ពាណិជ្ជកម្ម e-commerce រវាងចិន-អាស៊ាននឹងកើន ៥០% ឆ្នាំ២០១៨
ទំហំពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) រវាងចិន និងប្រទេសសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងកើនឡើង ៥០% ក្នុងឆ្នាំ២០១៨នេះ ដោយសារមានការសម្របសម្រួលពាណិជ្ជកម្ម។ នេះបើផ្អែកតាមរបាយការណ៍។
ផលិតផលរបស់ចិន និងអាស៊ាន មានភាពរឹងមាំខ្លាំង។ បណ្ដាប្រទេសអាស៊ាន មានតម្រូវការខ្ពស់ ចំពោះផលិតផលឧស្សាហកម្ម ដែលមានតម្លៃខ្ពស់ពីប្រទេសចិន ចំណែកកុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ក៏មានការនាំចេញខ្ពស់។
ថ្មីៗនេះ ចិនអភិវឌ្ឍ និងវិនិយោគយ៉ាងខ្លាំងក្លាណាស់លើ e-commerce តួយ៉ាងចិនបានចូលក្នុងប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី។ ការវិនិយោគរបស់ក្រុមហ៊ុនចិននៅអាស៊ាន មានដូចជា សេវាលើការបង់ថ្លៃ ការដឹកជញ្ជូន និងកម្មវិធីទូរសព្ទ។
លោក Zhao Ping ប្រធាននាយកដ្ឋានស្រាវជ្រាវពាណិជ្ជកម្មអន្តរជាតិក្រោមការឧបត្ថម្ភរបស់បណ្ឌិត្យសភាចិន សម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ បាននិយាយថា វាមានសក្ដានុពលដ៏ធំធេងណាស់ ចំពោះក្នុងពាណិជ្ជកម្មអេឡិចត្រូនិក ឆ្លងកាត់ព្រំដែនរវាងចិន និងអាស៊ាន។
លោក Zhao Ping ថា ផលិតផលនាំចូលសំខាន់របស់ចិន ពីអាស៊ានមានដូចជា ផលិតផលកសិកម្ម និងផលិតផលមានគុណភាពខ្ពស់ ដូចជា ផលិតផលសុខភាព ខ្នើយ អាហារ ទឹកដោះគោ ភេសជ្ជៈ អាហារសម្រន់ និងស្រូវ។
ការវិនិយោគរវាងភាគីទាំងពីរ សកម្មមែនទែនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជា ក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba បានហក់ចូលក្នុងទីផ្សារអាស៊ាន ខណៈក្រុមហ៊ុនធំលំដាប់ទី២របស់ចិន JD បានសហការជាមួយក្រុមហ៊ុនថៃ Central Group Co Ltd ដើម្បីផ្ដល់សេវា e-comerce និងហិរញ្ញវត្ថុដល់អតិថិជន។
ទោះបីជាយ៉ាងណា បើតាមរបាយការណ៍របស់ CCPIT Academy កម្រិតពាណិជ្ជកម្ម e-commerce ឆ្លងកាត់ព្រំដែន រវាងចិននិងអាស៊ាន ចាំបាច់ត្រូវអភិវឌ្ឍបន្ថែម។ យោងតាមការស្រាវជ្រាវ សហគ្រាសភាគច្រើន យល់ថា ពាណិជ្ជកម្ម e-commerce ឆ្លងកាត់ព្រំដែន រវាងចិននិងអាស៊ាន នៅមានកម្រិតមធ្យមនៅឡើយ។
ដើម្បីដោះស្រាយបញ្ហានេះ CCPIT Academy ផ្ដល់យោបល់ថា ការគ្របដណ្ដប់អ៊ីនធឺណិត ច្បាប់ការដឹកជញ្ជូន ច្បាប់ e-commerce បទបញ្ជាផ្សេងៗ បរិយាលកាសគោលនយោបាយ និងហេដ្ឋារចនាសម្ពន្ធរវាងចិន និងអាស៊ាន គួរត្រូវតែពង្រឹងឱ្យបានខ្លាំង៕
ដោយ៖ សុម៉ាលីន
ប្រភពៈ http://www.nationmultimedia.com