៣សំណួរនេះ ជួយបកស្រាយពីមូលហេតុដែលធ្វើឲ្យការងាររបស់អ្នកមិនរីកចម្រើនទៅមុខសោះ
តើអ្នកមានមធ្យោបាយដើម្បីធ្វើអ្វីមួយដែលអាចឲ្យការងារបច្ចុប្បន្នរបស់អ្នកកាន់តែអស្ចារ្យជាងមុនដែរឬទេ? ការស្រាវជ្រាវថ្មីបានឃើញថា អ្នកប្រហែលជាមិនអាចធ្វើបាននោះឡើយ។
ក្រុមហ៊ុនភាគច្រើនបានលើកទឹកចិត្តបុគ្គលិកឱ្យកំណត់គោលដៅប្រកបដោយភាពឆ្លាតវៃមួយ មានភាពជាក់លាក់ អាចវាយតម្លៃបាន អាចសម្រេចបាន មានភាពជាក់ស្តែង និងអនុវត្តបានតាមពេលកំណត់។ ជាអកុសលភាគច្រើនគេរកមិនឃើញភាពអស្ចារ្យណាមួយកើតមានឡើងនៅក្នុងការងារជាក់ស្តែងរបស់ពួកគេនោះទេដែលជាហេតុធ្វើឲ្យគោលដៅរបស់ពួកគេបរាជ័យ។
យោងតាមការសិក្សាស្រាវជ្រាវរបស់ LeadhipIQ បានធ្វើការសិក្សាថ្មីៗទៅលើបុគ្គលិកជាង ៤ ០០០ នាក់ ហើយរកឃើញថា មានតែបុគ្គលិក ១៥% តែប៉ុណ្ណោះដែលនិយាយថា អ្វីដែលពួកគេកំពុងធ្វើបានជួយឲ្យ ពួកគេសម្រេចបានលទ្ធផលដ៏ល្អប្រសើរមួយនៅក្នុងអាជីពរបស់ខ្លួន។ សាកសួរសំនួរ ៣ សំខាន់ៗខាងក្រោមនេះ ដើម្បីជួយឲ្យការងារដែលអ្នកកំពុងធ្វើទទួលបានលទ្ធផលល្អស្របតាមគោលដៅ៖
សំនួរទី១៖ តើជំនាញអ្វីដែលអ្នកត្រូវអភិវឌ្ឍនៅក្នុងខែនេះ? ចំណុចនេះអ្នកត្រូវរៀនជំនាញណាមួយដែលអ្នកចង់រៀន ហើយសួរថា តើអ្នកបានលៃលកពេលវេលាណាមួយហើយឬនៅដើម្បីរៀនវា? អ្នកអាចសួរខ្លួនឯងថា តើអ្នកមានមធ្យោបាយ ឬ កម្មវិធីណាមួយដែលអាចជួយឲ្យអ្នកទទួលបានចំណេះដឹងលើជំនាញរបស់អ្នកឲ្យកាន់តែល្អប្រសើរជាងនេះដែរទេ? តើមានជំនាញណាមួយដែលអ្នកយល់ថា អ្នកចង់ធ្វើវាឲ្យកាន់តែស្ទាត់ជំនាញ? ឬ ក៏សួរខ្លួនឯងថា អ្នកត្រូវធ្វើអ្វីនៅពេលឥឡូវនេះ និងចង់បានលទ្ធផលអ្វី? សូមចងចាំថា ដើម្បីអភិវឌ្ឍជំនាញរបស់អ្នក អ្នកមិនគួរយកលេសរហូត ហើយរង់ចាំឱកាសធំចូលមកដល់នោះទេ អ្នកត្រូវចាប់ផ្តើមវាពីឥឡូវនេះ ហើយធ្វើវាបន្តិចម្តងៗ។
សំនួរទី២៖ តើលទ្ធផលអ្វីទៅនៅក្នុងខែនេះដែលអ្នកធ្វើបានល្អជាងខែមុន? អ្នកនឹងមានអារម្មណ៍ល្អ នៅពេលអ្នកសង្កេតឃើញថា សមត្ថភាព និងចំណេះដឹងរបស់អ្នករីកចម្រើនជាងមុន។ ការកែប្រែចំណុចអវិជ្ជមាននៃការងាររបស់អ្នកនៅពេលនេះ មិនចាំបាច់ទាល់តែថាត្រូវផ្លាស់ប្ដូរផែនដីទាំងមូលនោះទេ។ ការងារខ្លះៗដូចជា ជួយដោះស្រាយបញ្ហាអតិថិជនបានច្រើនជាងមុន ឬ រៀបចំរបាយការណ៍ការងារបានត្រឹមត្រូវ នោះក៏ចាត់ទុកថា ជាលទ្ធផលមួយល្អផងដែរ។ សូមក្រើនរំលឹកខ្លួនអ្នក ឲ្យមានភាពស្វាហាប់ និង លើកទឹកចិត្តខ្លួនឯង ជានិច្ចម្តងហើយម្តងទៀតឲ្យក្លាយជាទម្លាប់ នោះអ្នកនឹងឃើញលទ្ធផលចេញមកជាមិនខាន។
សំនួរទី៣៖ តើអ្នកត្រូវមានគម្រោងបែបណាដើម្បីចែករំលែកជំនាញរបស់អ្នក? នៅពេលណាមួយដែលអ្នកទទួលបានជំនាញច្បាស់លាស់ហើយនោះ សូមកុំភ្លេចចែករំលែកជំនាញទាំងនោះទៅកាន់មនុស្សផ្សេងទៀត។ អ្នកត្រូវដឹងថា អ្នកកាន់តែចែករំលែក ចំណេះដឹងរបស់អ្នកកាន់តែរីកចម្រើនទៅមុខ។ ប៉ុន្តែអ្វី ដែលអ្នកត្រូវរៀបចំនោះ គឺការរៀបចំផែនការថា តើអ្នកគួរចែករំលែកដោយរបៀបណា? នៅពេលណា? ជាមួយអ្នកណា? នៅកន្លែងណា? ការរៀបចំគ្រោងផែនការច្បាស់លាស់ នឹងជួយតម្រង់ទិសអ្នកស្របតាមគោលដៅដែលបានកំណត់។ សំនួរទាំង ៣នេះសំខាន់ណាស់ អ្នកត្រូវក្រើនរំលឹកសួរខ្លួនឯងជារៀងរាល់ថ្ងៃ រាល់ខែ។ អាជីពការងារអ្នករីកចម្រើនមិនអាស្រ័យទាំងស្រុងលើចៅហ្វាយនាយ ឬ អ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនរបស់អ្នកនោះទេ។ ប្រសិនបើអ្នកចេះគ្រប់គ្រងអាជីពការងាររបស់អ្នក វានឹងបន្តលូតលាស់ជាលំដាប់៕
ប្រភព៖ cnbc