តើអ្នកមាន មានដោយរបៀបណា?
តើអ្នកមាន មានដោយរបៀបណា? នេះជាសំនួរដ៏រសើបមួយដែលអ្នកក្រជាច្រើនចង់ដឹង ចង់ស្វែងយល់អស់រយៈពេលជាច្រើនសតវត្សមកហើយ។ ចម្ងល់នេះត្រូវបានលោក Tom Corley ដែលជាអ្នកនិពន្ធសៀវភៅ (Rich Habit Study) ដ៏ល្បីល្បាញរបស់អាមេរិកយកមកបង្ហាញតាមរយៈការសិក្សាស្រាវជ្រាវទៅលើក្រុមមហាសេដ្ឋី ២៣៣ នាក់នៅជុំវិញពិភពលោក។
លោក Tom Corley បានសាកសួរសេដ្ឋីទាំងនោះ ហើយបានរកឃើញចំណុចរួមជាច្រើនដែលជាទម្លាប់របស់ប្រចាំថ្ងៃរបស់ពួកគេ។ ទម្លាប់ទាំងនោះហើយដែលធ្វើឲ្យក្រុមអ្នកមានលុយរាប់ពាន់លានដុល្លារទាំងនេះ ក្លាយជាអ្នកមាន ដែលមានទាំងគំនិត មានទាំងលុយ។ ទម្លាប់របស់អ្នកមានដែលលោក Tom Corley រកឃើញនោះរួមមាន៖
១.អ្នកមានទាំងនេះចូលចិត្តអានសៀវភៅដើម្បីរៀនសូត្រអ្វីៗដែលថ្មីយ៉ាងហោចណាស់ក៏ ៣០ នាទីដែរក្នុងមួយថ្ងៃ
២.អ្នកមានចូលចិត្តបង្កើតទំនាក់ទំនងជាមួយអ្នកជោគជ័យ និងកសាងទំនាក់ទំនងកាន់តែធំឡើងជាមួយបុគ្គលទាំងនោះ ហើយបុគ្គលជោគជ័យទាំងនោះ ជួយបើកផ្លូវឲ្យខ្លួនជោគជ័យដែរ
៣.អ្នកមានពេញចិត្តធ្វើឱ្យប្រសើរឡើង និងអនុវត្តជំនាញរបស់ខ្លួនជារៀងរាល់ថ្ងៃហើយស្វែងរកមតិរិះគន់ពីមនុស្សជុំវិញខ្លួនដើម្បីវាយតម្លៃពីចំណុចអវិជ្ជមានរបស់ខ្លួន
៤.អ្នកមានចូលចិត្តស្ដាប់ហើយអនុវត្តតាមដំបូន្មានរបស់អ្នកជំនាញ (Mentor)ដែលបានជួយឲ្យពួកគេសម្រេចបានតាមគោលដៅរបស់ខ្លួន
៥.អ្នកមានទាំងនោះចូលចិត្តក្រោកពីព្រឹកហាត់ប្រាណជារៀងរាល់ថ្ងៃក្នុងរយៈពេល ៣០ នាទីឬច្រើនជាងនេះដើម្បីធ្វើឲ្យសុខភាពផ្លូវកាយ និងខួរក្បាលរបស់ពួកគេរឹងមាំ
៦.អ្នកមានចូលចិត្តទទួលទានអាហារមានផាសុកភាពល្អ ដើម្បីធ្វើឲ្យរាងកាយ និងបញ្ញាស្មារតីរបស់ពួកគេមានភាពល្អប្រសើរជានិច្ច
៧.ពេលជួបបញ្ហា ឬ ឧបសគ្គ អ្នកមានចូលចិត្តផ្ដោតលើដំណោះស្រាយ និងយកឈ្នះលើឧបសគ្គទាំងនោះ
៨.អ្នកមានខំប្រឹងប្រែងធ្វើការ មានចក្ខុវិស័យច្បាស់លាស់ មានផែនការជីវិតត្រឹមត្រូវ និងធ្វើអ្វីៗផ្តោតលើគោលដៅដែលខ្លួនចង់ទៅ
៩.អ្នកមានមានទម្លាប់ចំណាយតិចជាងចំណូល ហើយបន្ទាប់វិនិយោគលើប្រាក់សន្សំ
១០.អ្នកមានទាំងនោះធ្វើអ្វីមួយបានផ្តោតលើគោលដៅរបស់ខ្លួនជារៀងរាល់ថ្ងៃ រហូតដល់សម្រេចបានគោលដៅនោះ ហើយរៀបចំគោលដៅថ្មីទៀត
១១.អ្នកមានចូលចិត្តធ្វើអ្វីមួយឲ្យខ្ពស់ជាងការរំពឹងទុករបស់មនុស្សទូទៅនៅក្នុងមុខជំនួញរបស់ពួកគេ។ នេះបានជួយឲ្យពួកគេមានទំនុកចិត្ត ទទួលបានភាពជឿជាក់ និងធ្វើជំនួញកាន់តែធំ រកចំណូលបានកាន់តែច្រើន
១២.អ្នកមានចេះគ្រប់គ្រងអាមរ្មណ៍ខ្លួនឯង មិនឆេវឆាវតាមតែអំពើចិត្ត មានភាពអត់ធ្មត់ខ្ពស់ ចេះបទបែនគ្រប់កាលៈទេសៈ នៅពេលចរចា ឬបង្កើតទំនាក់ទំនងជាមួយមនុស្សថ្មីៗក្នុងជំនួញរបស់ពួកគេ
១៣.អ្នកមាន មានភាពប្រុងប្រយ័ត្ននៅពេលនិយាយស្តី ពួកគេជៀសវាងប្រើពាក្យគំរោះគំរើយ ឬភាសាអសុរសដែលនាំឲ្យប៉ះពាល់អារម្មណ៍អ្នកដទៃជាពិសេសក្រុមមនុស្សដែលមាន ទំនាក់ទំនងល្អជាមួយខ្លួនអស់រយៈពេលច្រើនឆ្នាំកន្លងមក
១៤.អ្នកមានគោរព និងចេះឲ្យតម្លៃមនុស្សគ្រប់គ្នា។ បុគ្គលណាដែលមិនឲ្យតម្លៃខ្លួន អ្នកមាននឹងមិនចាប់ដៃរកស៊ីជាមួយនោះឡើយ
១៥.អ្នកមានទាំងនោះជាមនុស្សមានសុទិដ្ឋិនិយមខ្ពស់ មានមហិច្ឆតាធំ ចង់ចូលរួមចំណែកអភិវឌ្ឍសង្គម និងសាកលលោក ចូលចិត្តចែករំលែក និងមានចិត្តសប្បុរសធម៌ចំពោះមនុស្សនៅក្នុងសង្គម។
បើគេប្រៀបធៀបទម្លាប់ទាំងនេះទៅអ្នកក្រ ទើបគេអាចដឹងពីមូលហេតុថា ហេតុអ្វីបានជាអ្នកមានចេះតែមាន ខុសពីអ្នកក្រដែលយល់ថា ពួកគេពិបាករស់នៅក្នុងសង្គមរបស់ខ្លួន។ ជាទូទៅអ្នកក្រ ចូលចិត្តចង់ជោគជ័យឆាប់ៗ ខុសពីអ្នកមានដែលប្រឹងប្រែងធ្វើការបន្តិចម្តងៗឆ្ពោះទៅរកគោលដៅ និងក្តីសុបិន្ដរបស់ខ្លួន។
សូមចាំថា ចង់ក្រពិតជារឿងមួយងាយស្រួល តែបើចង់មាន វាគឺជារឿងមួយលំបាក ហើយអ្នកត្រូវរៀនសូត្រពីអ្នកមានទើបមើលឃើញពន្លឺខ្លះអាចជួយឲ្យអ្នកងើបផុតពីភាពក្រីក្រ៕
ប្រភព៖ cnbc