មកដឹងទំហំការវិនិយោគរវាងវៀតណាម-កម្ពុជា ឆ្នាំ ២០១៧-២០១៨
ចាប់តាំងពីដើមឆ្នាំ២០១៨ រហូតមកទល់ពេលនេះ វៀតណាមបានវិនិយោគមកលើប្រទេសកម្ពុជាចំនួន ២០៦ គម្រោងគិតជាទឹកប្រាក់មានតម្លៃសរុប ៣,០២ ពាន់លានដុល្លារ ធ្វើឱ្យប្រទេសមួយនេះ ក្លាយជាវិនិយោគិនបរទេសធំបំផុតលំដាប់ទី៥នៅអាស៊ី និងជាដៃគូពាណិជ្ជកម្មធំបំផុតនៅអាស៊ីអាគ្នេយ៍។
ចំណែកកម្ពុជា បានវិនិយោគ ១៨ គម្រោងក្នុងប្រទេសវៀតណាម សរុបជាទឹកប្រាក់ប្រមាណ ៥៨,១ លានដុល្លារ។
កាលពីឆ្នាំ ២០១៧ ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានទំហំទឹកប្រាក់ ៣,៨ពាន់លានដុល្លារ កើន២៩% បើធៀបនឹងឆ្នាំ២០១៦។
រយៈពេល ៧ខែ ក្នុងឆ្នាំ២០១៨នេះ ពាណិជ្ជកម្មរវាងសមាជិកអាស៊ានទាំងពីរនេះ មានទំហំ ២,៧ពាន់លានដុល្លារ កើន ១៨,៧% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។
ក្នុងវេទិកាស្ដីពីការជំរុញ ការវិនិយោគ និងពាណិជ្ជកម្មកម្ពុជា ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃសុក្រ បានបង្ហាញពីការវិវឌ្ឍថ្មី លើគោលនយោបាយសហគ្រាស នៃប្រទេសទាំងពីរ និងការបង្កើតឧកាស ដើម្បីបង្កើនអាជីវកម្ម។ វេទិកានេះជាផ្នែកនៃកិច្ចប្រឹងប្រែង ជួយកម្ពុជា និងវៀតណាម បានឈានដល់គោលដៅក្នុងទំហំពាណិជ្ជកម្ម ៥ពាន់លានដុល្លារអាមេរិក នាថ្ងៃអនាគត។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១២ដល់២០១៧ កំណើន GDP ជាមធ្យមរបស់កម្ពុជាមាន ៧%៕
ដោយ៖ សុម៉ាលីន
ប្រភព៖ vietnamnews.vn