លោកស្រី ចេន សុភាព ស្ថាបនិកសមាគមន៍កីតម្បាញខ្មែរប្រាប់ពីវិធីសាស្រ្តធ្វើឲ្យដើមទុនអាជីវកម្មកើនឡើង
តើលោកអ្នកឆ្ងល់ទេអាជីវកម្មខ្លះដំណើរការរាប់ឆ្នាំហើយតែហាក់ដូចជាគ្មានការវិវឌ្ឍទៅមុខសោះ ប៉ុន្តែយូរទៅបែជារកដើមរកចុងមិនឃើញទៅវិញ? ខាងក្រោមនេះ គឺជាការបង្ហើបនូវដំណោះស្រាយនិងជាវិធីសាស្រ្តក្នុងការបង្កើនដើមទុនអាជីវកម្មពីសហគ្រិនស្រ្តីឆ្នើម លោកស្រី ចេន សុភាព ស្ថាបនិកសមាគមន៍កីតម្បាញខ្មែរ។
លោកស្រី ចេន សុភាព បានលើកឡើងថា ការចាប់ផ្ដើមអាជីវកម្មមិនសំខាន់ថា ចាប់ផ្ដើមដំបូងធំឬតូចនោះទេ អ្វីដែលសំខាន់គឺយើងត្រូវមានតិកនិកផ្ទាល់ខ្លួនក្នុងការធ្វើឲ្យអាជីវកម្មរបស់យើងដើរទៅមុខ លោកស្រីបន្តថា អ្វីដែលយើងគួរធ្វើគឺ ត្រូវព្យាយាមធ្វើយ៉ាងណាលក់ផលិតផលរបស់យើងឲ្យបានលឿនបន្ទាប់មកត្រូវបង្វិលលុយចូលវិញ ឲ្យបានលឿនដូចគ្នា។
សហគ្រិនស្រ្តីឆ្នើមរូបនេះបានបន្តដោយលើកឧទាហរណ៍ថា ៖«បើយើងលក់ផលិតផលបាន ១លាន ៦០ម៉ឺន បន្ទាប់មកវានឹងឡើង ១លាន៨០ម៉ឺន ហើយលុយ ១លាន៨០ម៉ឺនវានឹងឡើងដល់ ២លាន ដូច្នេះយើងត្រូវលក់ឲ្យបានលឿនហើយកុំប៉ះពាល់លុយទាំងនោះ ដោយយើងត្រូវយកលុយទាំងនោះបង្វិលជាសាច់ប្រាក់ឲ្យលឿនដើម្បីទិញទំនិញចូលស្ដុកដើម្បីយើងលក់ចេញទៅវិញបានលឿន ដូច្នេះនេះជានេះគឺជាវិធីសាស្ត្រដែលអាចធ្វើឲ្យអាជីវកម្មរបស់យើងមានដើមទុនកើនឡើងបន្ថែមទៀត»។
«បន្ទាប់មកយើងត្រូវសង្កេតទៅលើដំណើរការនៃអាជីវកម្មរបស់យើង ថាតើ រយៈពេលប៉ុន្មានខែនេះមានដំណើរការយ៉ាងម៉េចដែរ? ហើយបើយើងមើលឃើញថា អាជីវកម្មរបស់យើងហាក់ដូចជាដំណើរការរលូនហើយយើងត្រូវដាក់ទុនបន្ថែមទៀត ព្រោះប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ កាលណាយើងបង្កើនស្ដុក បង្កើនការផលិត យើងត្រូវតែបង្កើនដើមទុនបន្ថែមទៀត ហើយក្រៅពីនោះយើងគ្រាន់តែធ្វើឲ្យផ្នែកលក់ (sell) របស់យើងខ្លាំងយើងអាចធ្វើឲ្យអាជីវកម្មរបស់យើងដើរទៅមុខបានហើយ» នេះជាការលើកឡើងបន្ថែមរបស់លោកស្រី សុភាព។
លោកស្រី ចេន សុភាព៖ «អ្វីទាំងអស់ វាមិនមែនងាយស្រួលដូចជាការមើលឃើញរបស់យើងទេ វាត្រូវការពេលវេលា ត្រូវការការលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីធ្វើឲ្យអាជីវកម្មនោះដំណើរការទៅមុខបាន»៕
អត្ថបទ៖ ជួប ស្រីរ័ត្ន