បណ្ដុះផ្នត់គំនិតសំខាន់ៗទាំង៥នេះ ដើម្បីទទួលបានភាពជោគជ័យ និង មានសុភមង្គលក្នុងជីវិត!
ផ្នត់គំនិតជារឿងសំខាន់ខ្លាំងណាស់ សម្រាប់ការរស់នៅរបស់មនុស្សគ្រប់គ្នា។ កាលណាការគិតគឺមិនសូវសកម្ម ឬ មិនសូវមានប្រសិទ្ធភាព វានាំឲ្យផលដែលទទួលបានក៏គ្មានអ្វីធំដុំដែរ។ ដូច្នេះហើយ អ្នកគួរបណ្ដុះផ្នត់គំនិតសំខាន់ៗទាំង៥ខាងក្រោមនេះ ដើម្បីជោគជ័យ និង មានសុភមង្គលក្នុងជីវិត៖
១) រក្សាគំនិតវិជ្ជមានចំពោះជីវិតរបស់អ្នក៖ ការគិតវិជ្ជមានចំពោះជីវិតរបស់ខ្លួន គឺជាចំណុចមួយដែលធ្វើឲ្យអ្នកអាចមានសេចក្ដីសុខក្នុងចិត្ត ព្រោះអ្វីៗគឺកើតចេញពីការគិត ហើយបើអ្នកគិតមិនល្អ ឬ ស្អប់ខ្លួនឯង វានាំឲ្យអ្នកបាត់បង់កម្លាំងចិត្តក្នុងការធ្វើអ្វីគ្រប់យ៉ាង។ ដូច្នេះហើយ មិនថាជួបឧបសគ្គអ្វីក៏ដោយ អ្នកត្រូវតែគិតវិជ្ជមានជានិច្ច។
២) សាងភាពជឿជាក់លើខ្លួនឯង៖ មនុស្សជាច្រើនសុខចិត្តបោះបង់ មុនពេលការប្រកួតចាប់ផ្ដើម ព្រោះតែពួកគេគ្មានជំនឿចិត្តលើខ្លួនឯង។ ដូច្នេះហើយ បើអ្នកមិនទាន់មានជំនឿចិត្តលើខ្លួនឯងទេ សូមព្យាយាមបណ្ដុះផ្នត់គំនិតនេះឲ្យបានឆាប់ ព្រោះគ្មានបុគ្គលជោគជ័យណាមួយ រស់នៅដោយគ្មានការជឿជាក់លើខ្លួនឯងឡើយ។ សុភមង្គលក្នុងជីវិតរបស់អ្នក ត្រូវតែចាប់ផ្ដើមពីការជឿជាក់លើខ្លួនឯងជាមុនសិន។
Powered by: Bizkhmer Digital Media
៣) មានសេចក្ដីក្លាហានធ្វើអ្វីដែលខ្លួនពេញចិត្ត៖ អ្នកគ្មានថ្ងៃអាចមានសុភមង្គលបានឡើយ ដរាបណាអ្នកមិនដែលហ៊ានធ្វើអ្វីដែលខ្លួនពេញចិត្ត ឬ អាចនិយាយបានថា ជីវិតរបស់អ្នកគឺស្ថិតក្រោមការរៀបចំរបស់អ្នកដទៃ។ ដូច្នេះហើយ អ្នកមិនគួរអល់អែក ក្នុងការធ្វើអ្វីដែលខ្លួនពេញចិត្តនោះឡើយ។
៤) គិតសុខភាពជារឿងសំខាន់៖ ស្ដេចសង្ឃទីបេ អាឡៃ ឡាម៉ា ធ្លាប់បានលើកឡើងថា មនុស្សជាច្រើនព្យាយាមយកសុខភាពទៅទិញលុយ ហើយនៅពេលមានវ័យចាស់ បែរជាព្យាយាមយកលុយទៅទិញសុខភាពទៅវិញ។ ត្រង់ឃ្លានេះ បញ្ជាក់យ៉ាងច្បាស់ថា នៅពេលខ្លួនមានសុខភាពល្អ មនុស្សមិនសូវគិតថែទាំនោះឡើយ ពោលគឺផ្ដោតសំខាន់តែរឿងលុយប៉ុណ្ណោះ ប៉ុន្តែនៅពេលចាស់បន្តិច សុខភាពក៏ចាប់ផ្ដើមខ្សោយខ្លាំង ហើយក៏ចាប់ផ្ដើមភ័យ ដោយចំណាយលុយយ៉ាងច្រើនដើម្បីព្យាបាល។ ប៉ុន្តែលុយមិនអាចជួយបានគ្រប់យ៉ាងនោះទេ ដូច្នេះត្រូវគិតសុខភាពជាសំខាន់ ព្រោះបើសុខភាពខ្សោយហើយ ទោះមានលុយច្រើនប៉ុណ្ណាក៏ជីវិតគ្មានន័យ។
៥) កុំខ្លាចការបរាជ័យ៖ មនុស្សម្នាក់ៗសុទ្ធតែចង់ជោគជ័យ ប៉ុន្តែបើគ្មានបរាជ័យទេ ក៏គ្មានថ្ងៃស្គាល់ភាពជោគជ័យត្រចះត្រចង់ដែរ។ មានន័យថា បរាជ័យជាមេរៀនដ៏សំខាន់មួយ ដើម្បីពង្រឹងសមត្ថភាពរបស់អ្នក ក្នុងការសាងភាពជោគជ័យដ៏មហិមានៅថ្ងៃខាងមុខ។ ដូច្នេះហើយ បើអ្នកបរាជ័យសូមកុំបាក់ទឹកចិត្ត ឬ ខ្លាចរអា លែងហ៊ានធ្វើអ្វីទៀតឲ្យសោះ ព្រោះវាជាដំណាក់កាលសំខាន់មួយដែលជួយត្រួសត្រាយផ្លូវឆ្ពោះទៅកាន់សុភមង្គលក្នុងជីវិត និង ភាពជោគជ័យ៕
ដោយ៖ អ៊ុន ភក្តី