​គន្លឹះ​​​៥​យ៉ាង​សំខាន់ៗ​ ជួយ​ឲ្យ​គេហទំព័រ​ ​និង Blog របស់​អ្នក​​ឆាប់​ល្បី​ ​រក​ចំណូល​បាន​ច្រើន​!​



បច្ចុប្បន្ន​នេះ ​ដោយសារតែ​​បច្ចេកវិទ្យា ​មាន​​ការ​រីកចម្រើន​ឥត​ឈប់ឈរ ​​មាន​អាជីវកម្ម​ប្រភេទ​អនឡាញ​ជាច្រើន ត្រូវ​បាន​បង្កើត​ឡើង​ ជា​ពិសេស​គេហទំព័រ ​និង Blog ​ដែល​​ផ្ដល់​នូវ​អ្នក​អាន​ជាមួយ​នឹង​អត្ថបទ​ព័ត៌មាន ​ចំណេះដឹង​ បទពិសោធន៍ ​និង​ ​វីដេអូ​កម្សាន្ត​ជា​ដើម​។​ ​នៅ​ពេល​ដែល​​មាន​មនុស្ស​ចូល​មើល​កាន់​តែ​ច្រើន ​នោះ គេហទំព័រ ​និង Blog​ទាំង​នោះ​​នឹង​ងាយ​រក​លុយ​បាន​ច្រើន​​តាមរយៈ​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​​​ដោយ​ផ្ទាល់​ ​ឬ តាមរយៈ Google Adsense​។ ​

ខាងក្រោម​នេះ​ជា​គន្លឹះ​សំខាន់ៗ​៖​​​​​ ​

១) ​មាន​ឈ្មោះ​​​ខ្លី ​និង ងាយ​ចាំ​៖ ​​ត្រូវ​ចងចាំ​ថា ​បច្ចុប្បន្ន​នេះ​​មាន​គេហទំព័រ​ច្រើន​ណាស់ ទាំង​ផ្នែក​ព័ត៌មាន​ ​និង កម្សាន្ត​ ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ប្រកួតប្រជែង​ខ្ពស់​។ ​ដូច្នេះ​ហើយ​មុន​នឹង​សម្រេច​ចិត្ត​បង្កើត​គេហទំព័រ​​គួរ​តែ​ ​ព្យាយាម​ស្វែងរក​ឈ្មោះ​ណា​មួយ​ដែល​ខ្លី ​និង ​ងាយ​ចាំ​ ​ហើយ​វា​ស្រប​ទៅ​នឹង​បរិបទ​ដែល​អ្នក​មើល​​​ឆាប់​ចាប់​អារម្មណ៍​។ ​ធ្វើ​ដូច្នេះ​ ​វា​នឹង​ជួយ​ឲ្យ​​គេហទំព័រ​របស់​លោក​អ្នក​ឆាប់​មាន​ប្រជាប្រិយភាព ​និង អាច​រក​លុយ​តាម​រយៈ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ពី​ក្រុមហ៊ុន​ផ្សេងៗ​ ​និង តាមរយៈ​Google AdSense។

​២) ​​​មាន​​​គោលដៅ​ច្បាស់លាស់៖ ​​​​បើ​ចង់​ឲ្យ​គេហទំព័រ​របស់​អ្នក​ទទួល​បាន​ភាព​ល្បីល្បាញ​ និង ស្ថិតស្ថេរ​យូរអង្វែង​នោះ​ ​អ្នក​ត្រូវ​តែ​មាន​គោលដៅ​ច្បាស់​លាស់​​​។ ​មាន​ន័យ​ថា​ ​​ត្រូវ​តែ​​​រៀបចំ​យុត្តិសាស្ត្រ​យ៉ាងណា​​ឲ្យ​អត្ថបទ ​ឬ វីដេអូ​កម្សាន្ត​របស់​អ្នក​​​មាន​ភាព​ខុសប្លែក​ពី​អ្នក​ដទៃ ​​​ជា​ពិសេស​គឺ ត្រូវ​​​កំណត់​ឲ្យ​ច្បាស់​ថា ​គេហទំព័រ​នោះ​ ​ផ្ដោត​លើ​អ្វី​ឲ្យ​ពិត​ប្រាកដ​ ​​ព្រោះ​បើ​មិន​ដូច្នោះ​ទេ ​​​​​​គេហទំព័រ​អាច​នឹង​ឆាប់​ល្បី​ប៉ុន្តែ​ក៏​អាច​បាត់បង់​​ចំនួន​អ្នក​ចូល​មើល​ផង​ដែរ​។ ​

៣) ​​​ផ្ដោត​លើ​គុណភាព​៖ ​ត្រូវ​ធ្វើ​យ៉ាង​ណា​ ​ព្យាយាម​ពង្រឹង​​ឲ្យ​បាន​នូវ​គុណភាព​អត្ថបទ ឬ​ វីដេអូ​របស់​អ្នក​ឲ្យ​បាន​ល្អ​ជា​ប្រចាំ​ ​ដើម្បី​ជា​ការ​ទាក់ទាញ​របស់​អ្នក​ចូល​មើល​ ​ពោល​គឺ​​«ខ្លី​តែ​ខ្លឹម»​។ ​​បើ​អ្នក​មិន​ផ្ដោត​លើ​គុណភាព ​ហើយ​ធ្វើ​វា​ឲ្យ​តែ​រួច​ពី​ដៃ​នោះ ​ថ្ងៃ​ក្រោយ​ប្រាកដ​ជា​អស់​អ្នក​​ចូល​អាន ​ឬ​ មើល​មិន​ខាន​។

៤) ​រចនាបថ​​ត្រូវ​តែ​​ទាក់ទាញ​ ​និង មាន​របៀប​៖ ​រចនាបថ គឺ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​គេហទំព័រ​នីមួយៗ ​ព្រោះ​​ថា​បើ​ការ​រចនា​​ដែល​មិន​ទាក់ទាញ​​ ​ហើយ​គ្មាន​របៀប​នោះ វា​នឹង​ធ្វើ​ឲ្យ​​​មិន​មាន​ភាព​ទាក់ទាញ​ក្នុង​ការ​ចូល​ទៅ​អាន ឬ ​មើល​នោះ​ឡើយ​។ ​​​​​​​​​

៥) ​ផ្ដល់​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​អ្នក​អាន៖ ​មិន​ថា ជា​ប្រភេទ​អត្ថបទ ឬ វីដេអូ​នោះ​ទេ ​អ្នក​ត្រូវ​ប្រាកដ​ថា ​អ្វីៗ​ទាំង​អស់​នោះ សុទ្ធតែ​មាន​ប្រយោជន៍​សម្រាប់​មនុស្ស​ ​​មិន​មែន​ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​ភ័យខ្លាច តក់ស្លុត​​ ​និង​ ​​បាក់​ទឹកចិត្ត​កាន់​តែ​ខ្លាំង​នោះ​ឡើយ​។ ​មនុស្ស​​គ្រប់​គ្នា​សុទ្ធតែ​ត្រូវការ​ប្រយោជន៍​​ដើម្បី​ ​បម្រើ​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ​ដូច្នេះ​ហើយ​ប្រសិនបើ​អ្នក​អាច​ផ្ដល់​ជា​ចំណេះដឹង​ ឬ ​​ការ​កម្សាន្ត​ដែល​មាន​ប្រយោជន៍​ដល់​ពួកគេ ​នោះ​គ្មាន​ហេតុផល​ណា​ដែល​គេហទំព័រ​របស់​អ្នក​មិន​ល្បី​នោះ​​ឡើយ ​ ​ហើយ​ប្រាកដ​ណាស់​ថា ​​អាច​​រក​ចំណូល​បាន​យ៉ាង​ច្រើន​មិន​ខាន​៕

​​​ដោយ​៖ ​អ៊ុន ​ភក្តី​

X
5s