លោក កែវ ឡង់ឌី បង្ហើបពីវិធីសាស្រ្តការពារហានិភ័យ និងការកេងប្រវ័ញ្ចក្នុងក្រុមហ៊ុន
លោក កែវ ឡង់ឌី ប្រធានប្រតិបត្តិនៃក្រុមហ៊ុនស្រមោចត្រេឌីង បានលើកឡើងនូវវិធីសាស្រ្តសំខាន់ៗក្នុងការគ្រប់គ្រងការកេងប្រវ័ញ្ញ ក្នុងស្ថាប័នក្រុមហ៊ុន ប្រកបដោយប្រសិទ្ធិភាព ក្នុងកម្មវិធីសិក្ខាសាលា The Speculationស្ដីអំពី សវនកម្ម និងការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស កាលពីពេលថ្មីៗនេះ។
ប្រធានប្រតិបត្តិរូបនេះ បានលើកឡើងថា ការគ្រប់គ្រងក្រុមលក់ ជារឿងដែលពិបាក ព្រោះជាទូទៅ អ្នកដែលធ្វើការនៅក្នុងផ្នែកនេះ មិននៅធ្វើការក្នុងការិយាល័យនោះទេ ពោលតាមការកត់សម្គាល់របស់លោក ភាគច្រើនចេញទៅជួបភ្ញៀវឬអតិថិជនជារៀងរាល់ថ្ងៃ ដូច្នេះលទ្ធផលដែលទទួលបាន ចាំបាច់ត្រូវតែ ត្រួតពិនិត្យ និងចាប់យកនូវព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ។ ការធ្វើរបាយការណ៍របស់ក្រុមលក់ ក៏ជារឿងមួយដែលត្រូវពិនិត្យពិច្ច័យឱ្យបានល្អិតល្អន់ផងដែរ។ លោកអះអាងដូច្នេះថា៖ «ជួនកាលពួកគាត់ទៅជួបភ្ញៀវតែ ៣នាក់ទេ តែគាត់បង្ហាញរូប ១០នាក់ នេះសម្រាប់ក្រុមហ៊ុន ជារឿងខាតបង់ ដូច្នេះថាតើយើងគួរធ្វើបែបណាដើម្បីចំពោះបញ្ហានេះ? បើក្រុមហ៊ុនមានផ្នែកលក់ ២០នាក់ តើចាំបាច់ត្រូវចំណាយមនុស្ស ២០នាក់ដើម្បីទៅតាមដានគាត់ឬយ៉ាងណា?»។
លោក កែវ ឡង់ឌី បានចែករំលែកបន្តថា សម្រាប់ក្រុមហ៊ុនរបស់លោក លោកប្រើបច្ចេកវិទ្យាមួយឈ្មោះថា Timestamp Camera ដែលកម្មវិធី app ពិសេសមួយ អាចផ្ដល់ទិន្នន័យព័ត៌មានថា តើយើងថតរូបជាមួយអ្នកណា នៅកន្លែងណា ពេលណា ដែលធ្វើឲ្យយើងកាន់តែមានភាពងាយស្រួល ក្នុងការទប់ស្កាត់បញ្ ហាកេងប្រវ័ញ្ចនានានៅក្នុងក្រុមហ៊ុន ដោយយើងត្រូវការចំណាយតែមនុស្សម្នាក់ប៉ុណ្ណោះដើម្បីពិនិត្យមើលទិន្ន័យទាំងអស់នោះ។
មួយវិញទៀត ដើម្បីការពារហានិភ័យក៏ដូចជាការពានូវការកេងប្រវ័ញ្ចផ្សេងៗ នៅក្នុងក្រុមហ៊ុន យើងមិនអាចពឹងផ្អែកទាំងស្រុងទៅលើមនុស្សទេគឺយើងត្រូវមាន System ហើយត្រូវប្រាកដថា តើប្រព័ន្ធនៅក្នុងក្រុមហ៊ុនរបស់យើងនោះមានដំណើរការដល់កម្រិតណាហើយ ដំណើរការដោយរលូនឬទេ ហើយវាផ្ដល់លទ្ធផលឲ្យយើងបានដល់កម្រិតណា។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ ដើម្បីការពារហានិភ័យនិងការកេងប្រវ័ញ្ញនៅក្នុងក្រុមហ៊ុនបាន ក្រុមហ៊ុនចាំបាច់ត្រូវមានប្រព័ន្ធមួយដែលដំណើរការប្រកបដោយសុវត្ថិភាព និងច្បាស់លាស់ យើងត្រូវចាំថាបើរៀបប្រព័ន្ធល្អនោះបុគ្គលិក ៦០%នឹងដើរតាមយើងហើយក្រុមហ៊ុននិងតំណើរការរលូន តែបើប្រព័ន្ធយើងខ្សោយវាប្រៀបដូចជាការបង្រៀនឲ្យបុគ្គលិកនោះចេះលួចដូច្នោះដែរដូច្នេះ៦០%នោះទោះបើមិនចង់លួចក៏ក្លាយជាចេះលួចដែរ។ នេះជាការលើកឡើងបន្ថែមរបស់លោក ឡង់ឌី៕
អត្ថបទ៖ ជួប ស្រីរ័ត្ន