ដើម្បីស្តារសេដ្ឋកិច្ចរបស់មីយ៉ានម៉ា តើខ្លួនគួរពឹងផ្អែកលើចិន ឬអាមេរិក?​



ជោគវាសនារបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានធ្លាក់ចេញពីដៃរដ្ឋាភិបាលដែលដឹកនាំដោយយោធា មកលើដៃរដ្ឋាភិបាលដែលដឹកនាំដោយប្រជាជនអស់រយះពេលប៉ុន្មានជិត ៣ឆ្នាំមកហើយ។​ ប៉ុន្តែថាតើរដ្ឋាភិបាលដែលកើតឡើងដោយការបោះឆ្នោតឯកភាពពីប្រជាជនមួយនេះ អាចមានសមត្ថភាពក្នុងការស្រោចស្រង់ប្រទេសរបស់ខ្លួន​ឱ្យ​ក្លាយជាប្រទេសជឿនលឿនមួយដូចមីយ៉ាន់ម៉ាកាលពីកំឡុងទស្សវត្សឆ្នាំ៥០​ បាន​ ឬ​ក៏អត់នោះ​ទេ ​ពោល​គឺ​វាជារឿងមួយដែលគ្រប់គ្នាសុទ្ធតែចង់ដឹង និង​រង់ចាំមើល។​

មីយ៉ាន់មីជាប្រទេសដែលមានភូមិសាស្ត្រអំណោយផល ដោយសារតែប្រទេសនេះមានទឹកដីធំមានព្រំប្រទល់ជាមួយប្រទេសច្រើន មានធនធានធម្មជាតិ និងមានប្រជាជនកុះករដែលអាចជាកំលាំងពលកម្មយ៉ាងសកម្មមួយសម្រាប់ប្រើប្រាស់ជាតួម៉ាស៊ីនក្នុងការអភិវឌ្ឍន៍ មានមហាអំណាច​មួយចំនួន​កំពុងតែលេបទឹកចិត្តរង់ចាំ​សហការណ៍ជាមួយនឹងមីយ៉ាន់ម៉ាក្នុងការស្តារប្រទេសមួយនេះ។ ប៉ុន្តែទាំងចិន និងអាមេរិក សុទ្ធតែមានបំណងក្នុងការទាញយកមីយ៉ាន់មី​ឱ្យ​ស្និទ្ធ​ជាមួយ​នឹង​ខ្លួន ដើម្បីកិច្ចសហប្រតិបត្តិការ​​ឱ្យ​បានកាន់តែស៊ីជម្រៅ ក្នុងគោលដៅទទួលបានផលប្រយោជន៍រៀងៗខ្លួន​។ តើមីយ៉ាន់មីគួរសម្រេចចិត្តដូចម្តេចទៅ?

សម្រាប់សហរដ្ឋអាមេរិក ប្រទេសនេះធ្លាប់ជាអ្នកគាំទ្រយ៉ាងស្វិតស្វាញទៅដល់ដំណើរផ្សងព្រេងរបស់មីយ៉ាន់ម៉ាក្នុងការរំដោះប្រទេសនេះពីរបបយោធោ​រយៈពេល​ជា​ច្រើន​ឆ្នាំ​ណាស់​មកហើយ​ទម្រាំ​ប្រទេស​នេះ​បាន​ឆ្លងកាត់​ការ​បោះឆ្នោតតាម​បែប​លទ្ធិប្រជាធិបតេយ្យ ដោយសារតែប្រទេស​មួយ​នេះ​មាន​ជំនឿ​ថា​ របបយោធាអាចបង្ក​ ការរំលោភសិទ្ធិរបស់យ៉ាងធ្ងន់ធ្ងរ និងគួរតែលុបបំបាត់។ ដូច្នេះហើយ ជារឿយៗសារពត៌មានអាមេរិក​ បានព្យាយាមផ្សព្វផ្សាយឱ្យ​ពិភពលោកបានដឹង និងរួបរួមគ្នាជួយដាក់សម្ពាធ​ឱ្យ​​បញ្ឈប់របបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីប្រទេសនេះទទួលបានយុត្តិធម៌ក្នុងការជ្រើសរើសមេដឹកនាំប្រជាធិបតេយ្យរបស់ខ្លួន ស្រាប់តែអាមេរិក​ និងគ្នីគ្នាខាងប៉ែកអឺរ៉ុបរបស់ខ្លួនបែរជាមិនមានការសប្បាយរីករាយអបអរប៉ុន្មានទៅវិញ ពោលគឺជារឿយៗពួកគេតែងតែចេញមុខវាយប្រហារមីយ៉ាន់ម៉ាចំៗពាក់ព័ន្ធជាមួយនឹងបញ្ហាសិទ្ធិមនុស្ស និងអំពើប្រល័យពូជសាសន៍ទៅដល់ជនជាតិភាគតិចរ៉ូហីងយ៉ា ដែល​គេ​ជឿ​ជាក់​ថា​ ជា​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ។​ ផ្ទុយទៅវិញ ប្រទេសចិនដែលនៅជាប់ជាមួយមីយ៉ាន់ម៉ា និងមានទំនាក់ទំនងយ៉ាងស្និទស្នាលតាំងពីប្រទេសមិនទាន់ផ្លាស់ប្តូរចេញពីរបបយោធា នៅតែបន្តកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំជាមួយនឹងមីយ៉ាន់ម៉ា។​ សម្រាប់ប្រទេសចិន គឺប្រកាន់គោលការណ៍មួយយ៉ាងតឹងរឹង គឺខ្លួននឹងមិនជ្រៀតជ្រែតក្នុងការងារផ្ទៃក្នុងរបស់ប្រទេសណាមួយជាដាច់ខាត ព្រោះវាគឺជាការគោរពអធិបេត្យភាពរបស់ប្រទេសនោះ។

 ដូចគ្នាជាមួយនឹងសេដ្ឋកិច្ចផងដែរ កាលពីខែសីហាឆ្នាំ ២០១៨ យោងតាមការចុះផ្សាយពី​សារព័ត៌មាន​ដ៏ល្បីរបស់អាមេរិក​ The New York Times ​អាមេរិក​ បានសម្រេចចិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីបានរកឃើញថាកងកម្លាំងរបស់មីយ៉ាន់ម៉ាបានចូលរួមក្នុងសកម្មប្រល័យពូជសាសន៍ប្រជាជនរ៉ូហីងយ៉ាយ៉ាងសាហាវឃោរឃៅ។ ប៉ុន្តែអ្វីដែលគួរ​ឱ្យ​គត់សម្គាល់ទៅក្នុងរឿងនេះវិញនោះគឺថា ប្រទេសចិនមិនត្រឹមតែមិនខ្វល់ក្នុងការរិះគុណអ្វីមួយទាក់ទិននឹងរឿងនេះនោះទេ ប៉ុន្តែចិនថែមទាំងបានពង្រឹងកិច្ចសហការទៅលើការសម្រេច​ឱ្យ​បាននូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលជាផ្នែកមួយរបស់គម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ (OBOR) ទៅវិញ។ តាមអត្ថបទមួយ​របស់​សារព័ត៌មាន​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​មួយ ក៏បានបង្ហាញទៀតថា នៅក្នុងខែដដែល ដែលមីយ៉ាន់ម៉ាទទួលរងទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិក​នេះ ចិន និងមីយ៉ាន់ម៉ាបែរជាកំពុងតែចុះអនុសារណៈយោគយល់នៅក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតម្លៃទឹកប្រាក់រហូតដល់ ២ប៊ីលានដុល្លារអាមេរិចទៅវិញ។ គម្រោងនេះមានឈ្មោះថា​ ច្រក​របៀង​សេដ្ឋកិច្ច​ចិន-មីយ៉ាន់ម៉ា​ China-Myanmar Economic Corridor (CMEC) មានគោលបំនងផ្សារភ្ជាប់មីយ៉ាន់ម៉ាទៅនឹងប្រទេសចិនតាមរយះការអភិវឌ្ឍន៍ផ្លវូដើម្បី​ឱ្យ​សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរកាន់តែបោះជំហានទៅមុខព្រមគ្នា។​ តាមពិតទៅវត្តមានរបស់ប្រទេសចិននៅក្នុងប្រទេសមីយ៉ាន់ម៉ាក៏មិនមែនទើបតែមាននៅពេលថ្មីៗនេះដែរ គ្រាន់តែនៅពេលនេះសកម្មភាពរួមនៃការអនុវត្តទំនាក់ទំនងការទូតក្នុងវិស័យផ្សេងៗមានទំហំកាន់តែធំ និងមានកាន់តែច្រើនទៅៗ។

 សម្រាប់មីយ៉ាន់ម៉ា មិនអាចនិយាយបានអោយប្រាកដថា ខ្លួនគួរតែពឹងផ្អែកទៅលើខាងណាមួយរវាងអាមេរិក និងចិន​ឱ្យ​ប្រាកដនោះទេ ព្រោះថាប្រសិនជាកាលណាមីយ៉ាន់ម៉ាពឹងផ្នែកលើអាមេរិក ចិនដែលជាប្រទេសជិតខាងពោរពេញដោយអំណាចប្រាកដជាមិនអាចឈរ​ឱប​ដៃមើលអាមេរិកបញ្ចេញ​ធ្មេញ​របស់​ខ្លួន​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានឡើយ ជាពិសេសមីយ៉ាន់ម៉ាដែលជាមិត្តក្បែរ​របង​​ ​តែបែរជាមិនទុកចិននៅក្នុង​ក្រសែភ្នែក​ទៅ​វិញ។ រីឯប្រទេសជាមីយ៉ាន់ម៉ាងាកទៅរកខាងចិន ថ្វីត្បិតតែចិនបានចូលយកវិនិយោគនៅគ្រាប់វិស័យក៏ពិតមែន​ ប៉ុន្តែវត្តមានរបស់ចិនអាចធ្វើឱ្យ​មានបញ្ហាក្នុងប្រទេស ក៏ដូចជាបញ្ហាដែលមីយ៉ាន់ម៉ា នឹងអាចធ្លាក់ចូលរណ្តៅបំណុលដោះមិនចេញរបស់ចិន។ លើសពីនេះទៅទៀតនោះ អាមេរិក ក៏នឹងព្យាយាមគៀបសង្កត់មីយ៉ាន់ម៉ាមិន​ឱ្យ​មានសេចក្តីសុខជាមួយនឹងចិនដូចគ្នា។ ​អីចឹង​ហើយ​ ដើម្បីទទួលបានសេចក្តីសុខក្នុងការអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន​​ប្រកប​ដោយ​ចិរភាព​ មីយ៉ាន់ម៉ាមិនគួរពឹងតែប្រទេសមួយណានោះទេ ប៉ុន្តែខ្លួនគួរតែបើកចិត្តសហការណ៍ជាមួយនឹងប្រទេសផ្សេងៗជាច្រើន មិនថានៅក្នុងតំបន់អាស៊ាន អាស៊ី ក៏ដូចជាអឺរ៉ុប ដើម្បីជួយការពារខ្លួនមិន​ឱ្យ​​ទទួលរងសម្ពាធពីខាងណាមួយខ្លាំងពេក។ ម្យ៉ាង ការដែលមានការចូលរួមច្រើនពីអ្នកវិនិយោគទុនច្រើនតំបន់ ក៏អាចនាំមកនូវចំណេះដឹង និងការងារច្រើនជូនដល់ប្រជាជនមីយ៉ាន់ម៉ាផងដែរ៕

ដោយ៖ វត្តី សុត្ថា

X
5s