ព្រហ្មវិហារធម៍ទាំង ៤ក្នុងព្រះពុទ្ធសាសនា បង្កើតក្ដីស្រលាញ់ពិតដល់មនុស្សជាតិ
មនុស្សម្នាក់ៗចង់មានក្ដីស្រលាញ់ ចង់បង្កើតក្ដីស្រលាញ់ដល់អ្នកដទៃ។ ប៉ុន្តែមនុស្សជាច្រើនមិនទាន់ដឹងពីរបៀបបង្កើតវានៅឡើយទេ ដោយមនុស្សភាគច្រើនគិតថាក្ដីស្រលាញ់កើតចេញពីអ្វីរបស់ក្រៅខ្លួន។ តែមិនដូច្នេះទេ គឺវាកើតចេញពីចិត្តរបស់អ្នក។ ដូចនេះហើយ BizKhmer សូមលើកយកព្រហ្មវិហារធម៍ទាំង ៤ក្នុងព្រះពុទ្ធសាសនា បង្កើតក្ដីស្រលាញ់ពិតដល់អ្នកផងទាំងពួង ដែលដកស្រង់ពី Trulymined៖
១) មេត្តា៖ មេត្តាគឺសេចក្ដីប្រណី ស្រឡាញ់រាប់អានអ្នកផង។ មនុស្សម្នាក់ៗអាចមានឱកាសក្នុងការស្វែងរកក្ដីស្រឡាញ់ពិត និងចែករំលែកសេចក្ដីស្រលាញ់ទៅកាន់អ្នកដទៃ។ ពេលដែលអ្នកមានចិត្តមេត្តាក្នុងខ្លួនហើយ អ្នកនឹងធ្វើឲ្យមនុស្សនៅជុំវិញខ្លួនអ្នករីករាយស្រលាញ់រាប់អានអ្នក ពីព្រោះតែការមិនយកទោសពៃរ៍ ចិត្តមេត្តាធម៍របស់អ្នក។
២) ករុណា៖ ករុណាគឺសេចក្ដីអាណិតអាសូរ សន្ដោសប្រណីឲ្យអ្នកដទៃបានសុខ។ អ្នកត្រូវចេះធ្វើជាអ្នកជួយ នៅពេលអ្នកដទៃត្រូវការ មានទុក្ខធុរៈ ទុក្ខលំបាក ក្រីក្រទោកយ៉ាក។ វាជាការជួយរំលែកទុក្ខមនុស្សដែលកំពុងជួបបញ្ហា ការធ្លាក់ទឹកចិត្ត អស់សង្ឃឹម។ នៅពេលអ្នកមានចិត្តករុណាហើយ នោះអ្នកនឹងធ្វើឲ្យអ្នកដទៃរីករាយ មានចិត្តស៊ូតមុះមុតទៅមុខទៀត។
៣) មុទិតា៖ មុទិតាគឺការមិនមានចិត្តច្រណែនឈ្នានីសអ្នកដ៏ទៃ។ ផ្ទុយទៅវិញអ្នកមានចិត្តត្រេកអរ រីករាយសាទរ ពេលអ្នកដទៃបានក្ដីសុខរីកចម្រើន។ ប្រសិនបើអ្នកមានមុទិតាក្នុងខ្លួននោះ អ្នកនឹងអាចធ្វើឲ្យអ្នកដទៃមានភាពរីករាយជាមួយនឹងក្ដីស្រលាញ់ មិននិន្ទាឈ្នានីស។ អ្នកមានចិត្តរីករាយអបអរសាទរអ្នកដទៃពេលគេបានសុខ។
៤) ឧបេក្ខា៖ ឧបេក្ខាគឺការប្រកាន់ចិត្តកណ្ដាល មិនលំអៀង។ អ្នកនឹងស្រលាញ់ហ៊ានទទួលយកអ្វីគ្រប់យ៉ាងដោយមិនលំអៀង ព្រោះស្អប់ ស្រឡាញ់ ច្រណែន និន្ទាឈ្នានីស អន់ចិត្ដជាដើម។ អ្នកនឹងក្លាយជាមនុស្សដែលអ្នកផងស្រលាញ់រាប់អាន ពីព្រោះតែការមិនរើសអើង មិនលំអៀងប្រកាន់ក្រ មាន ខ្មៅ ស៕
ដោយ៖ លង់ វណ្ណៈ