​​​​អាកាសធាតុ​ត្រជាក់​អីចឹង​ តើ​ត្រូវ​ថែ​រក្សា​ស្បែក​របស់​អ្នក​ដូច​ម្តេច?​​



អាកាស​ធាតុ​​បាន​ចាប់​ផ្តើមប្រែប្រួលជាត្រជាក់​ហើយ មិន​ថា​នៅ​ប្រទេស​កម្ពុជា​​​ទេ​ នៅ​​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ក៏​ត្រជាក់​ដែរ។ ​ក្នុង​ស្ថានភាព​អាកាសធាតុ​​ត្រជាក់​បែប​នេះ​ តើ​លោក​អ្នក​ ជា​​ពិសេស​សុភាព​នារី​​ គួរ​ថែ​ទាំ​ស្បែក​របស់​អ្នក​តាម​វិធី​ណា​ទៅ?

ក) ការ​ពារ​ស្បែក​នៅ​ពេល​នៅ​ក្រៅ​​ផ្ទះ​ ​ជា​ការ​ពិត​ នៅ​ពេល​ដែល​អាកាស​ធាតុ​កាន់​តែ​ត្រជាក់​ ម៉ូលេគុល​ទឹក​នៅ​ក្នុង​ស្បែក​របស់​អ្នក​ងាយ​នឹង​​ឆាប់​អស់​ ​ហើយ​ស្បែក​ឡើង​ស្ងួត។ ​ដូច្នេះ​​ដើម្បី​កុំ​ឱ្យ​ស្បែក​របស់​អ្នក​មាន​បញ្ហា​នោះ​ គឺ​ត្រូវ​តែ​​​​គិត​លើ​ចំណុច​ពីរ​គឺ​ ត្រូវ​​ជ្រើស​រើស​សំលៀក​បំពាក់​ឱ្យ​បាន​ត្រឹម​ត្រូវ​ និង​ត្រូវ​​​ជ្រើស​រើស​ប្រភេទ​​ក្រែម​ឱ្យ​បាន​ត្រូវ​ផង​ដែរ។ ​​លោក​អ្នក​ត្រូវ​ស្លៀក​ពាក់​អាវ​រងា​ ហើយ​ត្រូវ​លាប​ក្រែម​ ដែល​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​មាន​សំណើម​មុន​ពេល​ដែល​​ស្លៀក​ពាក់​អាវ​រងា​ និង​មុន​ចេញ​ក្រៅ​​ផ្ទះ។  

ខ) ការ​ពារ​ស្បែក​នៅ​ពេល​នៅ​ក្នុង​ផ្ទះ​ ​​នៅ​ពេល​ត្រជាក់​ កុំ​ងូត​ទឹក​យូរ​ពេក​ ជា​ពិសេស​មិន​​ត្រូវ​ងូត​ទឹក​ក្ដៅ​ពេក​នោះ​ទេ។ ​បើ​សិន​លោក​អ្នក​ងូត​ទឹក​ក្ដៅ​ខ្លាំង​ពេក​​ គឺ​វា​នឹង​បំផ្លាញ​​ប្រេង​ធម្មជាតិ​នៅ​លើ​ស្បែក​​ ដែល​ធ្វើ​ឱ្យ​ស្បែក​មាន​បញ្ហា​បាន។​ ត្រូវ​ងូត​ឱ្យ​បាន​ឆាប់​ ពោល​គឺ​ឆាប់​ជាង​​នៅ​រដូវ​ក្ដៅ។ ​បបូរ​មាត់​របស់​អ្នក​ ក៏​គួរ​ជ្រើស​រើស​ក្រែម​ ឬ​ប្រេង​​ធម្មជាតិ​​មួយ​ចំនួន​លាប​ឱ្យ​មាន​សំណើម​ (ក្រាស់​បន្តិច) ​ដើម្បី​កុំ​​ឱ្យ​ស្ងួត​នៅ​ពេល​យប់​ ហើយ​នៅ​ពេល​ថ្ងៃ​លោក​អ្នក​​​គួរ​តែ​លាប​ផង​ដែរ​៕​ 

ដោយ៖ រតនៈ វិភូ​

X
5s