៥ ជំហានសម្រាប់រៀបចំខ្លួនដើម្បីទទួលបានហិរញ្ញប្បទាន ពីផ្សារមូលបត្រ (ភាគ II)​



កាល​ពី​ថ្ងៃ​ម្សិលមិញ BizKhmer បាន​ចេញ​ផ្សាយ​ម្ដង​រួច​ទៅ​ហើយ អំពី​ប្រធាន​បទ ៖«៥ ជំហានសម្រាប់រៀបចំខ្លួនដើម្បីទទួលបានហិរញ្ញប្បទាន ពីផ្សារមូលបត្រ»

ភាគ​ ១ សូម​ចុច​ត្រង់​នេះ​ដើម្បី​អាន​អត្ថបទ​លម្អិត។ ថ្ងៃ​នេះ​ BizKhmer សូម​​ចែក​រំលែក​ភាគទី

២​អំពី​៖

ក-ក្រុមហ៊ុនធានាទិញមូលបត្រ៖ ក្រុមហ៊ុនធានទិញមូលបត្រ ជាបុគ្គលសំខាន់នៅក្នុងដំណើរការបោះផ្សាយលក់មូលបត្រ កម្មសិទ្ធិជាសាធារណៈលើកដំបូង។ ក្រុមហ៊ុនធានាទិញមូលបត្រមានតួនាទីដូចខាងក្រោម៖ -ផ្ដល់ប្រឹក្សាសំខាន់ៗដល់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ ដូចជាការកំណត់ថ្លៃការកំណត់ទំហំបោះផ្សាយ និង កំណត់គម្រោងពេលបោះផ្សាយ -ចាត់ចែងរៀបចំដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ទជាសាធារណៈ ឲ្យក្រុមហ៊ុនបោះផ្សាយមូលបត្រដោយចូលរួមផ្ទាល់ ឬ មិនផ្ទាល់នោក្នុងដំណើរបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈ -រៀបចំឯកសារផ្ដល់ព័ត៌មាន និង ធ្វើរបាយការណ៍បញ្ជាក់ពីការបំពេញកាតព្វកិច្ចតាមច្បាប់ -ធានាទិញមូលបត្រដែលនៅសល់ទាំងអស់ ឬ តាមការព្រមព្រៀង លើសពីនេះ ក្រុមហ៊ុនធានាទិញមូលបត្រអាចណែនាំក្រុមហ៊ុនបោះផ្សាយលក់មូលបត្រពីការរៀបចំរចនាសម្ព័ន្ធអភិបាលកិច្ចសាជីវកម្ម គោលនយោបាយ និង យន្ដការដែលអនុញ្ញាតអោយក្រុមហ៊ុនបោះផ្សាយលក់មូលបត្រធ្វើប្រតិបត្តិការធុរកិច្ចប្រកបដោយប្រសិទ្ធភាព និង អនុវត្តតាមបទញ្ញាតិ្តពាក់ព័ន្ធក្រោយការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈលើកដំបូង។

ខ-ក្រុមហ៊ុនផ្ដល់សេវាសវនកម្ម ក្រុមហ៊ុនផ្ដល់សេវាសវនមានតួនាទីដូចខាងក្រោម៖ -ផ្ដល់សេវាសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ -រៀបចំរបាយការណ៍បញ្ជាក់ពីការបំពេញកាតកិច្ចតាមច្បាប់ពាក់ព័ន្ធ នឹង កិច្ចការគណនេយ្យ -ត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុក្នុងឯកសារផ្ដល់ព័ត៌មានតាមការព្រមព្រៀង។

គ-មេធាវី មេធាវីមានតួនាទី៖ -ត្រួតពិនិត្យការអនុវត្ដកាតព្វកិច្ចតាមច្បាប់និងរៀបចំរបាយការណ៍បញ្ជាក់ពីការបំពេញកាតព្វកិច្ចតាមច្បាប់ផ្នែកដែលពាក់ព័ន្ធ នឹង ទិដ្ឋច្បាប់របស់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ -ផ្ដល់យោបល់ជូនក្រុមហ៊ុនបោះផ្សាយលក់មូលបត្រនូវរាល់បញ្ហាពាក់ព័ន្ធ នឹង ទិដ្ឋភាពច្បាប់ -ផ្ដល់យោបល់ផ្នែកច្បាប់ក្នុងការរៀបចំកិច្ចសន្យាធានាទិញ -ផ្ដល់យោបល់ជូនក្រុមហ៊ុនបោះផ្សាយលក់មូលបត្រអំពីអភិបាលកិច្ចសាជីរកម្ម និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ផ្សេងទៀត។

ជំហានទី៣ ការពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រ ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រដោយមានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រត្រូវដាក់ពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។

ជំនាញទី៤  ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈលើកដំបូង ក្រុមហ៊ុនបោះផ្សាយមូលបត្រដោយមានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រ ត្រូវដាក់ពាក្យស្នើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសារធារណៈជូន គណកម្មការមូលបត្រកម្ពុជា។ ក្រោយពីទទួលបានការអនុញ្ញាតជាគោលការណ៍លើសំណើរសុំបោះផ្សាយលក់មូលបត្រជាសាធារណៈពី គណកម្មការមូលបត្រកម្ពុជាក្រុមហ៊ុនត្រូវរៀបចំធ្វើការកំណត់ថ្លៃលក់មូលបត្រ និង ស្នើសុំការអនុញ្ញាតលើលក្ខខណ្ឌនៃសំណើរលក់ និង ចុះបញ្ជីឯកសារផ្ដល់ព័ត៌មានពីគណកម្មការមូលបត្រកម្ពុជា។បន្ទាប់មកទៀតក្រុមហ៊ុនបោះផ្សាយលក់មូលបត្រត្រូវចាប់ផ្ដើមដំណើរការធ្វើបរិវិសកម្មមូលបត្រ និង រាយការណ៍ពីលទ្ធផលនៃការធ្វើបរិវិសកម្មបត្រជូន គណកម្មការមូលបត្រកម្ពុជា។

ជំហានទី៥ ការចុះបញ្ជីលក់មូលបត្រជាផ្លូវការនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក្រោយពីបានបញ្ចប់ការធើ្វបរិវិសកម្មមូលបត្រ និង ការបញ្ចូនមូលបត្រកម្មសិទ្ធទៅឲ្យអ្នកធ្វើបរិវិសកម្មដែលទទួលបានជោគជ័យ ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រត្រូវបំពេញបែបបទនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដើម្បីចុះបញ្ជីជួញដូរមូលបត្រជាផ្លូវការ៕

X
5s