ្នែកហិរញ្ញវត្ថុចាប់ផ្តើមដោយផ្នត់គំនិតដ៏ត្រឹមត្រូវមួយដើម្បីឆក់យកទ្រព្យសម្បត្តិនិងគោលដៅរបស់អ្នក។ ដំបូន្មានមួយនេះបានរំឭកអ្នកថា មនុស្សដែលមានគំនិតសម្បូរបែប អាចរចនាជីវិត និងធ្វើឲ្យក្តីសុបិន្ដរបស់ពួកគេក្លាយជាការពិតបាន។ បុគ្គលទាំងនេះមិនមែនជាមនុស្សកំសាក អសកម្មនៅក្នុងល្បែងជីវិត ឬការបង្កើតទ្រព្យសម្បត្តិរបស់ខ្លួននោះឡើយ។
២.បុគ្គលិក គឺជាទ្រព្យសម្បត្តិរបស់អ្នក។ ត្រូវហ៊ានចំណាយលុយបណ្តុះបណ្តាលពួកគេ។ តែបើពួកគេនៅតែធ្វើមិនកើតទៀត អនុញ្ញាតឲ្យពួកគេចេញទៅ―Manoj Arora ដោយសារការរកលុយមិនមែនជារឿងងាយស្រួល ការចំណាយរបស់អ្នកក៏ត្រូវតែប្រុងប្រយ័ត្នដែរ។ អ្នកត្រូវហ៊ានវិនិយោគទៅលើអ្វីដែលអ្នកគិតថា អាចកើបប្រាក់ចំណេញមកវិញបានច្រើនទោះនៅក្នុងរយៈពេលយូរប៉ុណ្ណាក៏ដោយ។ កុំចំណាយអ្វីដែលគ្មានប្រយោជន៍ ហើយបើអ្នកជាអ្នកគ្រប់គ្រងគេ អ្នកគួរដឹងថា បុគ្គលិកណាគួរត្រូវបានដំឡើងតំណែង បុគ្គលិកណាគួរត្រូវបានបណ្តេញចេញពីការងារ។
៣.លុយគឺជាអ្វីដែលយើងជ្រើសរើសដើម្បីជំរុញឲ្យជីវិតរបស់យើងមានតម្លៃ― Vicki Robin តើអ្នកធ្លាប់ទេ នៅពេលកំពុងធ្វើការ ហើយស្រមៃថា អ្នកហាក់បីដូចជាកំពុងនៅផ្ទះអង្គុយសើចសប្បាយជាមួយកូនៗរបស់អ្នក ឬ កំពុងស្ថិតនៅលើឆ្នេរខ្សាច់ក្រេបទឹកឃ្មុំយ៉ាងផ្អែមល្ហែមជាមួយមនុស្សជាទីស្រលាញ់របស់អ្នក? នេះមានន័យថា ការខិតខំធ្វើការរកលុយ របស់អ្នក គឺដើម្បីយកវាមកធ្វើជាមធ្យោបាយសម្រាប់បំពេញតម្រូវការផ្សេងៗនៅក្នុងជីវិតរបស់អ្នក។ នៅពេលអ្នកមានលុយ និងមានសេរីភាពហិរញ្ញវត្ថុ អ្នកអាចចង់ ទៅកន្លែងណាដែលអ្នកចង់ទៅ ទិញអ្វីដែលអ្នកចង់ទិញ នៅជាមួយមនុស្សដែលអ្នកចង់នៅ មិនមែនត្រឹមតែពេញចិត្តអ្វីដែលអ្នកមាននោះទេ។
៤.អាថ៌កំបាំងនៃការកសាងទ្រព្យសម្បត្តិគឺងាយស្រួលទេ។ រកវិធីធ្វើឲ្យបានច្រើនជាងអ្នកដទៃ ល្អជាងអ្នកដទៃ ហើយច្នៃខ្លួនឯងឲ្យកាន់តែមានតម្លៃ។ ធ្វើឲ្យបានកាន់តែច្រើន និង ចែករំលែកឲ្យបានកាន់តែច្រើន― Tony Robbins៖ ចង់សម្រេចបានសេរីភាពហិរញ្ញវត្ថុ អ្នកត្រូវងើបឲ្យផុតពីអ្វីដែលអ្នកកំពុងមាននៅ ពេលនេះ។ អ្នកមិនត្រូវរស់នៅដូចមនុស្សសាមញ្ញទូទៅនោះឡើយ។ អ្នកត្រូវតែដើរទៅមុខឲ្យបានឆ្ងាយជាងពួកគេ ពោលគឺត្រូវធ្វើ និងផ្តល់ឲ្យអ្នកដទៃឲ្យបានច្រើនជាទីបំផុតរហូតអ្នកផ្សេងទៀតមិនអាចធ្វើដូចអ្នកបាន។
៥. ចង់មាន គឺត្រូវមានលុយ ចង់បានទ្រព្យ គឺត្រូវការពេលវេលា― Margaret Bonnano៖ មានលុយគឺជាផ្នែកមួយដ៏សំខាន់នៃសេរីភាពហិរញ្ញវត្ថុ។ ប៉ុន្តែវាគ្រាន់តែមធ្យោបាយមួយសម្រាប់ជួយសម្រួលដល់ដំណើរជីវិតរបស់អ្នកតែប៉ុណ្ណោះ។ បើអស់លុយ អ្នកអាចរកលុយបានច្រើនមកបន្ថែមទៀតបាន តែបើបាត់បង់ពេលវេលាហើយនោះ អ្នកមិនអាចរកបន្ថែមទៀតបានទេ។ នេះហើយជាមូលហេតុដែលអ្នកត្រូវបែងចែក និងចេះគ្រប់គ្រងពេលវេលាឲ្យបានត្រឹមត្រូវ។ បើអ្នកអាចគ្រប់គ្រងពេលវេលាបាន ឱកាសកសាងភាពមានបានក៏មានច្រើនដែរ។
៦. ដើម្បីក្លាយជាអ្នកមាន អ្នកត្រូវរកលុយបន្ថែមឲ្យបានកាន់តែច្រើន បើទោះបីជាកំពុងដេកក៏ដោយ― David Bailey ប្រសិនបើអ្នកកំណត់ពេលរកលុយត្រឹមតែ ៨ ម៉ោងក្នុងមួយថ្ងៃនោះ អ្នកពិបាកនឹងរកឃើញសេរីភាពហិរញ្ញវត្ថុណាស់។ដើម្បីកសាងទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភបាន អ្នកត្រូវមានសមត្ថភាពរកលុយនៅពេលអ្នកកំពុងដេក។ នេះមានន័យថា អ្នកកំពុងដេកមែនពិត តែលុយរបស់អ្នកដូចជាលុយសន្សំ លុយវិនិយោគជាដើម នឹងអាចដើររកលុយឲ្យអ្នកបានគ្រប់ពេល។
៧.សេរីភាពហិរញ្ញវត្ថុ គឺជាសេរីភាពដែលងើបផុតពីភាពភ័យខ្លាច — Robert Kiyosaki៖ តើអ្នកគ្មានអារម្មណ៍ក្នុងខ្លួនមែនទេនៅពេលហេតុការណ៍ដ៏រន្ធត់មួយមកពញ្ញាក់អារម្មណ៍របស់អ្នក? តើអ្នកធ្លាប់មានអារម្មណ៍ថា បើលាឈប់ពីការងារទៅ អ្នកនឹងគ្មានលុយ? អ្នកមិនចង់ផ្លាស់ប្ដូរការងារពីព្រោះតែអ្នកបារម្ភរកការងារមិនបានធ្វើ ឬការងារកន្លែងថ្មីមិនប្រាកដថាល្អដូចកន្លែងដើម។ ជាលទ្ធផលភាពភ័យខ្លាចគ្មានផ្តល់ផលអ្វីមកអ្នកទេ វាបានត្រឹមតែធ្វើឲ្យអ្នកជាប់គាំងនៅមួយកន្លែង មិនព្រមផ្លាស់ប្ដូរទៅមុខ។ ដូចនេះបើអ្នកមានសេរីភាពហិរញ្ញវត្ថុ តើមានអ្វីគួរឲ្យព្រួយបារម្ភចំពោះរឿងទាំងនេះ?
ប្រភព៖ chimebank