ចែករំលែកនូវដំណោះស្រាយនិងមូលហេតុ ៣យ៉ាងដែលនាំឲ្យមានវិបត្តិផ្លូវចិត្ត ពីព្រះតេជគុណ គូ សុភាព
ព្រះតេជគុណ គូ សុភាព សាស្រ្តាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ដែលអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកពិសេសយុវ័យភាគច្រើនបានស្គាល់តាមរយៈវីដេអូអប់រំផ្លូវចិត្តនិងការចែករំលែកនូវចំណេះដឹងជាច្រើនតាមរយៈសិក្ខាសាលានានា។ នៅក្នុងសិក្ខាសាលា ទស្សនាចរណ៍សិក្សាក្លាហាន៩ ដែលរៀបចំដោយក្លាហាន៩ នាសាកលវិទ្យាល័យកម្ពុជាកាលពីពេលកន្លងទៅ ព្រះតេជគុណ បានបានចែករំលែកនូវមូលហេតុសំខាន់៣យ៉ាងដែលធ្វើឲ្យយើងមានសម្ពាធផ្លូវចិត្តឬជម្ងឺផ្លូវចិត្ត៖
មូលហេតុសំខាន់ទីមួយគឺ កត្តាសង្គម៖ កើតឡើងនៅពេលដែលយើងធ្វើការប្រៀបធៀបខ្លួនឯងទៅនឹងមនុស្សជុំវិញខ្លួន ដែលគេពូកែជាង មានជាង ឬអ្នកដែលជោគជ័យជាងយើងជាដើមដែលធ្វើឲ្យយើងមើលងាយខ្លួនឯងនិងអាចឈានដល់បញ្ហាសម្ពាធផ្លូវចិត្ត។ ព្រះតេជគុណបន្ថែមទៀតថា បញ្ហាសង្គមមួយទៀតដែលសំខាន់គឺការញៀននឹងទូរស័ព្ទទំនើប(Smart phone) ការប្រើប្រាស់បណ្ដាញសង្គមនានាដែលបង្កប់ដោយ(notification) គែការផ្ដល់ដំណឹងថ្មីៗដែលធ្វើឲ្យយើងញៀនចង់ដឹងចង់ប្រើ ព្រះតេជគុណមានសង្ឃដិកាដោយសង្កត់ធ្ងន់ថា ៖"បើអ្នកណាឧស្សាហ៍ចូលមើល Profile ខ្លួនឯង ឬក៏អ្នកណាដែលឧស្សាហ៍បង្ហោះរូបនៅលើបណ្ដាញសង្គមញឹកញាប់អ្នកនោះជាមុខសញ្ញានៃជម្ងឺផ្លូវចិត្តហើយ" ដូច្នេះយើងត្រូវហាមចិត្តខ្លួនឯងកុំឲ្យ technology ទាំងនោះគ្រប់គ្រងបានឲ្យសោះ។
មូលហេតុទី២គឺ កត្តាជីវសាស្រ្ត ឬគីមីសាស្រ្ត៖ បើសិនជាអ្នកដែលពិបាកចិត្តខ្លាំង ហើយជ្រុលប្រើប្រាស់គ្រឿងញៀនគឺពិតជាពិបាកនៅក្នុងការជួយសង្រ្គោះខ្លាំងណាស់ ហើយសម្រាប់ពេលបច្ចុប្បន្នតាមរយៈការស្រាវជ្រាវបានបង្ហាញថាវ័យដែលប្រើប្រាស់គ្រឿងញៀនច្រើនជាងគេគឺយុវវ័យដែលនេះគឺជាបញ្ហាប្រឈមខ្លាំង។ ព្រះតេជគុណបន្តថា បញ្ហាការប្រើប្រាស់ថ្នាំ ផ្សែងឡានម៉ូតូ និងបញ្ហាចំណីអាហារដែលសម្បូរសារជាតិគីមីក៏ជះឥទ្ធិពលដល់ផ្លូវអារម្មណ៍របស់យើងផងដែរ ដូច្នេះបើសិនជាអាចយើងគួរញាំចំណីអាហារឬបន្លែធម្មជាតិឲ្យបានច្រើន។
មូលហេតុទី៣គឺ របៀបគិត៖ ចំណុចនេះធ្វើឲ្យមានការប៉ះពាល់ខ្លាំងណាស់ដល់ផ្លូវចិត្តរបស់មនុស្ស ព្រះតេជគុណមានសង្ឃដិកាថា មនុស្សមួយចំនួនតែងតែមានវិប្បដិសារីស្ដាយក្រោយចំពោះរឿងដែលកន្លងហួសទៅហើយ ដែលពេលខ្លះមនុស្សតែងតែស្ពាយរឿងអតីតកាលជាច្រើនជាប់ខ្លួនទាំងដែលរឿងនោះវាបានកន្លងផុតទៅហើយនឹងមិនអាចកែប្រែបានក៏ដោយ។ ព្រះតេជគុណបន្តទៀតថា តាមរយៈការស្ទង់មតិនៅអាមេរិកបានបង្ហាញនូវលទ្ធផលដែលគួរឲ្យតក់ស្លុតមួយដែលបង្ហាញថា មនុស្សប្រមាណជា ៤០%រស់នៅក្នុងអតីតកាលហើយ ៤០%ទៀតទៅនៅអនាគត ហើយសល់តែ ២០%ប៉ុណ្ណោះដែលរស់នៅក្នុងបច្ចុប្បន្នកាល ដែលនេះគឺជាមូលហេតុធ្វើឲ្យមនុស្សនៅពេលបច្ចុប្បន្ននេះមានការស្មុគស្មាញច្រើន។ ដូច្នេះដើម្បីដោះលែងខ្លួនឯងចេញពីគុគអតីតកាលយើងត្រូវទម្លាប់ប្រាប់ខ្លួនឯងថាអ្វីដែលវាហួសទៅហើយគឺយើងមិនអាចបកក្រោយវិញបានទេ ម្យ៉ាងទៀតយើងក៏មិនត្រូវដេកកើតទុកខ្លាំងពេកចំពោះអនាគតដែលមិនទាន់មកដល់នោះ។ នេះគឺជាការលើកឡើងរបស់ព្រះតេជគុណ គូ សុភាព។ ព្រះតេជគុណ គូ សុភាព៖ យើងកុំយកអតីតកាលមកធ្វើជាភ្លើងសម្រាប់ដុតខ្លួនឯងព្រោះយ៉ាងហោចណាស់យើងក៏នៅមានថ្ងៃនេះនឹងថ្ងៃស្អែកសម្រាប់រស់បន្តទៀតដែរ៕
អត្ថបទ៖ ជួប ស្រីរ័ត្ន