កម្ពុជាចាប់ផ្តើមក្លាយជាឋានសួគ៌វិនិយោគមួយសម្រាប់ប្រទេស ប៊ែលហ្សិក
របាយការណ៍ពាក់កណ្ដាលឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា (NBC) បង្ហាញថា លំហូរចូលនៃវិនិយោគដោយផ្ទាល់មកកម្ពុជា (FDI) នៅឆមាសទី ១ ឆ្នាំនេះមានចំនួន ១,៣២ ពាន់លានដុល្លារកើនឡើង ១៤ ភាគរយធៀបនឹង ១,១៦ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជនជាតិបរទេសដែលមកវិនិយោគច្រើនជាងគេនៅក្នុងប្រទេសកម្ពុជារួមមានជនជាតិ ចិន សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន កូរ៉េ និងអឺរ៉ុបជាដើម។ អ្វីដែលគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះគឺថា ប្រទេសប៊ែលហ្សិក ដែលជាសមាជិកសហភាពអឺរ៉ុបមួយដែរនោះ បានបង្ហាញសុទិដ្ឋិនិយមមកកាន់ប្រទេសកម្ពុជាថាប្រទេសកម្ពុជា កំពុងតែបានក្លាយជាឋានសួគ៌មួយសម្រាប់ជនជាតិខ្លួនចូលមកវិនិយោគ។
ការលើកឡើងនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ឯកអគ្គរាជទូតប៊ែលហ្សិក និងជាប្រធានសភាពាណិជ្ជកម្មប្រទេសប៊ែលហ្សិក លុចហ្សាំបួរ និងថៃ។ ដូចគ្នានេះដែរ លោកបានរៀបរាប់ថា ហេតុផលដែលលោកយល់ឃើញបែបនេះ ក៏ព្រោះតែប្រទេសកម្ពុជាមានទីតាំងភូមិសាស្ត្រល្អ ស្ថេរភាពនយោបាយ បូករួមជាមួយនឹងកំណើនសេដ្ឋកិច្ចយ៉ាងប្រសើរ ពោលគឺមានចំនួនរហូតដល់ទៅ៧%ជាមធ្យមរៀងរាល់ឆ្នាំ។ ការអះអាងនេះត្រូវបានគាំទ្រយ៉ាងពេញទំហឹង ពីភាគីខាងកម្ពុជា ហើយបន្ថែមទៀតថា ខ្លួននឹងស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់វិនិយោគិនអឺរ៉ុបដែលមានបំណងចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយលោកក៏បានសង្ឃឹមយ៉ាងមុតមាំថា ជាមួយនឹងការវិនិយោគពីបណ្តាប្រទេសផ្សេងៗទាំងអស់នេះនឹងជួយអោយប្រទេសកម្ពុជាសម្រេចបានគោលដៅសេដ្ឋកិច្ច ដើម្បីក្លាយខ្លួនជាប្រទេសដែលមានចំនូនមធ្យមនៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសចំនូលខ្ពស់នៅឆ្នាំ ២០៥០បាន។ គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងប្រទេសកម្ពុជា និងប៊ែលស្សិកបានកើតឡើងតាំងពីឆ្នាំ ១៩៩២មកម្ល៉េះ។ រីឯការសហការក្នុងវិស័យសេដ្ឋកិច្ចវិញ ប្រទេសទាំងពីរក៏មានសកម្មភាពវិជ្ជមានជាច្រើនផងដែរ ដោយក្នុងនោះកាលពីឆ្នាំ ២០១៧ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានតម្លៃដល់ទៅ ៤១១លានដុល្លារអាមេរិចឯណោះ៕
អត្ថបទ៖ វត្តី សុត្ថា