ម៉ាឡេស៊ី ប្រជែង ថៃ ចង់យកកញ្ឆាធ្វើថ្នាំព្យាបាលជំងឺ
ម៉ាឡេស៊ី ដែលជាប្រទេសដាក់ទោសប្រហារជីវិត ចំពោះបទល្មើសជួញដូរគ្រឿងញៀន កំពុងប្រណាំងប្រជែងជាមួយថៃ ដើម្បីក្លាយជាប្រទេសអាស៊ីដំបូងគេ ដែលស្របច្បាប់ក្នុងការប្រើប្រាស់កញ្ឆា ជាឱសថព្យាបាល។
គណៈរដ្ឋមន្ត្រីម៉ាឡេស៊ី បានពិភាក្សាគ្នាអំពីគុណតម្លៃនៃកញ្ឆា និងហើយក៏បានចាប់ផ្ដើមជជែកខ្លះៗ អំពីការធ្វើវិសោធនកម្មច្បាប់ កាលពីថ្ងៃអង្គារ ក្នុងសាលរដ្ឋាភិបាលនៃទីក្រុង Putrajaya។
ការពិភាក្សានេះ ធ្វើឡើងក្រោយមានការជំទាស់កាត់ទោសប្រហារជីវិតជាសាធារណៈលើ បុរសវ័យ ២៩ឆ្នាំម្នាក់ ពីបទកាន់កាប់ និងចែកចាយប្រេងឱសថកញ្ឆា (medicinal cannabis oil)។
លោកនាយករដ្ឋមន្ត្រី Mahathir Mohamad ក៏បាននិយាយថា សាលក្រម និងច្បាប់ពាក់ព័ន្ធ គួរតែត្រូវបានពិនិត្យឡើងវិញ នៅក្នុងប្រទេសដែលប្រជាជនម៉ូស្លីមជាងពាក់កណ្តាលនៃប្រជាជនមួយនេះ។
គួរបញ្ជាក់ថា កាណាដា ជាប្រទេសដឹកនាំការអភិវឌ្ឍន៍វិស័យឱសថកញ្ឆា ដោយរកបានរាប់ពាន់លានដុល្លារ។ ចំណែកអង្គភាពឱសថរដ្ឋាភិបាលថៃ កំពុងបញ្ចុះបញ្ចូល រដ្ឋាភិបាលយោធារបស់ខ្លួន ដើម្បីសិក្សាពីបញ្ហានេះ។ បន្ថែមលើនេះ ការប្រើប្រាស់កញ្ឆាធ្វើជាថ្នាំព្យាបាលជំងឺ ត្រូវបានគេអនុញ្ញាតក្នុងប្រទេសមួយចំនួនក្នុងទឹកដីអាហ្រ្វិក ៕
ដោយ៖ សុម៉ាលីន
ប្រភព៖ www.businesstimes.com