បុរសខ្លាំងដែលនឹងត្រូវបន្តតំណែងពីលោក Jack Ma ជានរណា? តើគាត់មានអ្វីពិសេស?
លោក Jack Ma កំពុងតែជាមនុស្សដែលជោគជ័យ និងល្បីល្បាញម្នាក់ដែលមនុស្សគ្រប់គ្នាសុទ្ធតែចង់រៀនសូត្រ និងដើរតាមគន្លងរបស់លោក ដោយសារតែលោកគឺជាឧទាហរណ៍ដ៍ប្រពៃមួយដែលបង្ហាញថា ឱ្យតែមានការតស៊ូមិនអស់សង្ឃឺម នោះភាពជោគជ័យនឹងដើរមករកអ្នក។
អ្វីដែលធ្វើឲ្យលោករឹតតែល្បីនោះគឺដោយសារតែលោក ជាស្ថានិកក្រុមហ៊ុនយក្សមួយនៅប្រទេសចិន អាលីបាបា គ្រុប។ ក្រុមហ៊ុននេះត្រូវបានចាត់ទុកថា ជាក្រុមហ៊ុនមួយដែលមានសក្តានុពលយ៉ាងខ្លាំង ដោយសារតែមានមនុស្សជាច្រើនជុំវិញពិភពលោក ជាពិសេសនៅក្នុងប្រទេសចិនសុទ្ធតែប្រើប្រាស់វេបសាយនេះធ្វើឱ្យវេបសាយរបស់លោកក្លាយជាវេបសាយដែលមានអ្នកចូលមើលច្រើនជាងគេបំផុតទី៨។
ប៉ុន្តែនៅក្នុងពេលឆាប់ៗនេះ ពោលគឺនៅក្នុងឆ្នាំ ២០១៩ លោក នឹងត្រូវបញ្ចប់អាណត្តិខ្លួនជាប្រធានអាលីបាបាគ្រុប ដោយប្តូរឳ្យបុគ្គលម្នាក់ទៀតឡើងបន្តតំណែងរបស់ខ្លួន។ តើបុគ្គលម្នាក់នោះជានរណា? តាមការប្រកាសជាផ្លូវការរបស់ អាលីបាបាគ្រុប កាលពីប៉ុន្មានសប្តាហ៍មុនបានបង្ហាញពីបុគ្គលដែលនឹងត្រូវឡើងកាន់ តំណែងបន្តក្នុងការដឹកនាំបន្ទាប់ពី នោះគឺ លោក ដាញែល ចាង (Daniel Zhang)។ លោកដាញែល ចាង បានចូលបម្រើការការងារឱ្យអាលីបាបាគ្រុបតាំងពីឆ្នាំ ២០០៧ មកម្ល៉េះ ពោលគឺ មកដល់ពេលនេះជាង ១០ឆ្នាំមកហើយ ដែលលោកបានបង្ហាញភាពស្មោះត្រង់របស់លោកទៅកាន់ ក្រុមហ៊ុន។ លោកជាសិស្សបញ្ចប់ការសិក្សាផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចសៀងហៃ ។ បន្ទាប់ពីរៀនចប់ លោកបានបម្រើការជាប្រធានចាត់ការទូទៅនៅក្រុមហ៊ុនវីដេអូហ្គេមមួយឈ្មោះថា Shanda Interactive Entertainment ។ បន្ទាប់មក លោកបានធ្វើជាអ្នកគ្រប់គ្រងទូទៅជាន់ខ្ពស់នៅក្រុមហ៊ុន PricewaterhouseCoopers ដែលជាក្រុមហ៊ុនសវនកម្មដ៏ល្បីឈ្មោះក្នុងពិភពលោក។
នៅឆ្នាំ ២០០៧ លោកចាប់ផ្តើមតាំងពីតំណែងរបស់ខ្លួននៅត្រឹមតែជាប្រធានប្រតិបត្តិ រហូតដល់ក្លាយទៅជាអ្នកចាត់ការទូទៅនៅថាវប៉ាវ (Taobao Mall) ដែលជាផ្នែកមួយរបស់ អាលីបាបា ដែលកាលនោះក្រោមការដឹកនាំរបស់លោកផ្សារទំនើបមួយនេះបានក្លាយជាផ្នែកមួយយ៉ាងសំខាន់នៃអាជីវកម្មរបស់អាលីបាបាគ្រុប។ នៅឆ្នាំ ២០១១ លោកត្រូវបានគេតំឡើងឲ្យក្លាយជាអគ្គនាយកដឹកនាំផ្សារទំនើបធីម៉ល (TMall ) ដែលបង្កើតចេញពីការជោគជ័យរបស់ផ្សារថាវប៉ាវនោះ។កិច្ចជោគជ័យមួយដ៏ធំរបស់លោក គឺនៅពេលដែលលោកបានរៀបចំកម្មវិធីទិញទំនិញអនឡាញដ៏ល្បីមួយដែលនៅក្នុងមួយថ្ងៃនោះ លោកអាចជម្រុញការលក់បានរហូតទៅដល់ ៣ដងច្រើនជាងកម្មវិធី ផ្សេងៗ និងគូប្រកួតនៅអាមេរិកទៀតផង។ ក្រោយមក លោកត្រូវបានក្រុមហ៊ុនតំឡើងតំណែងបន្ថែមទៀតឲ្យក្លាយជាប្រធានប្រតិបត្តិការទូទៅនៅក្នុងអាលីបាបាគ្រុប។
ទើបតែថ្មីៗ អាលីបាបាគ្រុបបានប្រទេសតែម្តងថា លោកនឹងត្រូវបន្តតំណែងជាប្រធានក្រុមប្រឹក្សាភិបាលរបស់អាលីបាបាបន្តពីលោក តែម្តង។ មើលតាមបទពិសោធន៍ទាំងនេះរបស់លោកបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា លោកពិតជាមានសមត្ថភាព និងភាពជាអ្នកដឹកនាំខ្លាំងណាស់ ហើយលោកគឺជាមនុស្សដែលគួរអោយទុកចិត្តម្នាក់នៅក្នុងការដឹកនាំអាលីបាបាគ្រុបនេះឲ្យនៅតែបន្តជាក្រុមហ៊ុនឈានមុខនៅក្នុងប្រទេសចិន ក៏ដូចជានៅក្នុងទីផ្សារអន្តរជាតិផងដែរ៕
ដោយ៖ វត្តី សុត្ថា