​​​ហេតុ​អ្វី​អ្នក​ត្រូវ​​បង្កើត​ក្តី​សុបិន​ឲ្យ​ធំ ​សម្រាប់​ថ្ងៃ​អនាគត​? ​​



មនុស្ស​មួយ​ចំនួន​ ​គ្រាន់​តែ​សុបិន​​ឲ្យ​ធំ​បន្តិច​សម្រាប់​ថ្ងៃ​អនាគត​​ ​ក៏​មិន​ដែល​ផង ​ដូច្នេះ​ហើយ​ពួកគេ​ក៏​គ្មាន​បេសកកម្ម​ណា​ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ធំដុំ​​ក្នុង​ជីវិត​ដូច​អ្នកដទៃ​ឡើយ​។ ​គ្រាន់​តែ​ដាក់​ក្តី​សុបិន​ឲ្យ​ធំ​ ​គឺ​មិន​ខាត់​បង់​អ្វី​នោះ​ទេ ​ប៉ុន្តែ​វា​ផ្តល់​នូវ​ប្រយោជន៍​យ៉ាង​ច្រើន​ដែល​អ្នក​មិន​គួរ​មើល​រំលង​។ ​

ប៉ុន្តែ​យ៉ាង​ណាក៏ដោយ ​កុំ​គ្រាន់​តែ​សុបិន​ដោយ​គ្មាន​សកម្មភាព​ឲ្យ​សោះ ​ព្រោះ​វា​ស្មើ​នឹង​អត់​បាន​ការ​ដដែល​ ​ពោល​គឺ​ត្រូវ​តែ​ដើរ​ឆ្ពោះ​ទៅ​កាន់​ក្តី​សុបិន​របស់​អ្នក ​ទោះ​មាន​បញ្ហា​ច្រើន​ក្តី។​ ខាងក្រោម​នេះ​ជា​ប្រយោជន៍​សំខាន់ៗ៖

១) ​​បំផុស​គំនិត​​ឲ្យ​ខិតខំ​ធ្វើការ​ខ្លាំង​៖ ​ដូច​ដែល​បាន​ដឹង​ហើយ​ថា ​នៅ​ពេល​អ្នក​​ចង់​សម្រេច​កិច្ចការ​ធំ​មួយ​ ​វា​ទាមទារ​ឲ្យ​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ខ្ពស់​បំផុត ​ទើប​អាច​សម្រេច​បាន​។ ​ដូច្នេះ​ហើយ​ ​អ្នក​គួរ​តែ​ដាក់​ក្តី​ស្រមៃ ​និង គោលដៅ​ឲ្យ​ធំ​ ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​អ្នក​​ ​ខិតខំ​បំពេញ​ការងារ​ ​ដោយ​គ្មាន​ភាព​ខ្ជិលច្រអូស​។ ​​

២) ​សប្បាយចិត្ត​នៅ​ពេល​ដើរឆ្ពោះ​ទៅកាន់​​​ផ្លូវ​​ដ៏​អស្ចារ្យ​មួយ​៖ ​កាល​ណា​អ្នក​ចង់​សម្រេច​កិច្ចការ​ដ៏​អស្ចារ្យ​មួយ ​ជាមួយ​នឹង​ការ​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​នោះ​ ​វា​ពិត​ជា​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា សប្បាយចិត្ត​ខ្លាំង​ណាស់​ ​ព្រោះ​កំពុង​ប្រើ​ជីវិត​ក្នុង​ផ្លូវ​ត្រូវ​មួយ​។ ​​បើ​ធៀប​ជីវិត​របស់​អ្នក​ដែល​កំពុង​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​ ​ទោះ​ (សម្រេច​ក្តី​ ​ឬ ​មិន​សម្រេច​ក្តី)​ ​ទៅ​នឹង​មនុស្ស​ផ្សេង​ទៀត​ដែល​​ធ្វើ​តែ​កិច្ចការ​ដែល​ឥត​ប្រយោជន៍​នោះ ​​អ្នក​នឹង​មាន​អារម្មណ៍​ច្បាស់​ថា ​ជីវិត​​គឺ​ពិត​ជា​មាន​ខ្លឹម​សារ​។

៣) ​​​ទទួល​បាន​លទ្ធផល​ដ៏​អស្ចារ្យ​នៅ​ពេល​ជោគជ័យ​៖ ​ប្រសិនបើ​ក្តី​ស្រមៃ​របស់​អ្នក​ ​ក្លាយ​ជា​ការ​ពិត​ក្រោយ​​ពី​បាន​ចំណាយ​ពេល​ច្រើន​ដើម្បី​ធ្វើ​វា​រួច​មក​ ​អ្នក​នឹង​​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​ ​​ព្រោះ​ថា​ ​លទ្ធផល​នោះ ​ជា​អ្វី​ដែល​បាន​ប៉ង​ ​ហើយ​ក៏​បញ្ជាក់​ប្រាប់​ទៅ​កាន់​​អ្នកដទៃ​ថា អ្នក​ជា​មនុស្ស​មាន​សមត្ថភាព​ពិតប្រាកដ​។

៤) ​បើ​មិន​ជោគជ័យ​ទេ​ ​ក៏​ទទួល​បាន​បទពិសោធន៍ ​និង ចំណេះដឹង​ច្រើន​ដែរ​៖ ​ថ្វីត្បិត​តែ​មនុស្ស​គ្រប់គ្នា​មិន​ចង់​បាន​ការ​​បរាជ័យ​ ​ប៉ុន្តែ​វា​ក៏​ជៀស​មិន​ផុត​ដែរ។ ​ប្រសិនបើ​អ្នក​បាន​ ​ដាក់​គោលដៅ​ ​និង ក្តី​សុបិន​ដ៏​ធំ​មួយ​ ​​ហើយ​​បាន​ខិតខំ​យ៉ាង​ខ្លាំង​ ​តែ​នៅ​តែ​មិន​សម្រេច​នោះ សូម​កុំ​បាក់​ទឹក​ចិត្ត​ ​ព្រោះ​ថា អ្នក​ក៏​ទទួល​បាន​ចំណេះដឹង​ ​និង​ ​បទពិសោធន៍​យ៉ាង​ច្រើន​ផង​ដែរ​។ ​ចំណេះដឹង​ ​និង បទពិសោធន៍​ទាំង​នេះ​ ​នឹង​ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​បុគ្គល​ជោគជ័យ​នៅ​ពេល​ខាង​មុខ​ទៀត​៕

ដោយ​៖ រតនា វិចិត្រ

X
5s