ចាប់អារម្មណ៍ផ្សារមូលបត្រ? តើអ្វីទៅជាទីផ្សារដំបូង និងទីផ្សារបន្ទាប់ (Primary Market Vs Secondary Market)?
ជាទូទៅ ការចូលរួមនៃវិនិយោគិននៅក្នុងផ្សារមូលបត្រ គឺសំដៅដល់ការទិញលក់ភាគហ៊ុននៅទីផ្សារបន្ទាប់ (នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា) គឺជាការទិញលក់ភាគហ៊ុនពីវិយោគិន ទៅវិនិយោគិន។
ទីផ្សារដំបូង ជាកន្លែងដែល ទិញហ៊ុនដោយផ្ទាល់ពីក្រុមហ៊ុនបោះផ្សាយ វាអាចកើតមានម្តងម្កាល នៅពេលដែលមានក្រុមហ៊ុនបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈជាលើកដំបូង។
+ទីផ្សារដំបូង (Primary Market) ទីផ្សារដំបូងគឺជាទីផ្សារដែលភាគហ៊ុន(ទើបបោះផ្សាយជាសាធារណៈលើកដំបូង-IPO ដោយក្រុមហ៊ុនមួយ) ត្រូវបានដាក់ឱ្យជួញដូរជាលើកដំបូង។ បានសេចក្តីថា ជាទីផ្សារដែលវិនិយោគិនសាធារណៈទិញភាគហ៊ុនដោយផ្ទាល់ពីក្រុមហ៊ុនបោះផ្សាយ គឺប្រៀបបាននឹង ការទិញទំនិញមួយដោយអ្នកប្រើប្រាស់ ដោយផ្ទាល់ពីក្រុមហ៊ុនផលិត ដូច្នោះដែរ។
+ទីផ្សារបន្ទាប់ (Secondary Market) វិនិយោគិនដែលទិញភាគហ៊ុននៅទីផ្សារដំបូង ហើយចង់លក់ភាគហ៊ុននោះចេញដើម្បីយកសាច់ប្រាក់មកវិញ ត្រូវលក់ភាគហ៊ុននោះទៅឱ្យវិនិយោគិនដទៃទៀត គឺមិនមែនលក់ទៅឱ្យក្រុមហ៊ុនបោះផ្សាយវិញទេ។ ការទិញលក់តទៅនេះ រវាងវិនិយោគិន(អ្នកទិញ) និងវិនិយោគិន(អ្នកលក់) ត្រូវបានគេហៅថា ជាការទិញលក់នៅទីផ្សារបន្ទាប់ គឺប្រៀបបាននឹងការជួញដូរវត្ថុ"ជជុះ"រវាងអ្នកប្រើប្រាស់ដូចគ្នាដូច្នោះដែរ គ្រាន់តែភាគហ៊ុនមិនចេះសឹករិចរិលប៉ុណ្ណោះ។ ការជួញដូរនៅទីផ្សារបន្ទាប់គឺធ្វើឡើងនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា(ផ.ម.ក.)។
ផ.ម.ក. មានតួនាទីចម្បងក្នុងការផ្តល់សេវាទីកន្លែង និងប្រព័ន្ធជួញដូរ សម្រាប់វិនិយោគិនងាយស្រួលរកគ្នាឃើញ(អ្នកលក់និងអ្នកទិញ) ដើម្បីជួញដូរជាមួយគ្នា។
ដោយ៖គឹម ច័ន្ទលាភ ប្រភព៖ ទីផ្សារមូលបត្រកម្ពុជា