ចក្ខុវិស័យរបស់ក្រុមហ៊ុនសែលកាតលើបណ្ដាញសេវា 5G ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីគណៈប្រតិភូចិន
ភ្នំពេញថ្ងៃ14 ខែកញ្ញា ឆ្នាំ 2018 ៖ ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុនសែលកាតកាលពីម្សិលមិញ លើចក្ខុវិស័យនៃបណ្ដាញសេវា 5G នៅប្រទេសកម្ពុជា បានទទួលការអបអរសាទរយ៉ាងច្រើន នៅលើវេទិកាអំពីប្រព័ន្ធឌីជីថល Silk Road និង កិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម (Digital Silk Road and Industrial Cooperation Forum) នៅទីក្រុង Nanning ប្រទេសចិន។
នៅក្នុងកម្មវិធីនេះ មានគណៈប្រតិភូក្នុងជួររដ្ឋាភិបាល និងអ្នកជំនួញជាង ៥០០នាក់បានចូលរួម ហើយវេទិកានេះបានផ្សព្វផ្សាយយ៉ាងទូលំទូលាយជាងមុនទៅកាន់ទីក្រុង៣ផ្សេងទៀត ក្នុងរយៈពេលមួយសប្តាហ៍ និងមានអ្នកចូលរួមជាង ២,០០០នាក់។
វេទិកានេះត្រូវបានរៀបចំឡើងដោយ China-ASEAN Information Harbour ដែលផ្តោតលើការបង្កើតទំនាក់ទំនងរវាងប្រទេសចិន និង ប្រទេសមកពីសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។
ការធ្វើបទបង្ហាញរបស់ សែលកាត ថ្ងៃនេះ បានបង្ហាញពីបទពិសោធន៍ប្រើប្រាស់បណ្ដាញសេវា 5G ដែលអាចអនុវត្តន៍នៅប្រទេសកម្ពុជា ហើយអ្វីដែលសំខាន់នោះគឺដើម្បីពង្រឹងគុណភាពជីវិត និង សេដ្ឋកិច្ចជាតិ។
លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បាននិយាយថា លោកពិតជាសប្បាយរីករាយយ៉ាងខ្លាំងនឹងភាពជោគជ័យនៃការធ្វើបទបង្ហាញនេះ។
លោកបន្ថែមថា៖ «ចាប់តាំងពីយើងដាក់ដំណើរការបណ្ដាញសេវាលំដាប់ពិភពលោក 4G LTE មក ក្រុមហ៊ុនសែលកាតបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីទូទាំងតំបន់។»
«ពួកយើងជឿជាក់ថា ការទទួលស្គាល់ពីភាពវិជ្ជមានមកលើក្រុមហ៊ុន សែលកាត គឺជាការទទួលស្គាល់មកលើប្រទេសកម្ពុជាផងដែរ។ ពួកយើងកំពុងខិតខំប្រឹងប្រែងវិវឌ្ឍន៍ទៅរកបណ្ដាញសេវា5G ហើយធានាគុណភាពនៃការប្រើប្រាស់នាពេលអនាគតក្នុងការជួយពង្រឹងគុណភាពជីវិត និង សេដ្ឋកិច្ចជាតិទាំងមូលនៅកម្ពុជា។»
លើសពីនេះទៀត លោក វ៉ាត់សុន បានថ្លែងអំណរគុណដល់ អ្នកឧកញ៉ា គិត ម៉េង ដែលជាប្រធានក្រុមហ៊ុនក្នុងការជួយជ្រុមជ្រែង និង ដឹកនាំក្រុមហ៊ុនរ៉ូយាល់គ្រុប (Royal Group) លើវិស័យឌីជីថលនៅប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា លោក វ៉ាត់សុន នឹងធ្វើជាវាគ្មិនកិតិ្តយសក្នុងខែនេះ នៅឯសន្និសីទ 5G Asia ក្នុងប្រទេសសិង្ហបុរី។