ប្រយោជន៍ ៤យ៉ាងដែលបង្ហាញថា អ្នកគួរបញ្ចូលផ្លែប័រក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក​



ផ្លែ​ប័រ​ស្ថិត​នៅ​ក្នុង​ចំណោម​កំពូល​ផ្លែឈើ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​បំប៉ន​ច្រើន​បំផុត។ ដោយ​យោង​ទៅ​តាម​គេហទំព័រ www.medicalnewstoday.com ខាងក្រោម​នេះ​ គឺជា​អត្ថប្រយោជន៍​ ៤​យ៉ាង​របស់​ផ្លែ​ប័រ៖

១) សម្បូរ​ដោយ​ជីវជាតិ​បំប៉ន​ដ៏​សម្បូរ​បែប៖ យោង​ទៅ​តាម USDA National Nutrient Database ១​ភាគ​៥​នៃ​ផ្លែ​ប័រ ឬ​ស្មើនឹង​៤០​ក្រាម មាន​កាឡូរី​ចំនួន​៦៤ អាស៊ីដ​ខ្លាញ់​ចំនួន​ជិត​៦​ក្រាម កាបូអ៊ីដ្រាត​ចំនួន​៣.៤​ក្រាម ស្ករ​ចំនួន​តិច​ជាង​១​ក្រាម និង​ជាតិ​សរសៃ​ចំនួន​ជិត​៣​ក្រាម។ លើស​ពី​នេះ​ផ្លែ​ប័រ​គឺជា​ប្រភព​ដ៏​ល្អ​សម្រាប់​ទទួល​បាន​វីតាមីន​សេ អឺ កា និង​បេ​៦ ម៉ាញេស្យូម និង​ប៉ូតាស្យូម ព្រម​ទាំង​មាន lutein បេតា​ការ៉ូទីន និង​អាស៊ីដ​ខ្លាញ់​អូមេហ្កា​៣​ផង​ដែរ។ បើ​ទោះ​ជា​ផ្លែ​ប័រ​មាន​បរិមាណ​អាស៊ីដ​ខ្លាញ់​ខ្ពស់​ក៏​ដោយ ប៉ុន្តែ​វា​គឺជា​អាស៊ីដ​ខ្លាញ់​ល្អ​ដែល​ជួយ​ឲ្យ​អ្នក​ឆ្អែត​បាន​យូរ និង​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ឲ្យ​មាន​លំនឹង។ ទទួលទាន​អាស៊ីដ​ខ្លាញ់​ល្អ​ក៏​ជួយ​គាំទ្រ​សុខភាព​ស្បែក បង្កើត​ការ​ស្រូប​យក​វីតាមីន សារធាតុ​ខនិជ​និង​ជីវជាតិ​បំប៉ន​ដទៃ​ទៀត។

២) មាន​ប្រយោជន៍​សម្រាប់​សុខភាព​បេះដូង៖ ប័រ​ក្នុង​១​អោនស៍​ឬ​ស្មើនឹង​២៨​ក្រាម​មាន​ផ្ទុក​២៥​មីលីក្រាម​នៃ​សមាសធាតុ​គីមី​ម្យ៉ាង​ឈ្មោះ​ថា beta-setosterol។ ទទួលទាន ​beta-setosterol​ ជា​ប្រចាំ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​រក្សា​កម្រិត​កូឡេស្តេរ៉ុល​ឲ្យ​មាន​សុខភាព​ល្អ។

៣) ល្អ​សម្រាប់​ភ្នែក៖ ផ្លែ​ប័រ​មាន​ជាតិlutein​និងzeaxanthin ដែល​ជា​សមាសធាតុ​គីមី​២​ប្រភេទ​ដែល​ត្រូវ​បាន​ប្រមូល​ផ្ដុំ​គ្នា​យ៉ាង​ពិសេស​នៅ​ក្នុង​ជាលិកា​ភ្នែក ហើយ​ដែល​វា​បាន​ផ្ដល់​ការ​ការពារ​ដល់​ភ្នែក​អ្នក​ពី​កាត់បន្ថយ​កាំរស្មី​ស្វាយអ៊ុលត្រា។

៤) ធ្វើឲ្យ​ទារក​មាន​សុខភាព​ល្អ៖ អាស៊ីដ​ហ្វូលិក​ដែល​មាន​វត្តមាន​នៅ​ក្នុង​ផ្លែ​ប័រ​ពិត​ជា​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។ ទទួលទាន​វា​ឲ្យ​បាន​គ្រប់គ្រាន់​នឹង​ជួយ​កាត់បន្ថយ​ហានិភ័យ​ពី​ការ​រលូត​កូន​និង​ទារក​មិន​ពេញ​លក្ខណៈ៕

ដោយ៖ ស្រីពៅ

X
5s