ពី​ជីវិត​ជា​ក្មេង​កំព្រា​ឳពុក​រស់​ក្នុង​ត្រកួល​គ្រួសារ​ក្រីក្រ​ តស៊ូ​រហូត​ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​ចែក​ចាយ​សម្ភារៈ​សំណង់​ដ៏​ធំ​មួយ​នៅ​កម្ពុជា​



បើ​និយាយ​ពី​វិស័យ​សំណង់ និយាយ​អំពី​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សម្ភារៈ​សំណង់​ នោះ​មនុស្ស​ភាគច្រើន​ជា​ពិសេស​អ្នក​ដែល​ប្រឡូក​នៅ​ក្នុង​វិស័យ​សហគ្រិន​ប្រាកដ​ជា​នឹក​ឃើញ​ដល់​ឈ្មោះ​ក្រុមហ៊ុន​ ហ៊ួត ជា ផ្គត់​ផ្គង់​សម្ភារៈ​សំណង់ ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​កម្ពុជា​និង​ជា​ឈ្មោះ​​ដែល​កំពុង​លក់​សិទ្ធិ​អាជីវកម្ម ដែល​បង្កើត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​មួយ​នេះ​មិន​ខាន ហើយ​ជា​ការ​ពិត​ឈ្មោះ ហ៊ួត ជា គឺ​ជា​ឈ្មោះ​ផ្ទាល់​របស់​ស្ថានិក​នៃ​ក្រុមហ៊ុន​មួយ​នេះ។ ដូច្នេះ​តើ​អ្វី​ទៅ​ដែល​នៅ​ពី​ក្រោយ​ខ្នង​នៃ​ភាព​ជោគជ័យ​របស់​ស្ថាបនិក​រូប​នេះ?  

លោក ហ៊ួត ជា ស្ថាបនិក​ក្រុមហ៊ុន​ហ៊ួត ជា ផ្គត់ផ្គង់​សម្ភារៈ​សំណង់​ មាន​ស្រុក​កំណើត​នៅ​ឃុំ​ព្រៃផ្ដៅ ស្រុក​ព្រៃ​កប្បាស ខេត្ត​តាកែវ ដោយ​រូប​លោក​រស់​នៅ​ក្នុង​ត្រកូល​គ្រួសារ​មួយ​ដែល​ក្រីក្រ​ និង​​ជា​ក្មេង​កំព្រា​ដែល​បាន​បាត់​បង់​ឪពុក​នៅ​ក្នុង​ឆ្នាំ​១៩៨០​ដោយ​សារ​ចោប្លន់​។ ស្ថាបនិក​រូប​នេះ​បាន​​នៅ​ក្នុង​វេទិការមួយ​​ដែល​រៀប​ចំ​ដោយ​សមាគមន៍​អ្នក​ទីផ្សារ​កម្ពុជា​ប៉ុន្មាន​ខែ​មុនថា​ «ពេល​ដំបូង​ដែល​ខ្ញុំ​មក​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ​គឺ​ខ្ញុំ​បាន​រស់​នៅ​ក្នុង​សំណង់​អនាធិបតេយ្យ​ចម្ការមន ហើយ​ម្ដាយ​របស់​ខ្ញុំ​គឺ​ជា​អ្នក​លក់​បន្លែ​នៅ​ផ្សារ​បឹងកេងកង»។

ស្ថាបនិក​រូប​នេះ​ បាន​​រៀប​រាប់ «នៅ​ក្នុង​ត្រកូល​គ្រួសារ​ដ៏​ក្រីក្រ​មួយ​ ហើយ​បើ​ក្រ​​​មិន​ដឹង​ជា​ថ្ងៃ​ណា​ទើប​អាច​ផុត​ក្រ ដូច្នេះ​គឺ​មាន​តែ​ខំ​រៀន!»។  លោក​បាន​បន្ត​ប្រាប់​ដល់​ក្រុម​ការងារ​ Bizkhmer ក្រោយ​ពី​បញ្ចប់​កម្មវិធី​នោះ​ថា​ លោក​បាន​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ​នៅ​ក្នុង​ឆ្នាំ​១៩៩៧​ដោយ​ដំបូង​ឡើយ​គឺ​លោក​បាន​សិក្សា​នៅ​សាលា​ទួល​ទំពូង​អស់​រយៈ​ពេល​១ឆ្នាំ បន្ទាប់​មក​លោក​ក៏​បាន​ប្រឡង​ជាប់​សិក្សា​នៅ​សាលា​ជាតិគ្រប់គ្រង (NUM) និង​បាន​បញ្ចប់​ការ​សិក្សា​រយៈ​ពេល​៤​ឆ្នាំ​នៅ​ទី​នោះ។

កត្តា​នៅ​ក្នុង​កំឡុង​ពេល​សិក្សា​នេះ​គឺ​ពិត​ជា​សំខាន់​ណាស់​ព្រោះ​វា​ធ្វើ​ឲ្យ​យើង​បាន​សេពគប់​មនុស្ស​ល្អៗ និង​ធ្វើ​រឿង​ល្អៗ​ដែល​នាំ​ឲ្យ​ខ្លួន​យើង​ជោគជ័យ​ នេះ​ជា​ការ​លើក​ឡើង​បន្ថែម​របស់​លោក ហ៊ួត ជា។ បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​ លោក​បាន​ចូល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​មួយ​ដែល​នៅ​កំឡុង​ពេល​នោះ​លោក​បាន​ធ្វើ​ការ​ផង​និង​រៀន​ផង​ពី​ការ​ងារ​ទាំង​នោះ​ដើម្បី​យក​បទពិសោធន៍ ហើយ​តាម​រយៈ​ការ​សិក្សា​ពី​បទពិសោធន៍​នៃ​ការ​ងារ​ទាំង​នោះ​បាន​បង្រៀន​ឲ្យ​លោក​ស្គាល់​អំពី​សុខភាព​របស់​អាជីវកម្ម និង​ស្គាល់​ពី​របៀប​រីក​ធំ​ធាត់​របស់​អាជីវកម្ម។

លោក​បាន​រៀប​រាប់​បន្ថែម​ថា «មនុស្ស​ម្នាក់ៗ​តែង​តែ​មាន​ទស្សនៈ​វិស័យ​រៀងៗ​ខ្លួន ហើយ​សម្រាប់​ខ្ញុំ​ ខ្ញុំ​ចង់​ក្លាយ​ទៅ​ជា​ពាណិជករ​មួយ​រូប​ដែល​ជោគជ័យ​និង​ល្បីល្បាញ ហើយ​អាច​ជួយ​បង្រៀន​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន»។ ដោយ​សារ​តែ​ភាពក្រីក្រ​បាន​ជម្រុញ​ឲ្យ​លោក​ជម្នះ ​និង​ខិតខំ​រៀន​សូត្រ ហើយ​សេពគប់​មនុស្ស​ល្អៗ ប្រព្រឹត្តិ​សេក្ដី​ល្អ នឹង​ការ​ចេះ​ដឹង​គុណ​ផឹក​ទឹក​ត្រូវ​នឹក​ឃើញ​ដល់​ប្រភព គឺ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​លោក​អាច​មក​ដល់​បច្ចុប្បន្ន​នេះ។ លោក ហ៊ួត ជា៖ «ផ្លូវ​របស់​អ្នក​ជោគជ័យ​គឺ​មិន​មាន​ដាន​ជើង​មនុស្ស​ខ្ជិល​ទេ»

អត្ថបទ​៖ ជួប ស្រីរ័ត្ន

X
5s