ចង់ចុះបញ្ជីពន្ធដារ អ្នកត្រូវត្រៀមឯកសារអ្វីខ្លះ?
យោងតាមនីតិវិធីធ្វើអាជីវកម្ម មុនពេលអ្នកទៅចុះបញ្ជីពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ អ្នកចាំបាច់ត្រូវបញ្ចប់ដំណើរការ នៃការចុះឈ្មោះក្រុមហ៊ុនទាំងអស់នៅក្រសួងពាណិជ្ជកម្មជាមុនសិន លើកលែងតែករណីដែលលោកអ្នកស្ម័គ្រចិត្តទៅបង់ពន្ធ និងចុះបញ្ជីក្នុងក្របខណ្ឌជាអ្នកជាប់ពន្ធតូចដោយផ្អែកទៅលើផលរបររបស់លោកអ្នក។ ការចុះឈ្មោះក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម គឺជាជំហានដំបូងបំផុតដែលបញ្ជាក់ថា អាជីវកម្មរបស់អ្នកត្រូវបានទទួលស្គាល់ដោយច្បាប់ ហើយការចុះបញ្ជីពន្ធដារគឺជាការបង្ហាញកាតព្វកិច្ចរបស់អ្នកដើម្បីរួមចំណែកបង់ពន្ធជូនរដ្ឋ។
ចំពោះឯកសារតម្រូវសម្រាប់ការចុះបញ្ជីពន្ធដារគឺមានភាពដូចគ្នា និងខុសគ្នាមួយចំនួនបើប្រៀបធៀបទៅនឹងឯកសារនានាដែលចាំបាច់សម្រាប់ការចុះបញ្ជីពាណិជ្ជកម្ម។ សូមចុចទីនេះដើម្បីស្វែងយល់ពីឯកសារដែលអ្នកត្រូវត្រៀមទុកជាមុននៅមុនពេលចុះបញ្ជីពាណិជ្ជកម្ម។
ឯកសារត្រៀមសម្រាប់ការចុះបញ្ជីពន្ធដារគឺរួមមាន៖ -លិខិតបញ្ជាក់ការចុះបញ្ជីដែលចេញដោយក្រសួងពាណិជ្ជកម្ម ឬ ក្រសួង ស្ថាប័នពាក់ព័ន្ធ -លក្ខន្តិកៈក្រុមហ៊ុន (សហគ្រាសនីតិបុគ្គល) -លិខិតបញ្ជាក់ការតម្កល់ដើមទុនចុះបញ្ជីនៅធនាគារ -អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែននៃម្ចាស់ភាគហ៊ុន -សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ - លិខិតបញ្ជាក់ទីលំនៅសម្រាប់សហគ្រិនឬ ម្ចាស់អាជីវកម្មចេញដោយអាជ្ញាធរមានសមត្ថកិច្ច (សម្រាប់ជនបរទេស - ប័ណ្ណកម្មសិទ្ធិកាន់កាប់ទីតាំង ឬកិច្ចសន្យាជួលទីតាំងប្រកបអាជីវកម្ម -លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធលើអចលនទ្រព្យ ឬព័ត៌មានអចលនទ្រព្យ (ប្រសិនបើមាន) -ឯកសារយោងនៃជំនាញឯកទេសធ្វើអាជីវកម្មដូចជា ការប្រឹក្សាយោបល់ គណនេយ្យ ពន្ធ ជាដើម -អាជ្ញាប័ណ្ណដែលចេញដោយក្រសួង ស្ថាប័ន មានសមត្ថកិច្ច (ប្រសិនបើមាន) -វិញ្ញាបនបត្រចុះបញ្ជីរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ឬ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត (សម្រាប់គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់) -រូបថតបច្ចុប្បន្នភាពដែលមានទំហំ ៣៥x៤៥ មិល្លីម៉ែត្រចំនួន ១ សន្លឹករបស់អភិបាល ម្ចាស់ភាគហ៊ុន បណ្ណាធិការ អ្នកតំណាង៕
ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ