ស្វែងយល់ពីនីតិវិធីនៃការចុះបញ្ជីពន្ធដារ តើ​គេ​ធ្វើ​ឡើង​ដោយ​របៀបណា?​



១.ជាទូទៅកាតព្វកិច្ចចុះបញ្ជីពន្ធដារត្រូវធ្វើនៅឯណា? នៅពេលណា? បុគ្គលទាំងឡាយ ត្រូវទៅចុះបញ្ជីពន្ធរដ្ឋបាលសារពើពន្ធក្នុងរយៈពេល១៥ ថ្ងៃនៃថ្ងៃធ្វើការ ក្រោយពីបុគ្គលនោះចាប់ផ្តើមធ្វើសកម្មភាពសេដ្ឋកិច្ច (ប្រតិបត្តិការអាជីវកម្ម) ឬ ក្រោយពីពេលទទួលបានលិខិតបញ្ជាក់ការចុះ បញ្ជីនៅក្រសួងពាណិជ្ជកម្ម ឬ លិខិតអនុញ្ញាតចេញដោយ ក្រសួង ឬ ស្ថាប័នពាក់ព័ន្ធ។

២.ការស្នើសុំចុះបញ្ជីពន្ធដារធ្វើឡើងដូចម្តេច? ដោយមានការកែប្រែប្រព័ន្ធនៃការចុះបញ្ជីពន្ធដារ សម្រាប់សហគ្រាសនីតិបុគ្គល ឬ ក្រុមហ៊ុនអាជីវកម្មឬ សហគ្រាសឯកបុគ្គលថ្មីទាំងឡយដែលមិនទាន់ដំណើរការសកម្មភាពសេដ្ឋកិច្ច ឬ ចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ចដែលតិចជាង ១៥ ថ្ងៃនៃថ្ងៃធ្វើការ ហើយដែលមានកាតព្វកិច្ចចុះបញ្ជីពន្ធដារ ត្រូវស្នើសុំចុះបញ្ជីដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធ (នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ត្រូវធ្វើនៅការិយាល័យសេវាកម្មអ្នកជាប់ពន្ធ និងចុះបញ្ជី) ឬ ចុះតាមប្រព័ន្ធអេឡិចត្រូនិកនៅលើគេហទំព័រអគ្គនាយកដ្ឋានពន្ធដារ https://cambodia.tax.gov.kh ដោយត្រូវបំពេញទម្រង់ចុះបញ្ជីដែលបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ និងតម្រូវឲ្យភ្ជាប់មកជាមួយនូវឯកសារសម្រាប់ចុះបញ្ជីពន្ធ។

៣.តើសហគ្រាសដែលត្រូវចុះបញ្ជីពន្ធដារ តាមរបបស្វ័យប្រកាសត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ? លក្ខខណ្ឌដែលសហគ្រាសត្រូវចុះបញ្ជីពន្ធដារតាមរបបស្វ័យប្រកាសរួមមាន៖ ក.លក្ខខណ្ឌបុគ្គល ប្រធានក្រុមប្រឹក្សាភិបាល ឬ ម្ចាស់សហគ្រាស ឬប្រធានអង្គការ ត្រូវមកថតរូបស្កេនម្រាមដៃផ្ទាល់នៅរដ្ឋបាលសារពើពន្ធ (នាយកដ្ឋានអ្នកជាប់ពន្ធធំត្រូវមកការិយាល័យសេវាអ្នកជាប់ពន្ធ និងចុះបញ្ជី) និងត្រូវបំពេញព័ត៌មានក្នុងទម្រង់ដែលបានកំណត់ដោយរដ្ឋបាលសារពើពន្ធ ហើយភ្ជាប់ជាមួយឯកសារមួយចំនួន។ ខ.លក្ខខណ្ឌសំណុំឯកសារ ដើម្បីកាត់បន្ថយ ឬរង់ចាំថតចម្លងដែលមានបញ្ជាក់ពីក្រសួងស្ថាប័នសាមី ឬមានសមត្ថកិច្ច អគ្គនាយកដ្ឋានពន្ធដារ ការិយាល័យសេវាអ្នកជាប់ពន្ធ និងចុះបញ្ជីពន្ធដារក៏ទទួលយកឯកសារថតចម្លងផងដែរ។ ប៉ុន្តែអ្នកចុះបញ្ជីត្រូវភ្ជាប់ជាមួយឯកសារច្បាប់ដើមសម្រាប់មន្រ្តីចុះបញ្ជីបញ្ជាក់ថា បានថតចម្លើងចេញពីច្បាប់ដើមត្រឹមត្រូវ។ ចំពោះសំណុំឯកសារសម្រាប់ចុះបញ្ជីរបស់រោងចក្រ សហគ្រាសនីតិបុគ្គល សហគ្រាសឯកបុគ្គល សូមចុចមើលអត្ថបទ៖ ចង់ចុះបញ្ជីពន្ធដារ អ្នកត្រូវត្រៀមឯកសារអ្វីខ្លះ?

៤.នៅពេលបំពេញលក្ខខណ្ឌខាងលើរួចហើយ តើត្រូវចំណាយពេលប៉ុន្មានសម្រាប់ទទួលបានវិញ្ញាបនបត្រចុះបញ្ជី? -ចំពោះការចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ (ការិយាល័យសេវាអ្នកជាប់ពន្ធ និងចុះបញ្ជី) តាមរយៈការបំពេញពាក្យស្នើសុំចុះបញ្ជីពន្ធដារអាចនឹងចំណាយរយៈពេលពី ៧ ថ្ងៃទៅ ១០ ថ្ងៃនៃថ្ងៃធ្វើការក្នុងការចេញវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ និងសម្គាល់ការចុះបញ្ជីពន្ធដារដោយរដ្ឋបាលសារពើពន្ធសម្រាប់ផ្តល់ភាពងាយស្រួលក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ។ -ចំពោះការចុះបញ្ជីតាមរយៈពេលប្រព័ន្ធអេឡិចត្រូនិក (E-Registration) តាមរយៈគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ http://www.tax.gov.kh អាចនឹងចំណាយពេលពី ១ថ្ងៃទៅ ៧ថ្ងៃនៃថ្ងៃធ្វើការក្នុងការចេញវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ និងប័ណ្ណសម្គាល់ការចុះបញ្ជីពន្ធដារដោយរដ្ឋបាលសារពើពន្ធ។ សម្គាល់៖ ទោះជាត្រូវចុះបញ្ជីតាមប្រព័ន្ធអេឡិចត្រូនិកក៏ដោយ ក៏ប្រធានក្រុមប្រឹក្សាភិបាល ឬ ម្ចាស់សហគ្រាស ឬ ប្រធានអង្គការត្រូវមកថតរូបស្កេនម្រាមដៃផ្ទាល់នៅរដ្ឋបាលសារពើពន្ធ (នាយកដ្ឋានជាប់ពន្ធធំត្រូវមកការិយាល័យអ្នកជាប់ពន្ធ និងចុះបញ្ជី) ដដែល។

៥.តើកម្រៃសេវាកម្មចុះបញ្ជីពន្ធដារថ្លៃប៉ុន្មាន? កម្រៃសេវាកម្មចុះបញ្ជីពន្ធដារមានដូចខាងក្រោម៖ -០ រៀលសម្រាប់ស្ថាប័នរដ្ឋថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បេសកកម្មទូត កុងស៊ុលបរទេស អង្គការអន្តរជាតិ ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា និងគណបក្សនយោបាយ -២០ ០០០ រៀល (៥ ដុល្លារ) សម្រាប់អ្នកជាប់ពន្ធតូច និងអ្នកជាប់ពន្ធដែលមានកម្រិតផលរបរប្រចាំ ឆ្នាំក្រោម ២៥០ លានរៀល (៦២ ៥០០ ដុល្លារ) ឬ មានផលរបរក្នុងរយៈពេល ៣ ខែណាមួយដែលបញ្ចប់ក្នុងឆ្នាំប្រតិទិនចរន្តក្រោម ៦០ លានរៀល (១៥ ០០០ ដុល្លារ) -៤០០ ០០០ រៀល (១០០ ដុល្លារ) សម្រាប់អ្នកជាប់ពន្ធមធ្យម អ្នកជាប់ពន្ធធំ សមាគម និងអង្គការនានាដែលបានស្នើសុំ។ សូមបញ្ជាក់ថា នីតិវិធីនៃការចុះបញ្ជីពន្ធដារ និងការបង់ពន្ធត្រូវធ្វើនៅកន្លែងផ្សេងគ្នា។ បើចង់ចុះបញ្ជីពន្ធដារ អ្នកត្រូវទៅធ្វើនៅអគ្គនាយកដ្ឋានពន្ធដារដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំពោះការបង់ប្រាក់ពន្ធផ្សេងៗវិញ គឺអ្នកត្រូវទៅបង់ពន្ធនៅសាខាពន្ធដារដែលស្ថិតនៅក្នុងការិយាល័យពន្ធដារណាមួយនៅក្នុងក្រុង/ខេត្តដែលអាជីវកម្មនោះតាំងនៅ។ ចង់ស្វែងយល់ឲ្យកាន់តែស៊ីជម្រៅពីនីតិវិធីចុះបញ្ជីពន្ធដារ សូមមើលប្រកាសលេខ លេខ ៤៩៦ សហវ ស្តីពីការចុះបញ្ជីពន្ធដារ៕

ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ

X
5s