ម៉ី ផល្គុន មើលឃើញថា Business Directory Platform កាន់តែចាំបាច់សម្រាប់ទីផ្សារកម្ពុជា​



ដើម្បីបង្កើតនូវអ្វីដែលថ្មី⁣ និងជួយផ្ដល់នូវដំណោះស្រាយតាមបែបឌីជីថលដល់អាជីវកម្មកម្ពុជា លោក ម៉ី ផល្គុន បានសម្រេចចិត្តបង្កើត គេហទំព័រ បញ្ជីទំនុកចិត្តបណ្តុំពាណិជ្ជ ដែលហៅតាមភាសាអង់គ្លេសថា Business Trust Directory ដែលធំជាងគេ និងមានលក្ខណៈទំនើបជាងគេដំបូងបំផុត នៅកម្ពុជាឈ្មោះ khpages.com កាលពីអំឡុង ខែមេសា ឆ្នាំ២០១៧ ក្រោយពីលោកបានមើលឃើញថា ទីផ្សារកម្ពុជាមិនទាន់មានចំណុចសំខាន់៣យ៉ាងនេះនៅឡើយ។

ក្នុងបទសម្ភាសន៍ជាមួយក្រុមការងារ BizKhmer លោក ផល្គុនបានលើកឡើងអំពី ចំណុចខ្វះខាតទាំង៣យ៉ាងក្នុងទីផ្សារកម្ពុជាថា៖

ទី១ Business Profile Listing គឺជាការប្រមូលផ្ដុំបញ្ជីពាក់ព័ន្ធនឹងអាជីវកម្ម និងព័ត៍មានលម្អិតអំពីការធ្វើអាជីវកម្ម គឺនៅមានការខ្វះខាតនៅឡើយសម្រាប់ប្រទេសកម្ពុជា ដែលធ្វើឲ្យអ្នកធ្វើអាជីវកម្មពិបាកក្នុងការស្វែងរកនូវព័ត៌មានដែលអាចទុកចិត្តបាន។ ដូច្នេះសម្រាប់ KH Pages គឺព្យាយាមបង្កើនចំនួនទម្រង់អាជីវកម្ម⁣(Business Profiles) សម្រាប់ទីផ្សារកម្ពុជាឲ្យកាន់តែទូលំទូលាយ និងទទួលបាននូវការទុកចិត្ត។

ទី២ Customer Reviews គឺជាលក្ខខណៈពិសេសមួយទៀតដែលផ្ដោតលើ “ការពិនិត្យមើលមតិយោបល់ និងការវាយតម្លៃរបស់អ្នកប្រើប្រាស់“ សេវាកម្ម និងផលិតផលរបស់ក្រុមហ៊ុនណាមួយដែលបានចុះឈ្មោះ (listing) នៅក្នុងប្រព័ន្ធ online របស់ KH Pages ដែលសិក្សាទៅលើបទពិសោធន៍របស់ក្រុមហ៊ុន ឬអាជីវកម្មណាមួយដែលធ្វើការជាមួយអតិថិជន និងជួយដល់ការស្វែងរកមតិយោបល់ និងការវាយតម្លៃរបស់អតិថិជនទៅលើអាជីវកម្មទាំងនោះ និងជួយដល់អ្នកដែលមានបំណងក្នុងការធ្វើអាជីវកម្មឬចាប់ដៃគូសហការឲ្យមានភាពងាយស្រួលក្នុងការសម្រេចចិត្ត។

ទី៣ Quote Request គឺជាគោលដៅបន្ទាប់ដែលអ្នកប្រើប្រាស់អ៉ីនធឺណែ⁣តស្វែងរកព័ត៌មានលំអិតអំពី សេវាកម្ម ផលិតផល និងតំលៃ របស់ក្រុមហ៊ុនផ្គត់ផ្គង់ត្រូវការ។ ប៉ុន្តែយ៉ាងណា ការបើចំហតំលៃ និងផ្តល់ព័ត៌មានទូទៅលើតំលៃនៃសេវាកម្ម ផលិតផល ដោយស្វ័យប្រវត្តិ ទៅកាន់អ្នកស្នើរសុំដែលហ្នឹងអាចជាអតិថិជន របស់ក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ សម្រាប់ប្រទេសកម្ពុជា⁣ គឺមិនទាន់មានភាពសម្បូរបែបនៅឡើយទេ។

លោក ម៉ី ផល្គុន លើកឡើងបន្តថា បច្ចុប្បន្ននេះសម្រាប់ KH Pages កំពុងតែទទួលបាននូវការចាប់អារម្មណ៍និងគាំទ្រ ពីទីផ្សារ ព្រោះដំណោះស្រាយផ្សេងៗដែល KH Pages ផ្ដល់ឲ្យក្រុមហ៊ុន និងអតិថិជនជាអ្វីដែលទីផ្សារត្រូវការពិតប្រាកដ។ ទោះជាបែបនេះក្ដី សម្រាប់អតិថិជនមួយចំនួន នៅតែប្រឈមបញ្ហាបច្ចេកទេសដែល លោក ម៉ី ផល្គុន បានលើកឡើងថា “ការងារនេះជាការងារដែលលំបាក និងស្មុគស្មាញពិសេសផ្នែកបច្ចេកវិទ្យា IT Platform ដែលត្រូវធ្វើទៅតាមគោលការណ៍ ក្រុមហ៊ុន និងតម្រូវការរបស់អតិថិជន។ ដូច្នេះគឺតម្រូវឲ្យតាមដាននូវការវិវត្តឱ្យបានញឹកញាប់ដែលអតិថិជន ឬអ្នកប្រើប្រាស់មួយចំនួនជួបការលំបាក។” គួរបញ្ជាក់ផងដែរថា KH Pages ត្រូវជ្រើសរើសអោយចូលរួមក្នុងកម្មវិធី Pitching Competition នៅថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៨ខាងមុខនេះ ដែលរៀបចំដោយ Seedstars Phnom Penh ជាមួយដៃគូដែលពាក់ព័ន្ធសំខាន់ៗ ដែលជាកម្មវិធីប្រកួតថ្នាក់តំបន់ មុនចេញទៅប្រកួតនៅប្រទេស Switzerland ។ សហគ្រិនវ័យក្មេងរូបនេះ បានបន្តលើកឡើងថា ប្រសិនបើ Platform (website and mobile apps) របស់ KH Pages ទទួលបានអ្នកគាំទ្រកាន់តែច្រើន នោះនឹងអាចជួយឲ្យចរន្តអាជីវកម្មនៅកម្ពុជា មានល្បឿនកាន់តែលឿន ហើយចំពោះអតិថិជន គឺពួកគាត់ចំណេញពេលវេលាច្រើន ពិសេសគឺពួកគាត់អាចទុកចិត្តបាននូវព័ត៌មានដែលមាននៅលើគេហទំព័រ www.khpages.com ជាអ្វីដែលយើងមានមើលឃើញថា កំពុងតែជួយដល់អ្នកស្វែងរកសេវាកម្ម និងអ្នកដែលចង់លក់សេវាកម្ម៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s