ទីផ្សារគោល និងទីផ្សារកំណើន (Main Board Vs Growth Board)
តាមប្រសាសន៍ លោក ទ្រី តៃហ៊ី នាយកគ្រប់គ្រងទីផ្សារមូលបត្រកម្ពុជាបានប្រាប់ ឱ្យដឹងថាជាទូទៅផ្សារមូលបត្រសព្វថ្ងៃមិនថាប្រទេសណានោះទេ ភាគច្រើនបែងចែកចេញជាពីរ ឬ បី ឬ បួន តែសម្រាប់ទីផ្សារមូលបត្រកម្ពុជាសព្វថ្ងៃ គេបែងចែកផ្សារជាពីរប្រភេទប៉ុណ្ណោះនោះ គឺទីផ្សារគោល (Main board) និងទីផ្សារកំណើន(Growth Board)។
តើទីផ្សារគោល និង ផ្សារកំណើនខុសម្ដេច? ទីផ្សារគោល (Main Board) ជាកន្លែងដែល ក្រុមហ៊ុនធំៗមានឈ្មោះល្បី និងមានលំនឹងល្អបោះផ្សាយភាគហ៊ុនលក់។ ក្រុមហ៊ុនដែលចូលទៅក្នុងទីផ្សារគោលមានការទាមទារលក្ខខណ្ឌច្រើនក្នុងការចុះបញ្ជី។ ក្រុមហ៊ុនដែលនូវក្នុងផ្សារគោលភាគច្រើនជាក្រុមហ៊ុនដែលល្អ មានឈ្មោះបោះសំឡេងរួចទៅហើយ។
ភាគហ៊ុនដែរបោះផ្សាយលក់ក៌មានតម្លៃខ្ពស់ទៅតាមក្រុមហ៊ុនដែរបានចុះបញ្ជីផងដែរ។ ចំពោះក្រុមហ៊ុនដែលចូលទៅក្នុងទីផ្សារគោល ប្រាក់ចំណេញរបស់ក្រុមហ៊ុនមិនសូវជាច្រើននោះទេ ប៉ុន្ដែលំនឹងនៃអាជីវកម្មរបស់ពួកគេមានស្ថេរភាពល្អ និង មានហានិភ័យតិចតួចតែប៉ុណ្ណោះ។ ដូច្នេះសម្រាប់វិនិយោគិនដែលចង់វិនិយោគទៅលើភាគហ៊ុនក្នុងរយៈពេលវែង គួរតែជ្រើសរើសទីផ្សារគោលសម្រាប់ធ្វើការវិនិយោគ។ -Low Risk Low Return បើយោងតាមគេហទំព័ររបស់ផ្សារមូលបត្រកម្ពុជា និងស្រដៀងទៅនឹងចំណុចខាងលើដែរ ទីផ្សារគោលគឺជាផ្សារដំបូងបង្អស់ត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការសម្រាប់ការចុះបញ្ជីរបស់ក្រុមហ៊ុនចុះបញ្ជីសក្តានុពលដែលមានស្តង់ដារ និងទំហំធំ។ ទីផ្សារនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុននាំយកភាគហ៊ុនទាំងអស់ក្រោយការបោះផ្សាយ មកចុះបញ្ជីនិងជួញដូរនៅក្នុងប្រព័ន្ធរបស់ ផ.ម.ក.។
ទីផ្សារកំណើន (Growth Board) ជាកន្លែងសម្រាប់ឱ្យអាជីវកម្មធុនតូច-ធុនមធ្យមចុះបញ្ជី លក្ខខណ្ឌក្នុងការចុះបញ្ជីមានតិចជាងទីផ្សារគោល។ ក្រុមហ៊ុនដែលចុះបញ្ជីក្នុងទីកំណើន ភាគច្រើនជាក្រុមហ៊ុនតូចៗ និងមានលំនឹងក្រុមហ៊ុនមធ្យមប៉ុន្ដែទទួលបានប្រាក់ចំនេញច្រើន ទន្ទឹមនឹងនោះក៏មានហានិភ័យខ្ពស់ដែរ។ សម្រាប់ភាគលាភដែលក្រុមហ៊ុនបង់ទៅឱ្យវិនិយោគិនក៌ច្រើនទៅតាមនឹងដែរ។ ចំពោះវិនិយោគិន ដែលចង់ ទទួលបានភាគលាភច្រើន អាចចូលទៅទីផ្សារកំណើនបានសម្រាប់ធ្វើការវិនិយោគ។ -High Risk High Return
ដោយ៖ គឹម ច័ន្ទលាភ