ឥទ្ធិបាទធម៌ទាំង ៤ យ៉ាងរបស់ព្រះសម្មាសម្ពុទ្ធធ្វើឲ្យអ្នកជោគជ័យក្នុងការប្រកបការងារក្នុងជីវិត​



ព្រះពុទ្ធគឺជាបុគ្គលដ៏អស្ចារ្យមួយរូបដែលមនុស្សជាច្រើនជុំវិញពិភពលោកបានស្គាល់ថាជាបុគ្គលត្រាស់ដឹង ពោលគឺព្រះអង្គជ្រាបច្បាស់គ្រប់រឿងរ៉ាវទាំងអស់ដែលមនុស្សយើងមិនអាចដឹងបាន។ តាមរយៈមេរៀននិងទស្សនវិជ្ជារបស់ព្រះអង្គជាច្រើនដែលត្រូវបានពុទ្ធសានិករបស់ព្រះអង្គយកមកអនុវត្តនិងបង្រៀនបន្ត។

ក្នុងចំណោមមេរៀនជាច្រើន ព្រះអង្គបានបង្រៀននូវមេរៀនដ៏សំខាន់មួយដើម្បីក្លាយជាបុគ្កលជោគជ័យក្នុងអាជីពរបស់ខ្លូន មេរៀននោះត្រូវបានគេហៅថា ឥទ្ធិបាទធម៌មានបូនយ៉ាង៖

១) ឆន្ទ:៖ ដើម្បីជោគជ័យក្នុងការធ្វើកិច្ចការណាមួយ ទោះបីការសិក្សាក្តី ការប្រកមុខជំនួញផ្សេងៗក្តី ឬក៏កិច្ចការតូចតាចក្តី អ្នកត្រូវតែមានឆន្ទ:មោះមុតនិងបំណងច្បាស់លាស់ក្នុងការធ្វើកិច្ចការទាំងនោះ។ ការងារគ្រប់យ៉ាងមិនចាំបាច់ថ្វីដល់ការងារធ្ងន់ឬលំបាកធ្វើនោះទេ បើខ្វះឆន្ទ:ហើយអ្វីៗក៏មិនអាចសម្រេចបានឡើយ។

២) វីរិយ:៖ សេចក្តីព្យាយាម កិច្ចការទាំងអស់បើមិនមានការព្យាយាមប្រឹងប្រែងបំពេញទេ សូម្បីតែបានមកដល់ដៃអ្នកហើយ ក៏អាចបាត់បង់ទៅវិញបានដែរ ហើយជីវិតរបស់យើងនឹងដើរថយក្រោយគ្មានជំហានឈានទៅរកភាពជោគជ័យបានឡើយ។ ដូចនេះបើមានឆន្ទ:មុះមុតហើយតែគ្មានការប្រឹងប្រែងព្យាយាមធ្វើទេ អ្នកមិនអាចសម្រេចនូវជោគជ័យក្នុងជីវិតបានឡើយ។

៣) ចិត្ត:៖ការយកចិត្តទុកដាក់លើកិច្ចការងារ។ ការងារមួយចំនួនទោះបីអ្នកមានការស្ទាត់ជំនាញក៏ដោយ បើខ្វះការយកចិត្តទុកដាក់ផ្ចិតផ្ចង់ ធ្វើដោយប្រថុយប្រថានមិនច្បាស់លាស់ ប្រាកដណាស់ថាកិច្ចការនោះនឹងមិនអាចធ្វើបានល្អឡើយ។ ដូច្នេះ អ្នកត្រូវមានការផ្ដោតអារម្មណ៍ យកចិត្តទុកដាក់លើគ្រប់កិច្ចការដែលអ្នកកំពុងធ្វើជាប្រចាំ។

៤) វិមំសា៖ បញ្ញាដែលពិចារណាឃើញក្នុងកិច្ចការទាំងអស់នោះថា ធ្វើយ៉ាងណាទើបការងារនោះដើរទៅមុខបាន។ ការងារទាំងអស់មិនមែនសម្រេចបានដោយសារមានតែកម្លាំងបាយទេ គឺទាល់តែមានប្រាជ្ញាឈ្លាសវៃ ទើបសម្រេចបានផលបានល្អ។ ដូចនេះ ដើម្បីបំពេញកិច្ចការណាមួយឲ្យបានជោគជ័យ អ្នកត្រូវមានឆន្ទ: សេចក្តីព្យាយាម ការយកចិត្តទុក្ខដាក់លើកិច្ចការនោះ និងចុងក្រោយត្រូវមានបញ្ញា ប្រើយុទ្ធសាស្រ្តឲ្យបានត្រឹមត្រូវ៕

ចុចអាន៖ ពុទ្ធឱវាទ ១០ឃ្លារបស់ព្រះសម្មាសម្ពុធ ជាគតិក្នុងការត្រិះរិះពិចារណា

ដោយ៖ មាន រ៉ាម៉ាញ

X
5s