គតិបណ្ឌិតទាំង ១០ឃ្លារបស់លោក ឌេល ខនីហ្ជី (Dale Carnegie) អ្នកនិពន្ធដ៏ល្បីរបស់សហរដ្ឋអាមេរិក
លោក ឌេល ខនីហ្ជី (Dale Carnegie ឈ្មោះពេញ Dale Harbison Carnegie) គឺជាអ្នកនិពន្ធ វាគ្មិននិយាយសាធារណៈ និងជាសាស្ត្រាចារ្យបង្រៀនពីការអភិវឌ្ឍខ្លួនដ៏ល្បីល្បាញម្នាក់ក្នុងសហរដ្ឋអាមេរិក។ លោក ឌេល ខនីហ្ជី កើតនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ១៨៨៨ ក្នុងទីក្រុង Maryville រដ្ឋ Missouri សហរដ្ឋអាមេរិក។ លោកត្រូវបានគេស្គាល់ថាជាអ្នកនិពន្ធសៀវភៅល្បីៗមួយចំនួន ដូចជា How to Win Friends and Influence People និង How to Stop Worrying and Start living។ ខាងក្រោមនេះគឺជាគតិបណ្ឌិតទាំង ១០ឃ្លារបស់លោក ឌេល ខនីហ្ជី អ្នកនិពន្ធដ៏ល្បីរបស់សហរដ្ឋអាមេរិក៖
១) «កុំខ្លាចសត្រូវដែលតែងតែវាយប្រហារអ្នក ប៉ុន្តែអ្វីដែលត្រូវប្រយ័ត្នចំពោះមិត្តរបស់អ្នកដែលកំពុងបញ្ជោរបោកប្រាស់អ្នកទៅវិញទេ។»
២) «មិនមែនជាអ្វីដែលអ្នកមាន អ្នកគឺជានរណា អ្នកនៅទីណា ឬអ្វីអ្នកកំពុងធ្វើនោះទេដែលធ្វើឲ្យអ្នករីករាយឬមិនរីករាយ ប៉ុន្តែអ្វីដែលអ្នកគិតទៅវិញទេ។»
៣) «ចង់ឲ្យអ្នកដទៃចាប់អារម្មណ៍អ្នក ដំបូងអ្នកត្រូវចាប់អារម្មណ៍គេសិន។»
៤) «អ្នកមិនងាយទទួលបានជោគជ័យនោះទេ លុះត្រាតែអ្នករីករាយនឹងអ្វីដែលអ្នកកំពុងធ្វើសិន។»
៥) «កុំចង់ឈ្នះការឈ្លោះប្រកែក បើទោះបីជាអ្នកចាញ់ អ្នកនៅតែចាញ់ ហើយបើទោះបីជាអ្នកឈ្នះ អ្នកនៅតែចាញ់ដដែល។»
៦) «ប្រសិនបើអ្នកចង់ឈ្នះភាពភ័យខ្លាច កុំអង្គុយតែក្នុងផ្ទះហើយគិតតែភ័យខ្លាច ប៉ុន្តែអ្នកត្រូវតែចេញទៅក្រៅធ្វើសកម្មភាព។»
៧) «ជោគជ័យគឺការទទួលបានអ្វីដែលអ្នកចង់បាន ប៉ុន្តែភាពរីករាយគឺការចង់បានអ្វីដែលអ្នកទទួលបាន។»
៨) «មនុស្សជោគជ័យតែងតែរៀនសូត្រពីកំហុសរបស់ពួកគេ ហើយព្យាយាមម្ដងទៀតដោយផ្លាស់ប្ដូរយុទ្ធសាស្រ្តថ្មី។» ៩) «ភាពភ័យខ្លាចមិនស្ថិតនៅកន្លែងណាទាំងអស់ ប៉ុន្តែស្ថិតលើការគិតរបស់អ្នក។»
១០) «ចំណេះដឹងមិនមែនជាអំណាចទេ លុះត្រាតែអ្នកប្រើប្រាស់វា។»
ដោយ៖ លង់ វណ្ណៈ