លោកស្រី ចេន សុភាព ស្ថាបនិកសមាគមន៍កីតម្បាញខ្មែរ៖ គុណសម្បត្តិទាំង ៥របស់សហគ្រិនជោគជ័យ
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចក្លាយជាសហគ្រិនជោគជ័យនោះទេ ហើយដើម្បីក្លាយជាសហគ្រិនជោគជ័យក៏មិនមែនជារឿងដែលងាយស្រួលនោះដែរ ខាងក្រោមនេះគឺជាការចែករំលែករបស់សហគ្រិនស្រ្តីឆ្នើម លោកស្រី ចេន សុភាព ស្ថាបនិក សមាគមន៍កីតម្បាញខ្មែរ អំពីគុណសម្បត្តិទាំង៥របស់សហគ្រិនជោគជ័យ នៅក្នុងកម្មវិធីទស្សនាចរណ៍សិក្សាដែលរៀបចំដោយក្លាហាន៩ នៅឯសាកលវិទ្យាល័យកម្ពុជា កាលពីពេលកន្លងទៅនេះ។
គុណសម្បត្តិទី១គឺ មានវិន័យផ្ទាល់ខ្លួន៖ វិន័យផ្ទាល់ខ្លួនពិតជាសំខាន់ណាស់ព្រោះវាប្រៀបបានដូចជាគ្រោងឆ្អឹងដែលធ្វើឲ្យយើងអាចឈររឹងមាំបាន។ ការគោរពពេលវេលា ការចាត់ចែងការងារ និងការធ្វើលំហាត់ប្រាណជាដើម សុទ្ធតែជាវិន័យផ្ទាល់ខ្លួន ហើយបើយើងគ្មានវិន័យផ្ទាល់ខ្លួនទេនោះទេ យើងមិនអាចខ្លាចជាសហគ្រិនជោគជ័យនោះទេ ព្រោះយើងត្រូវដឹងថាក្នុងរយៈពេលមួយវិនាទី ពិភពលោកតែងតែមានការផ្លាស់ប្តូរដូច្នេះវិន័យផ្ទាល់ខ្លួនរបស់យើង ក៏ត្រូវតែមានការផ្លាស់ប្តូរទៅតាមបរិបទសង្គមផងដែរ។
គុណសម្បត្តិទី២គឺ សុចរិតភាព៖ សុចរិតភាព ជាចំណុចសំខាន់បំផុតនៅក្នុងការធ្វើអាជីវកម្ម ព្រោះបើក្នុងនាមយើងជាសហគ្រិនប៉ុន្តែយើងបែរជាមិនអាចធ្វើឲ្យអតិថិជនជឿទុកចិត្តបាននោះទេ យើងក៏មិនអាចក្លាយជាសហគ្រិនជោគជ័យនោះដែរ ហើយបើកាលណាអតិថិជនបាត់បង់ទំនុកចិត្ត នោះអាជីវកម្មរបស់យើងក៏មិនអាចរីកចម្រើនបានដែរ លោកស្រីមានប្រសាសន៍ថា ៖«អាជីវកម្មកីតម្បាញរបស់ខ្ញុំ មិនមែនខ្ញុំឬក៏បុគ្គលិករបស់ខ្ញុំជាអ្នកលក់១០០%ទេ ប៉ុន្តែគឺអតិថិជនជាអ្នកជួយលក់ឲ្យខ្ញុំ តាមរយៈការប្រាប់តគ្នាពីអតិថិជន១០០នាក់ប្រាប់ទៅមនុស្ស១០០នាក់ទៀត»។
គុណសម្បត្តិទី៣គឺ មានការតស៊ូរ៖ យើងត្រូវការការលះបង់ខ្ពស់ ទាំងកម្លាំងកាយ និងកម្លាំងចិត្តក្នុងការធ្វើកិច្ចការ មិនមែនគ្រាន់តែលឺការរិះគន់ទៅលើការធ្វើការងាររបស់យើងហើយធ្វើឲ្យយើងបាក់ទឹកចិត្តហើយចង់បោះបង់នោះទេ ដូច្នេះយើងត្រូវតែមានការតស៊ូរព្យាយាមធ្វើវាឲ្យបានជោគជ័យ។
គុណសម្បត្តិទី៤គឺ យល់ច្បាស់ពីទិសដៅ៖ ត្រូវមានការតម្រង់ទិស និងមានគោលដៅច្បាស់លាស់សម្រាប់ខ្លួនឯងថាយើងចង់ធ្វើអ្វីខ្លះ មានសៀវភៅកំណត់ហេតុត្រឹមត្រូវសម្រាប់ខ្លួនឯង និងចេះកំណត់នូវកាលវិភាគឲ្យច្បាស់លាស់ នៅពេលដែលយើងមានកំណត់ហេតុនិងកាលវិភាគត្រឹមត្រូវហើយ យើងនឹងដឹងថាពេលវេលាមួយវិនាទីៗគឺសំខាន់ប៉ុណ្ណា។
គុណសម្បត្តិទី៥គឺ មានការតំរង់ទិសនិងសកម្មភាព៖ នៅពេលដែលយើងមានផែនការច្បាស់លាស់ហើយ យើងចាំបាច់ត្រូវតែធ្វើចេញជាសកម្មភាព ដើម្បីឲ្យគោលដៅឬទិសដៅដែលយើងបានគ្រោងទុកនោះបានទទួលជោគជ័យ។ លោកស្រី ចេន សុភាពបានផ្ដល់នូវសុភាសិតខ្លីមួយឃ្លាថា៖ «ក្នុងនាមយើងជាមនុស្សបើសិនជាថ្ងៃនេះយើងនៅដដែល ហើយថ្ងៃស្អែកយើងនៅតែដដែល យើងមិនសមធ្វើជាមនុស្សទេ»៕
អត្ថបទ៖ ជួប ស្រីរ័ត្ន